"កម្ពុជា​ពុំ​ទាន់​សុខ​សន្តិភាព​ពេញ​លេញ​ដែល​ក្លាយ​ជា​គោលដៅ​ទេសចរ​នៅឡើយ​ទេ"

ដោយ ទីន ហ្សាការីយ៉ា
2018-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

ប្រជាពលរដ្ឋ និង​អ្នកវិភាគ មើល​ឃើញ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ និង​មិន​ទាន់​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ធំ នៅ​អាស៊ី​នៅឡើយ​ទេ ព្រោះតែ​កត្តា​ជម្លោះ​នយោបាយ បញ្ហា​អសន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន អះអាង​ថា សន្តិភាព​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ សំដែង​មតិ​ផ្សេងគ្នា ពី​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​និយាយ​មុន​ពេល​បោះឆ្នោត​ថា ប្រទេស​កម្ពុជា កំពុងតែ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ដំ​បំផុត ព្រោះតែ​សន្តិភាព​ដែល​របប​លោក​ខិតខំ​ដណ្ដើម​បាន​និង​ការពារ​រហូត​មក។

បុរស​ម្នាក់​ដែល​មាន​បទ​ពិសោធ​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​ជិត ១០​ឆ្នាំ នៅ​នៅ​តំបន់​ទេសចរ​ដ៏​​ធំ​មួយ នាទី​រួម​ខេត្ត​សៀមរាប លោក ធាតុ ថា រៀបរាប់​ថា ភាព​កក់ក្ដៅ​នៃ​សន្តិភាព​ដែល​លោក​ហ៊ុន សែន តែងតែ​អួត​នោះ គឺ​គ្រាន់តែ​ជា «ភាព​កក់ក្ដៅ​ដូច​ការ​អាំង​ផេះ» ប៉ុណ្ណោះ។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ មិន​ឃើញ​សម្រុក​មក​ប្រទេស​កម្ពុជា​ជា​ហូរហែ​ច្រើន ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ទេ។ «»

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​រូប​នេះ បន្ថែម​ថា មូលហេតុ​ដែល​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រហែល​អាច​បណ្ដាល​មក​ពី​ជម្លោះ​នយោបាយ និង​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​ជាដើម។ លោក​ឲ្យ​ដឹង​ដែរ ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​នេះ ធ្វើ​ឲ្យ​អ្នកបម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ដូច​លោក ពុំ​សូវ​រក​ចំណូល​បាន​ច្រើន​ដូច​មុន​ឡើយ។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ ប្រជាពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ រៀបរាប់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សុខ​សន្តិភាព​ពេញលេញ ហើយ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី​នោះ​ទេ។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ប្រហែល​ជា​មាន​ចេតនា ចង់​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ ដើម្បី​កេង​ចំណេញ​សន្លឹកឆ្នោត​ពី​រឿង​សន្តិភាព នៅ​ពេល​បោះឆ្នោត​មក​ដល់​ប៉ុណ្ណោះ។ «»

ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា សង្ក្រាន្ត​អង្គរ ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ​គឺ​បាន​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ មិន​ថា​តែ​នៅ​សៀមរាប​អង្គរ​ទេ គឺ​នៅ​តាម​តំបន់​សមុទ្រ​ក៏ មាន​ភ្ញៀវ​ទេសចរ​ច្រើន​ដែរ។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ដែរ ខណៈ​ដែល​ជើង​ហោះហើរ​កំពុង​ប្រកួតប្រជែង និង​មាន តម្លៃ​ថោក។

លោក ហ៊ុន សែន សរសេរ​បន្ថែម​ទៀត​ថា កម្ពុជា​ពេលនេះ កំពុង​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ បំផុត​មួយ​នៅ​អាស៊ី ខណៈ​ដែល​ជនរួមជាតិ​កំពុង​រស់នៅ​សុខសាន្ត និង​ស្រប​ពេល​ប្រទេសជាតិ​កំពុង រីកចម្រើន​បោះជំហាន​ទៅមុខ គឺ​ដោយសារ​តែ​មាន​សន្តិភាព​ពេញលេញ​អស់​រយៈ ពេល​ជាង​២០​ឆ្នាំ មក​ហើយ។ លោក ហ៊ុន សែន បន្ត​ថា មិន​ត្រូវ​អោយ​សន្តិភាព របូត​ចេញពី​ដៃ​នោះ​ទេ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

រីឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ថ្វី​ដ្បិតតែ​កម្ពុជា ពុំ​មាន​សង្គ្រាម​ប្រដាប់​អាវុធ ដូច​នៅ​ប្រទេស​ថៃ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​មូស្លីម​ថៃ (Muslim) នៅ​ភាគ​ខាងត្បូង​ក្តី ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កម្ពុជា នៅតែ​មិន​អាច ប្រៀបធៀប​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​ថៃ និង​ប្រទេសជិតខាង​បាន​ដែរ។ «»

លោក​បណ្ឌិត មាស នី សម្ដែង​ការ​ព្រួយបារម្ភ​ដែរ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​បន្ត​អាប់អួ​ទៀត នោះ វា​នឹង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែរ។ លោក​បន្ថែម​ថា ទោះបីជា​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា កម្ពុជា​មាន​សន្តិភាព​ក្តី ប៉ុន្តែ​ការពិត គឺ​នៅ​មិន​ទាន់​មាន​សន្តិភាព​ផ្លូវចិត្ត​ក្នុង ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ បន្ទាប់​ពី​ឆន្ទៈ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាង ៣​លាន ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ និង​រំលោភ​យក។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ធ្វើ​យ៉ាងណា​ធានា ឲ្យ​មានការ​ឯកភាព​ជាតិ​ឡើងវិញ។ «»

របាយការណ៍​ក្រសួងទេសចរណ៍​ស្ដីពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ បញ្ជាក់​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ ណី​ជាតិខ្មែរ មាន​ចំនួន​ជាង ៥​លាន ១​សែន​នាក់ (,១១២,៩៦៩)។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ (៨៨,១៩១​នាក់)។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ដំណើរ​កម្សាន្ត អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន​ជិត ២​លាន​នាក់​។ ប៉ុន្តែ​ពលរដ្ឋ​ប្រកប​អាជីវកម្ម​អាស្រ័យ​វិស័យ​ទេសចរណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​មាន​ចំនួន​តិចតួច ក្នុង​ពេល​ចូល​ឆ្នាំថ្មី។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ ផ្ដល់​យោបល់​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​នោះ របប លោក ហ៊ុន សែន និង​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​លើ​ការ​ពង្រឹង​ធនធានមនុស្ស សេវាកម្ម អភិវឌ្ឍន៍​លើ​តំបន់​ទេសចរណ៍ រៀបចំ​សណ្ដាប់ធ្នាប់ និង​លុបបំបាត់​អំពើ​អសន្តិសុខ​ជាដើម។ លើស​ពី​នេះ របប លោក ហ៊ុន សែន ក៏​ល្មម​ដល់​ពេល​ដែល​គួរតែ​យក​បទពិសោធន៍​នៃ​វិនាសកម្ម​ពី​ការ​បែកបាក់​គ្នា​នេះ មក​ធ្វើជា​មេរៀន​ដើម្បី​ប្រែក្លាយ​ជាតិ​ឲ្យ​មាន​សាមគ្គីភាព និង​អភិវឌ្ឍ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​ជាជាង​គ្រាន់​អួត​ក្ដែងៗ ដើម្បី​ស្វែងរក​សន្លឹកឆ្នោត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល