កសិករ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប​បារម្ភ​អំពី​បញ្ហា​បំណុល​នៅ​ពេល​តម្លៃ​ស្រូវ​ចុះ​ថោក

ដោយ ហង្ស សាវយុត
2016-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​នៅ​​ភូមិ​ល្បើក ឃុំ​នគរភាស ស្រុក​​អង្គរជុំ ខេត្ត​សៀមរាប ច្រូតស្រូវ​រដូវ​វស្សា កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
កសិករ​នៅ​​ភូមិ​ល្បើក ឃុំ​នគរភាស ស្រុក​​អង្គរជុំ ខេត្ត​សៀមរាប ច្រូតស្រូវ​រដូវ​វស្សា កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ពេល​បច្ចុប្បន្ន កសិករ​ខ្មែរ​ជា​ច្រើន​មាន​បញ្ហា​រឿង​ជំពាក់​បំណុល​ដោយសារ​តែ​ខ្ចី​ប្រាក់​មក​ធ្វើ​ដើម​ទុន​នៃ​ការ​ផលិត​ស្រូវ ដូចជា​ទិញ​ជី​បាច​ស្រែ និង​ថ្លៃ​ឈ្នួល​ភ្ជួរ​រាស់​ដក​ស្ទូង​ជាដើម។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ស្រូវ​ផលិត​បាន បែរ​ជា​លក់​ក្នុង​តម្លៃ​ថោក​ទៅ​វិញ​នោះ គឺ​ការ​ជំពាក់​បំណុល​កាន់​តែ​ដាក់​បន្ទុក​ធ្ងន់​ឡើងៗ ដែល​ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​អស់​សង្ឃឹម។

កសិករ​ជា​ច្រើន​រស់​នៅ​ស្រុក​អង្គរជុំ ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ត្អូញត្អែរ​ប្រហាក់ប្រហែល​គ្នា​ថា ពួកគាត់​ហាក់​គ្មាន​សង្ឃឹម​ទៅ​រក​ប្រាក់​ឯ​ណា​មក​សង​បំណុល​មីក្រូហិរញ្ញវត្ថុ​ដែល​ពួកគាត់​បាន​ខ្ចី​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ។ ការ​ត្អូញត្អែរ​កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​ផល​ស្រូវ​ឆ្នាំ​នេះ ផលិត​បាន​ចំនួន​តិចតួច ថែម​ទាំង​លក់​មិន​បាន​ថ្លៃ​ផង​នោះ។

នៅ​ក្នុង​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ឃុំ​នគរភាស គឺ​មាន​កសិករ​ប្រុស​ស្រី​ជា​ច្រើន​កំពុង​ប្រវាស់ដៃ​គ្នា​ច្រូត​ស្រូវ ប៉ុន្តែ​ពួកគេ​ខ្លះ​បែរ​ជា​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះ​ស្បៀង​អាហារ​សម្រាប់​ឆ្នាំ​ក្រោយ។

បុរស​អ្នក​ភូមិ​ល្បើក នៃ​ឃុំ​នគរភាស ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ទៀត ដែល​កំពុង​ច្រូត​ស្រូវ​គឺ​លោក ម៉ៃ ជុំ។ លោក​មាន​ប្រសាសន៍​ដោយ​យូរៗ​បង្ហុយ​ផ្សែង​បារី​ម្ដង​ថា លោក​បាន​ធ្វើ​ស្រែ​ទំហំ ១​ហិកតារ​កន្លះ ហើយ​ផល​ស្រូវ​ឆ្នាំ​នេះ​បាន​តិច​ណាស់ ដោយសារ​តែ​ខ្វះ​ទឹក។ លោក ម៉ៃ ជុំ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ផង និង​ខ្វះ​ស្បៀង​ផង ពី​ព្រោះតែ​ស្រូវ​របស់​គាត់​ឆ្នាំ​នេះ​បាន​ប្រហែល​ជា ២​តោន ហើយ​លក់​បាន​ថោក​ទៀត​ផង៖ «ធ្វើ​យ៉ាង​ណា​បាន​រួច​ខ្លួន ណា​ថ្លៃ​ទិញ​ជី ណា​ថ្លៃ​ជួល​ដៃ​ច្រូត ២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ។ ជំពាក់​តែ​ជុំវិញ​ហ្នឹង ជំពាក់​អង្គការ។ ខ្ញុំ​ចង់​ឱ្យ​តែ​ស្រូវ​ឡើង​ថ្លៃ ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម»

កសិករ​នៅ​ភូមិ​ល្បើក​ម្នាក់​ទៀត អ្នកស្រី ឡាច លឿ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​មុន អ្នកស្រី​ឃើញ​ស្រូវ​ផ្កា​រំដួល​លក់​បាន​ថ្លៃ ១​គីឡូក្រាម ១.១០០​រៀល ទើប​ឆ្នាំ​នេះ​ខំ​ដាំ​ស្រូវ​ផ្កា​រំដួល ក៏ប៉ុន្តែ​ឆ្នាំ​នេះ​បែរ​ជា​ចុះ​ថោក​ក្នុង ១​គីឡូក្រាម ថ្លៃ​ពី ៧០០ ទៅ ៨០០​រៀល​ទៅ​វិញ។ អ្នកស្រី​មិន​សង្ឃឹម​ថា អាច​នឹង​រក​ប្រាក់​សងបំណុល​ដែល​ខ្ចី​គេ​បាន​ទេ៖ «ស្រូវ​ផ្កា​រំដួល ១​គីឡូក្រាម ថ្លៃ ៧០០​រៀល។ ជំពាក់​គេ ៥០០​ដុល្លារ​ហើយ ខ្ញុំ​អស់​សង្ឃឹម​ហើយ​ដោយសារ​ស្រូវ​ថោក»

កសិករ​ដែល​រស់​នៅ​ភូមិ​ជិតៗ​គ្នា​នេះ ក៏​មាន​បញ្ហា​ប្រហាក់ប្រហែល​គ្នា និង​កសិករ​នៅ​ភូមិ​ល្បើក ដែរ។ អ្នកស្រី មិត្ត យិន ដែល​កំពុង​អង្គុយ​មើល​ចៅ​តូច​នៅ​ក្រោម​ផ្ទះ ក្នុង​ភូមិ​នគរភាស មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​គាត់​ធ្វើ​ស្រែ​ចំនួន ៤​ហិកតារ ក៏​ប៉ុន្តែ​ផល​ស្រូវ​បាន​តែ​ជាង ១​តោន​ប៉ុណ្ណោះ ដោយសារ​តែ​ពេល​គាត់​ព្រោះ​ស្រូវ គឺ​អាកាសធាតុ​ចាប់​ផ្ដើម​រាំងស្ងួត។

អ្នកស្រី មិត្ត យិន បញ្ជាក់​ថា បើ​គាត់​លក់​ស្រូវ​ដែល​ប្រមូល​បាន​ក៏​តម្លៃ​ថោក គឺ ៨០០​រៀល​ក្នុង​១​គីឡូក្រាម។ គាត់​កំពុង​មាន​បញ្ហា​រឿង​គ្មាន​ប្រាក់​សងបំណុល​គេ​ចំនួន ១​លាន​រៀល៖ «អូ! លោក​អើយ​មិន​ដឹង​ទៅ​រក​ប្រាក់​ឯ​ណា​បាន​មក​សង​បំណុល​គេ? បើ​លក់​ស្រូវ ១​តោន​បាន​ថ្លៃ​តែ ៨០​ម៉ឺន តែ​ខ្ញុំ​ជួល​គេ​ធ្វើស្រែ​អស់​ប្រាក់ ២​លាន​រៀល​ទៅ​ហើយ»

ក្រុម​កសិករ​អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​តម្លៃ​លក់​ស្រូវ​ឆ្នាំ​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តម្លៃ​សមរម្យ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ពួកគេ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប លោក មឿង សុនិត្យា ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​នេះ កសិករ​ខេត្ត​សៀមរាប ប្រមូល​ផល​ស្រូវ​បាន ៨០% ហើយ ក្នុង​ចំនួន​ផ្ទៃដី​កសិកម្ម​សរុប​ជាង ១៩​ម៉ឺន ២​ពាន់​ហិកតារ ក៏ប៉ុន្តែ​លោក​មិន​ទាន់​អាច​សរុប​ទិន្នផល​ស្រូវ​បាន​ថា ចំនួន​ប៉ុន្មាន​តោន​នៅ​ឡើយ​ទេ។

លោក មឿង សុនិត្យា បញ្ជាក់​ថា ចំពោះ​បញ្ហា​តម្លៃ​ស្រូវ​ទៀត​សោត​ក៏​ក្រសួង​កសិកម្ម​កំពុង​ប្រឹងប្រែង​ជួយ​កសិករ​ឱ្យ​លក់​បាន​តម្លៃ​សមរម្យ តាម​រយៈ​គោលនយោបាយ​ជួយ​ទិញ​ស្រូវ៖ «បើ​ស្រូវ​ថ្លៃ ៨០០​រៀល គឺ​មិន​ថោក​ទេ ឱ្យ​តែ​លក់​បាន​ថ្លៃ ចាប់​ពី ៨០០​រៀល​ឡើង​ទៅ។ តាម​គោលនយោបាយ​ឱ្យ​ជួយ​ទិញ អត់​មាន​ក្រោម​ពី ៨០០​រៀល​ទេ»

កាល​ពី​ខែ​កញ្ញា កន្លង​ទៅ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ទៅ​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត អោយ​តាមដាន និង​ចេញ​វិធានការ​ទប់ស្កាត់​ការ​ប្រមូល​ទិញ​កសិផល​ដោយ​បន្ទាប​តម្លៃ​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​កសិកម្ម។ ក្រសួង​កសិកម្ម អះអាង​ថា វិធានការ​នេះ​ដើម្បី​ជួយ​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល​របស់​កសិករ​ក្នុង​ពេល​រដូវ​ប្រមូល​ផល។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី អះអាង​ថា បច្ចុប្បន្ន​ក្រសួង​នេះ កំពុង​ប្រឹងប្រែង​លើ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​រក​ទីផ្សារ​ឱ្យ​កសិករ​លក់​កសិផល​បាន​ថ្លៃ​សមរម្យ។ ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ក្រសួង​ពាណិជ្ជកម្ម មិន​អាច​បង្ខំ​ឱ្យ​សហគ្រាស ឬ​ក៏​ឈ្មួញ ត្រូវ​តែ​ទិញ​កសិផល​ក្នុង​តម្លៃ​ដែល​តម្រូវ​ឱ្យ​បាន​ទេ ពីព្រោះ​វា​ជាទី​ផ្សារ​សេរី៖ «ពេលខ្លះ​ការ​អន្តរាគមន៍​ទាមទារ​ឱ្យ​ឡើង​ថ្លៃ​ក៏​យើង​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ ពីព្រោះ​រដ្ឋ​មិន​អាច​អន្តរាគមន៍​ឱ្យ​ដូច​ទីផ្សារ​ផែនការ​បាន​ទេ»

កាល​ពី​ខែ​កញ្ញា ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​មាន​ប្រាក់​បម្រុង​របស់​រាជរដ្ឋាភិបាល​ចំនួន ២០​លាន​ដុល្លារ និង​ទុន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​បាន​បង្ហាញ​ហេតុផល​ថា បញ្ហា​ដែល​ស្រូវ​កសិករ​ចុះ​ថោក គឺ​ដោយសារ​តែ​ផ្លូវ​ដឹក​ជញ្ជូន​ពិបាក ហើយ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ដើម​ដឹក​ជញ្ជូន​ខ្ពស់​ពេក។

សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ថ្លៃ​ដឹក​ជញ្ជូន​ឱ្យ​បាន​ឆាប់ ពីព្រោះ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ដើម​ដឹក​ជញ្ជូន​ខ្ពស់​ចាប់​ពី ២៥​ដុល្លារ ទៅ ៣០​ដុល្លារ​ក្នុង​មួយ​តោន។ បើ​ធៀប​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ការ​ដឹក​ជញ្ជូន​នេះ គឺ​គេ​ចំណាយ​ត្រឹមតែ​ជាង ១០​ដុល្លារ​ប៉ុណ្ណោះ។ សហព័ន្ធ​ស្រូវ​អង្ករ​បារម្ភ​ថា បញ្ហា​នេះ​កំពុង​តែ​គំរាមកំហែង​ដល់​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា ឱ្យ​មាន​ភាព​យឺតយ៉ាវ និង​ធ្លាក់​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល