អ្នក​ភូមិ​នៅ​ស្រុក​ខ្សាច់កណ្ដាល​មាន​ជីវភាព​ធូរធារ​នឹង​របរ​តម្បាញ

ដោយ ប្រាជ្ញ ចេវ
2016-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្បាញ​ហូល​ធ្វើ​ពី​សរសៃ​សូត្រ។
អ្នក​ភូមិ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្បាញ​ហូល​ធ្វើ​ពី​សរសៃ​សូត្រ។
RFA/Brach Chev

ក្រុម​សមាគម​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ជាពិសេស​គឺ​ស្ត្រី​មេម៉ាយ មាន​ជីវភាព​ធូរធារ​ក្នុង​ការ​ប្រកប​របរ​តម្បាញ​សូត្រ​ចេញ​ពី​ដង្កូវនាង។ សមាជិក​សហគមន៍​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការងារ​នេះ ព្រោះ​ពួកគេ​យល់​ថា ជា​ការងារ​ថែ​រក្សា​ប្រពៃណី​សល់​ពី​ដូនតា និង​ក៏​មិន​ពិបាក​អង្គុយ​ហាល​ថ្ងៃ​ហាល​ភ្លៀង​ដែរ។

នៅ​លើ​រាន​ហាល​ដំបូល​ប្រក់​ស្បូវ គ្មាន​ជញ្ជាំង​បិទបាំង គេ​ឮ​សំឡេង​ជជែក​សាសង​គ្នា​អម​ដោយ​សំឡេង​កី​របស់​ស្ត្រី​តម្បាញ​មួយ​ក្រុម។ ប្រជា​សហគមន៍​ប្រមាណ ១០​នាក់ រួម​គ្នា​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​អ្នក​ខ្លះ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ដង្កូវនាង បេះ​ស្លឹក​មន ដាំ​ទឹក​ហូត​សូត្រ និង​អ្នក​ខ្លះ​ត្បាញ​ហូល​ផាមួង។

​ទម្រាំ​បាន​ហូល​ផាមួង​មួយ​ក្បិនៗ ទាមទារ​ឲ្យ​ស្ត្រី​ទាំង​នោះ​សហការ​គ្នា និង​អំណត់ ព្រោះ​ទម្រាំ​ផលិត​បាន​ហួល​ផាមួង​ល្អ​ស្អាត​យក​មក​គ្រប​លើ​រាងកាយ គេ​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់កាល​សំខាន់​ដូចជា ចិញ្ចឹម​ដង្កូវ​នាង ទាញ​សូត្រ និង​តម្បាញ​សូត្រ។

នៅ​ក្រោម​ផ្ទះ​ឈើ​មួយ​មាន​ខ្យល់​អាកាស​ចេញចូល​គ្រប់គ្រាន់ ដាក់​កូន​ដង្កូវ​តូច ធំ ដេក​ននៀល​ពេញ​ចង្អេរ​ឲ្យ​ស៊ី​ស្លឹក​មន ហ៊ុមព័ទ្ធ​ដោយ​ទូ​ស្បៃ​ការពារ​សត្វ​ល្អិត​វាយ​ប្រហារ។ សំបុក​ដង្កូវ​នាង​ជា​កន្លែង​សម្រាប់​ខ្ជាក់​សូត្រ​នោះ គេ​យក​មែក​ឈើ​ម្យ៉ាង​ស្រដៀង​នឹង​ដើម​សង្កែ ចង​ព្យួរ​ជា​ដុំៗ។ ក្នុង​ដំណាក់កាល​ខ្ជាក់​សូត្រ​នេះ ដង្កូវ​នាង​ប្រែ​ពណ៌​ពី​ខៀវ​ប្រផេះ ទៅ​ពណ៌​លឿង ឬ​ពណ៌​ទឹក​មាស។

ជា​អ្នក​ថែ​ដង្កូវនាង មាន​មាឌ​តូច​ល្អិត លោកស្រី កុល រស្មី ប្រាប់​ថា ដង្កូវ​នាង​ងាយ​ឆ្លង រង​ជំងឺ​ណាស់ ដូច្នេះ​លោកស្រី​ត្រូវ​តាម​ដាន​រាល់​ថ្ងៃ និង​ផ្ដល់​ចំណី​គ្រប់គ្រាន់ ជា​ពិសេស​នោះ ទាមទារ​សម្អាត​កន្លែង​ចិញ្ចឹម​ដង្កូវនាង​នោះ​ឲ្យ​មាន​អនាម័យ។ លោកស្រី​ប្រាប់​ទៀត​ថា ដង្កូវ​នេះ​ចាញ់​ក្លិន​ក្រអូប ក្លិន​សាប៊ូ ឬ​ក៏​ក្លិន​ស្អុយ ហើយ​ប្រសិនបើ​នៅ​ក្នុង​ការ​ចិញ្ចឹម​នោះ​មាន​ក្លិន​ទាំង​នេះ​ខ្លាំង អាច​ធ្វើ​ឲ្យ​ដង្កូវ​នាង​ងាប់៖ «ដល់​ពេល​វា (ដង្កូវនាង) ញាស់​យើង​ហាន់​ស្លឹក​មន យើង​បង្រៀន​ឲ្យ​វា​ចេះ​តោង​ស៊ី ដល់​មួយ​ថ្ងៃ​ធំ​បន្តិចៗ យើង​រោច​នៅ​លើ​ចង្អេរ ចាប់​ពី​វា​លាស់​ដល់ ២៧​ថ្ងៃ ខ្លួន​វា​ចាប់​ផ្ដើម​លឿង អ៊ីចឹង​វា​លែង​ស៊ី​ស្លឹក​មន​ទៀត​ហើយ វា​ស៊ី​តែ​ខ្លួន​នៅ​ខៀវ​ទេ តែ​ខ្លួន​វា​លឿន​វា​ត្រូវ​ការ​ខ្ជាក់​សូត្រ ខ្ជាក់​បាន ២៤​ម៉ោង​ពេញ​សំបុក​មួយ​ដង្កូវ​មួយ។ និយាយ​ទៅ​សត្វ​ហ្នឹង​គឺ​ស្អាត​បំផុត ស្អាត​ជាង​មនុស្ស​យើង​ទៀត ចង្អេរ​យើង​ត្រូវ​ការ​លាង​សំអាត បើ​ធំ​ក្លិន​ឆ្អាប​ជួនកាល​វា​អាច​ឈឺ»

អាហារ​របស់​ដង្កូវនាង​គឺ​ស្លឹក​មន​តែ​មួយ​មុខ​ទេ។ ដង្កូវនាង​វា​ត្រូវ​ការ​រស់​នៅ​កន្លែង​ស្អាត ដូច្នេះ​គេ​ត្រូវ​​យក​កូន​នាង​ដាក់​លើ​ចង្អេរ និង​ត្រូវ​ផ្លាស់ប្ដូរ​ញឹកញាប់ យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​ម្ដង។ គេ​ត្រូវ​ថែរក្សា​កូន​ដង្កូវនាង​ចាប់​ពី​ញាស់​រហូត​ដល់​ខ្ជាក់​សូត្រ ដែល​មាន​រយៈពេល ២៧​ថ្ងៃ។

​ដើម្បី​បាន​សូត្រ​យក​មក​ត្បាញ គេ​ត្រូវ​យក​សំបុក​សូត្រ​ដែល​បាន​ពី​ដង្កូវនាង​ស្ងោ​ក្នុង​ទឹក​កំពុង​ពុះ រួច​ហើយ​យក​រុក្ខជាតិ​មាន​រោម​ស្អិតៗ​ទៅ​ផ្ដិត​នឹង​សរសៃ​សូត្រ ហើយ​ទាញ​ថ្នមៗ សូត្រ​ដែល​ទាញ​ចេញ​មក​នេះ គេ​ហៅ​ថា សូត្រ​មាស ព្រោះ​មាន​ពណ៌​ទឹក​មាស៖ «សូត្រ​ដំបូង គេ​ហៅ​ថា ក្បាល​សូត្រ សូត្រ​នេះ​គេ​ទុក​ដើម្បី​ឲ្យ​ភ្ញៀវ​មើល ដល់​ពេល​អ៊ីចឹង​ទៅ អា​ទី​២ ទៅ​នៅ​រង្វង់​ដើម្បី​គេ​ចង»

ស្ត្រី​ម្នាក់​ទៀត​អង្គុយ​រវៃ​សរសៃ​សូត្រ​ពី​ឆ្នាំ​ស្ងោ​សំបុក​សូត្រ​ចូល​ទៅ​រហាត់ លោកស្រី សុខ សាវេត ប្រាប់​ថា សូត្រ​ដែល​ទាញ​មុន​ដំបូង​ហៅ​ថា ក្បាល​សូត្រ ហើយ​ក្បាល​សូត្រ​នេះ​គេ​យក​ធ្វើ​អ្វី​មិន​បាន​ទេ ព្រោះ​សរសៃ​ធំ​សូត្រ និង​រឹង​ទៀត​ផង។ លោកស្រី​ថា សូត្រ​ដែល​ល្អ​ដែល​មាន​សភាព​ទន់​ល្មើយ តូច និង​មាន​ពណ៌​ទឹក​មាស។

ស្ត្រី​ដដែល​បន្ត​ទៀត​ថា ក្រោយ​ទទួល​សរសៃ​សូត្រ គេ​ត្រូវ​រវៃ​សរសៃ​សូត្រ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ដុំ​ត្រល់​ដើម្បី​យក​ទៅ​ត្បាញ​ចេញ​ជា​ហូល​ផាមួង។

អ្នក​តម្បាញ​សូត្រ​ម្នាក់​ទៀត​ដែល​ជា​ស្ត្រី​មេម៉ាយ លោកស្រី អឿន សុភិន រៀបរាប់​ថា ការងារ​នេះ​ទាមទារ​ការ​អត់ធ្មត់​ខ្លាំង​ទម្រាំ​បាន​សូត្រ​មួយ​ក្បិនៗ។ ទោះ​បី​ជា​បែប​នេះ​ក្ដី លោកស្រី​ថា របរ​តម្បាញ​សូត្រ​ជួយ​ឲ្យ​លោកស្រី​មាន​ជីវភាព​ធូរធារ​ជាង​មុន៖ «មាន​ជីវភាព​ធូរធារ​ជាង​មុន ព្រោះ​កាល​ពី​មុន​ខ្ញុំ​ត្បាញ​នៅ​ផ្ទះ​អត់​មាន​ប្រាក់​ខែ អ៊ីចឹង​ចំណូល​ចំណាយ​យើង​បាន​តិច ដល់​ពេល​មក​ដល់​នៅ​ទី​នេះ យើង​បាន​ប្រាក់​ខែ​ខ្លះ​ទៅ ហើយ​លុយ​ដែល​ភ្ញៀវ​ចូល​មក​គេ​ដាក់​ក្នុង​ធុង​សហគមន៍​ហ្នឹង យើង​អាច​បាន​មួយ​ផ្លូវ​ទៀត​វា​បាន​ច្រើន។ យើង​អាច​ដោះស្រាយ​ឲ្យ​កូន វា​អត់​ពិបាក​ដូច​មុន ធ្វើ​បាន​អត់​មាន​ទីផ្សារ នៅ​នេះ​មាន​គេ​មក​ទិញ»

ក្រុម​ស្ត្រី​ទាំង​នោះ ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ និង​មាន​ជីវភាព​មិនសូវ​ធូរធារ ប៉ុន្តែ​ពួកគេ​អះអាង​ស្រដៀង​គ្នា​ថា ក្រោយ​ចង​ជា​សហគមន៍​តម្បាញ​សូត្រ​រួច​មក ពួកគេ​មាន​ជីវភាព​ប្រសើរ​ជាង​មុន។

ប្រការ​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ស្ត្រី​មក​ធ្វើ​ការ​ជា​ក្រុម​ដូច​នេះ ព្រោះ​ទទួល​បាន​ការ​អនុគ្រោះ​ពី​ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

​ម្ចាស់​កសិដ្ឋាន​ចម្ការ​ស្នេហ៍​ដែល​ផ្ដួចផ្ដើម​បង្កើត​កន្លែង​តម្បាញ លោក រិន ណារ៉ាន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​បង្កើត​កន្លែង​នេះ ព្រោះ​ចង់​ថែរក្សា​មុខ​របរ​តម្បាញ​ដែល​សល់​ពី​ដូនតា​ឲ្យ​បន្ត​មាន​នៅ​ក្នុង​សម័យ​នេះ​ទៀត ហើយ​គោលបំណង​មួយ​ទៀត គឺ​ចង់​ឲ្យ​ស្ត្រី​ក្រីក្រ​មួយ​ចំនួន​ក្នុង​តំបន់​នេះ​មាន​ការងារ​ធ្វើ​ផង។ លោក​បន្ថែម​ថា ពូជ​ដង្កូវនាង​នេះ លោក​បាន​នាំ​យក​ពី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ៖ «ខ្ញុំ​ចង់​អភិរក្ស​សូត្រ​ខ្មែរ​យើង​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ថា សូត្រ​ប្រភព​ដើម​យក​មក​ពី​ណា​មក អ៊ីចឹង​សូត្រ​ដំបូង​ឡើយ​យក​ចេញ​ពី​ដង្កូវ​នាង អ៊ីចឹង​ដង្កូវ​បាន​មក​ពី​ណា​បាន​មក​ពី​ស្លឹក​មន»

រដ្ឋាភិបាល​គ្រោង​ដាក់​បញ្ចូល​សូត្រ​ខ្មែរ​ដាក់​ចូល​ជា​ផលិតផល GI ដែល​បញ្ជាក់​ពី​ផលិតផល​មាន​ប្រភព​ភូមិសាស្ត្រ​ជាក់លាក់ និង​មាន​លក្ខណៈ​សម្បត្តិ​ល្អ។ របាយការណ៍​របស់​សមាគម​សិប្បករ​កម្ពុជា បង្ហាញ​ថា តម្រូវការ​សូត្រ​មាស​នៅ​លើ​ទីផ្សារ​ប្រមាណ​ពី ៣០០​តោន​ក្នុង​មួយ​ឆ្នាំៗ។ លក្ខណៈ​ពិសេស​របស់​សូត្រ​ខ្មែរ ឈ្មួញ​អ្នក​វិនិយោគ ឬ​អតិថិជន​គាំទ្រ និង​ផ្ដល់​តម្លៃ​នោះ ព្រោះ​សូត្រ​ខ្មែរ​ត្បាញ​រវៃ​ដោយ​ដៃ ប្រើប្រាស់​ល័ក្ដ​ជ្រលក់​ចេញ​ពី​ធម្មជាតិ។ សូត្រ​ខ្មែរ​គេ​អាច​ផលិត​ចេញ​ជា ៣​ប្រភេទ​គឺ សូត្រ​សាច់ សូត្រ​លាវ និង​សូត្រ​ក្បាល។

ទោះ​បែប​នេះ​ក្ដី ប្រធាន​សហព័ន្ធ​ស្ត្រី​អ្នក​ជំនួញ​កម្ពុជា ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សូត្រ​ខ្មែរ អ្នកស្រី ចេង នីវណ្ណា ថ្លែង​ឲ្យ​ដឹង​ថា សូត្រ​ខ្មែរ​ទោះ​មាន​គុណភាព​ល្អ​ជាង​ប្រទេស​ជិត​ខាង ប៉ុន្តែ​មិន​អាច​ប្រកួតប្រជែង​ផលិតផល​សូត្រ​ប្រទេស​ក្បែរ​ខាង​ខ្លួន​បាន​ទេ។ អ្នកស្រី​បន្ត​ថា សូត្រ​ខ្មែរ​ផលិត​តាម​បែប​បូរាណ និង​មិន​ទាន់​មាន​គ្រឿងចក្រ​ទំនើប​នៅ​ឡើយ ដែល​ផ្ទុយ​ពី​ប្រទេស​គេ​ផ្សេង គេ​ប្រើ​គ្រឿងចក្រ​ដើម្បី​ផលិត៖ «យើង​ចង់​បំផុស​ការងារ​ហ្នឹង​ទៅ​មុខ ត្រូវ​ចំណាយ​ដើម​ទុន​ធំ​ពេក ហើយ​ផលិតផល​បាន​តិច​ពេក និង​ទីផ្សារ​មិន​ទាន់​សូវ​ច្បាស់លាស់។ អ៊ីចឹង យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​សូត្រ​ចិន បាន​ទេ ព្រោះ​គេ​ធ្វើ​បាន​ចំនួន​ច្រើន»

អ្នកស្រី ចេង នីវណ្ណា លើក​ឡើង​ទៀត​ថា ដើម្បី​ឲ្យ​សូត្រ​ខ្មែរ​ទទួល​បាន​ជោគជ័យ​ត្រូវ​ចំណាយ​ទុន​ច្រើន និង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ដាំ​ដើម​មន និង​ចិញ្ចឹម​ដង្កូវ​នាង ព្រម​ទាំង​ផ្សព្វផ្សាយ​សូត្រ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

តារា

ពី ភ្នំពេញ

ខ្ញុំចង់ដឹងភូមិគាត់ត្បាញ ព្រោះចង់ទិញ

Nov 28, 2018 07:14 AM

អ្នក​អាន​អនាមិក

ចង់ដីងទឺតាំងច្បាស់លាស់ ប្រាប់ផងបានទេ អរគុណទុកជាមុន

Nov 06, 2016 11:58 PM

គេហទំព័រ​ទាំងមូល