អ្នក​ផលិត​អំបិល​ប្រឈម​នឹង​ការ​បាត់​ចំណូល​ទាំងស្រុង​​ ដោយសារ​គ្មាន​អំបិល​ប្រមូល​ផល​

វិទ្យុ​អាស៊ី​សេរី
2018-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​ប្រមូល​ផល​អំបិល​កាល​ពី​​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៦ នា​ខេត្ត​កំពត។
សកម្មភាព​ពលរដ្ឋ​ប្រមូល​ផល​អំបិល​កាល​ពី​​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៦ នា​ខេត្ត​កំពត។
Photo: RFA

អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប កំពុង​ប្រឈម​នឹង​ការ​បាត់​ចំណូល​ស្ទើរ​តែ​ទាំង​ស្រុង​ពី​មុខ​របរ​ផលិត​អំបិល​របស់​ខ្លួន​ ដោយសារ​តែ​នៅ​ឆ្នាំនេះ មាន​ភ្លៀង​កក់​ខែ​ជាប់​ជា​ប្រចាំ គ្មាន​អំបិល​សម្រាប់​ប្រមូល​ផល​ឡើយ។ អ្នក​ផលិត​អំបិល​អះអាង​ថា ​នេះ​ជា​បាតុភាព​មួយ​ ដែល​មិន​ធ្លាប់​បាន​កើត​ឡើង​នោះ​ទេ ក្នុង​រយៈពេល​ជិត​ ៤០​ឆ្នាំ​កន្លង​ទៅ​នេះ។ ពួក​គាត់​សំណូម​ពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ​ បើ​ពុំ​ដូច្នេះ​ទេ អ្នក​ផលិត​អំបិល​មួយ​ចំនួន​អាច​នឹង​បោះបង់​ចោល​មុខ​របរ​ប្រពៃណី​មួយ​នេះ ត្បិត​ពួក​គាត់​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ឡើយ គឺ​មាន​តែ​ការ​ខាត​បង់​ទៅ​វិញ។

ផលិតករ​អំបិល​ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត កែប លោក ពៅ សុន អះអាង​ថា អ្នក​ផលិត​អំបិល​នៅ​ឆ្នាំ​នេះ​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោក​បន្ត​ថា មក​ទល់​នឹង​ដើម​ខែ​មេសា​នេះ​ទៅ​ហើយ អ្នក​ផលិត​​អំបិល​នៅ​ក្នុង​សហគមន៍​របស់​លោក​មិន​ទាន់​អាច​ផលិត​អំបិល​បាន​យក​ទៅ​ទុក​នៅ​ក្នុង​ឃ្លាំង​នៅឡើយ​ ព្រោះ​ចាប់​តាំង​ពី​ដើម​រដូវ​មក​ មាន​ភ្លៀង​កក់​ខែ​ជាប់​ជា​និច្ច​ ធ្វើ​ឱ្យ​អំបិល​ដែល​ជិត​នឹង​ប្រមូល​ផល​បាន​ទៅ​ហើយ​នោះ​ត្រូវ​រលាយ​ទៅជា​ទឹក​វិញ៖ «យើង​ផលិត​អត់​បាន​ទេ ដោយ​សារ​ក្នុង​មួយ​ខែ​មាន​ភ្លៀង​កក់​ខែ ២ ទៅ ៣ ដង​បែប​នេះ។ ការ​ធ្វើ​អំបិល​អាស្រ័យ​ទៅលើ​ធម្មជាតិ​អំណោយ​ផល ដល់​ពេល​ភ្លៀង​អញ្ចឹង​ ផលិត​អំបិល​អត់​បាន​ អ្នក​ស្រែ​ខ្លះ​ ទាំង​ខ្ញុំ​ផង​ដែរ គឺ​អត់​មាន​បាន​អ្វី​សោះ កុំ​ថា​ឡើយ​ដល់ ១​បាវ សូម្បី​តែ​មួយ​គ្រាប់​ក៏​មិន​បាន​ដែរ»

លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មុខ​របរ​ធ្វើ​អំបិល​មិនសូវ​កាក់​កប​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​ផលិត​ជា​ច្រើន​ ជា​ពិសេស កសិករ​តូច​តាច ត្រូវ​បង្ខំ​ចិត្ត​លក់​ស្រែ​អំបិល​របស់​ខ្លួន​ ហើយ​ទៅ​ប្រកប​មុខ​របរ​ផ្សេង។ បញ្ហា​ប្រឈម​ទាំងនោះ​រួម​មាន កង្វះ​ខាត​កម្លាំង​ពលកម្ម​ធ្វើការ​ក្នុង​ស្រែ​អំបិល ​ការ​ធ្លាក់​ចុះ​តម្លៃ​អំបិល និង​បញ្ហា​គ្មាន​ទីផ្សារ​ចំពោះ​អំបិល​ដែល​ផលិត​បាន។ ក៏​ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​គេ​សម្រាប់​អ្នក​ផលិត​អំបិល​នៅ​ឆ្នាំ​នេះ គឺ​គ្មាន​អំបិល​លក់​តែ​ម្ដង៖ «តាំងពី​ដើម​រដូវ​មក យើង​ចំណាយ​ដើមទុន​អស់​ច្រើន​ណាស់​ហើយ ដល់​ពេល​អញ្ចឹង​ទៅ​ដូច​យក​ដើម​ទុន​ចាក់​ចោល​ក្នុង​ទឹក​អញ្ចឹង ដាក់​ទៅ​អស់​រលីង​។ ដូច្នេះ​ផលិត​ករ​ជួប​ការ​លំបាក​ច្រើន​ក្នុង​ឆ្នាំ​នេះ។ អ្នក​មាន​មុខ​របរ​ផ្សេង​មិន​ថ្វី​នោះ​ទេ តែ​បើ​អ្នក​មាន​តែ​មួយ​មុខ​នេះ​វិញ គឺ​គ្នា​ចង់​យ៉ាប់​ក្នុង​ជីវភាព​គ្រួសារ​ ដូចជា​ការ​ផ្ដល់​ថវិកា​ឱ្យ​កូន​ចៅ​រៀន​សូត្រ និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជួប​ការ​លំបាក​ហើយ​លើក​នេះ»

លោក ពៅ សុន ថ្លែង​ថា​ ក្នុង​ករណី​ដែល​ខ្វះខាត​អំបិល​ រដ្ឋ​អាច​នឹង​​នាំចូល​អំបិល​ពី​បរទេស​ ជាពិសេស​អំបិល​ថៃ​ ដែល​ជា​អំបិល​រ៉ែ មាន​សម្បុរ​ស​ជាង​អំបិល​ធម្មជាតិ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប​ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​ព្រួយ​បារម្ភ​​ធំ​បំផុត​នោះ គឺ​អ្នក​ផលិត​អំបិល​មួយ​ចំនួន​អាច​នឹង​បន្ត​បោះបង់​ចោល​មុខ​របរ​ប្រពៃ​ណី​មួយ​នេះ ប្រសិន​បើ​​មិន​មាន​ដំណោះ​ស្រាយ​ណាមួយ​ទេ​នោះ។ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ទុន​ផលិត ឬ​ផ្ដល់​កម្ចី​ការ​ប្រាក់​ទាប​ដល់​កសិករ និង​ផលិតករ​អំបិល​ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​ឡើងវិញ​ក្នុង​ការ​បន្ត​ផលិត​អំបិល​តទៅ​ទៀត៖ «សំណូម​ពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ទុន​ផលិត ឬ​កម្ចី​ការ​ប្រាក់​ទាប ដើម្បី​យើង​មាន​ទុន​ផលិត​អំបិល​​តទៅ​ទៀត។ ប្រសិន​បើ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ធ្ងន់​បែប​នេះ​ហើយ រាជរដ្ឋាភិបាល​មិន​បាន​គិត ប្រហែល​ជា​ក្រុម​ផលិត​ខ្លះ​នឹង​ចោល​ស្រែ​ លែង​ផលិត​ទៅ​រក​មុខ​របរ​ផ្សេង​វិញ»

អ្នក​នាំ​ពាក្យ​​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម លោក អ៊ុំ សុថា ទទួល​ស្គាល់​ថា ទិន្នផល​អំបិល​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​​។ លោក​បញ្ជាក់​ថា តម្រូវ​ការ​ប្រើប្រាស់​អំបិល​​នៅ​ទូទាំង​ប្រទេស​ យ៉ាងហោចណាស់​ក៏​មាន​លើស​ពី​ ៥០ ម៉ឺន​តោន​ដែរ។ ដូច្នេះ​​ចៀស​មិន​ផុត​ពី​ត្រូវ​នាំ​ចូល​អំបិល​ពី​ក្រៅ​ប្រទេស​នោះ​ទេ។ លើស​ពី​នេះ ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​អ្នក​ផលិត​អំបិល លោក​ថា ​ រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​ការ​ផលិត​អំបិល​ ហើយ​គោល​នយោបាយ​នេះ​នៅ​បន្ត​អនុវត្ត​នៅ​ឡើយ​។ លោក​បន្ថែម​ទៀត​ថា ក្រសួង​ក៏​កំពុង​ជួយ​ពង្រឹង​រចនាសម្ព័ន្ធ​ដឹក​នាំ​នៅ​តាម​សហគមន៍​ផលិត​អំបិល​ដែរ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​​ផ្ដល់​បច្ចេកទេស ព័ត៌មាន​ស្ដីពី​ការ​វិនិយោគ និង​ព័ត៌មាន​ទីផ្សារ​ជា​ដើម៖ «យើង​ចៀស​មិន​ផុត​ពី​ការ​ពឹង​ផ្អែក​នាំ​ចូល​អំបិល​ពី​ក្រៅ​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​អំបិល​ឡើង​ថ្លៃ។ ប៉ុន្តែ​យើង​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាច្រើន ដូច​ជា ការ​កាត់​បន្ថយ​ពន្ធអាករ​លើ​ការ​ផលិត​អំបិល​ ការ​គ្រប់​គ្រង​ដី​ស្រែ​អំបិល​ ហើយ​និង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្ចី​ជា​ដើម។ ទាំងនេះ​សុទ្ធ​សឹង​ជា​ចំណែក​មួយ​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិត​កម្ម​អំបិល​នេះ​ដែរ។ ក៏​ប៉ុន្តែ​វា​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​តាម​សេចក្ដី​ត្រូវ​ការ​របស់​គាត់​ពេញលេញ​នោះ​ទេ»

អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា អំបិល គឺ​ជា​គ្រឿងទេស​ដ៏​ចាំបាច់​បំផុត​មិន​អាច​ខ្វះ​បាន។ ដូច្នេះ រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការធានា​ថា កម្ពុជា​នៅ​តែ​អាច​ផលិត​អំបិល​បាន​ដោយ​ខ្លួន​ឯង​ ហើយ​នៅ​ក្នុង​ស្ថានភាព​ដែល​កសិករ និង​អ្នក​ផលិត​អំបិល​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់​ចំណូល​បែប​នេះ រដ្ឋ​ត្រូវ​តែ​លូកដៃ​ធ្វើ​អន្តរាគមន៍​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​ផលិត​អំបិល​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៖ «យើង​មាន​រូបភាព​ ២ ទី​មួយ​យើង​ឧបត្ថម្ភ​ជា​ទុន​ ឬ​ជា​ប្រាក់​កម្ចី​សម្រាប់​គាត់​យក​ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ និង​ទី​ពីរ យើង​អាច​ធ្វើជា​ការ​ឧបត្ថម្ភ​ធន​ ដើម្បី​បន្ថែម​ទៅលើ​បរិមាណ​អំបិល​ដែល​គាត់​ផលិត​បាន​នោះ ដើម្បី​ឱ្យ​គាត់​បាន​ចំណូល​បន្ថែម​ អាច បន្ត​និរន្តរភាព​ការងារ​នេះ​។ ចំនួន​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​អំបិល​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ ហើយ​បរិមាណ​ក៏​មិន​ច្រើន​ណាស់​ណា​ដែរ អញ្ចឹង​ខ្ញុំ​ជឿ​ថា រឿង​តិច​តួច​ប៉ុណ្ណឹង រដ្ឋាភិបាល​ប្រាកដ​ជា​អាច​ធ្វើ​បាន​យ៉ាង​ងាយ​ស្រួល»

ការផលិត​អំបិល​នៅ​កម្ពុជា​កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​មាន​តែ​នៅ​ក្នុង​ខេត្ត​ពីរ​ប៉ុណ្ណោះ គឺ​ខេត្ត​កំពត និង​កែប​។ សព្វថ្ងៃ​នេះ កម្ពុជា​មាន​មណ្ឌល​ផលិត​អំបិល​ចំនួន​ ៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិត​ករ​ជិត ២០០​ក្រុម។

កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ក្រុមហ៊ុន ខុនហ្វីរែល (Confirel) បាន​​សាកល្បង​នាំ​ចេញ​អំបិល​កម្ពុជា ​ជាង ២០​ តោន ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​បារាំង​ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ ក្រុមហ៊ុន​នេះ​មិន​មាន​អំបិល​សម្រាប់​នាំ​ចេញ​ទៀត​​ទេ​ ព្រោះ​កសិករ​មិន​អាច​ផលិត​អំបិល​បាន​។ លោក​​វេជ្ជបណ្ឌិត ហៃ លីអៀង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ខុនហ្វីរែល (Confirel) អះអាង​ថា អតិថិជន​នៅ​ប្រទេស​បារាំង​ទទួល​ស្គាល់​ថា អំបិល​កម្ពុជា​មាន​គុណភាព​ល្អ។ ដូច្នេះ លោក​ថា ការ​ពង្រឹង​គុណភាព ការ​កែច្នៃ និង​ការ​ដាក់​និមិត្ត​សញ្ញា​ឱ្យ​បាន​ត្រឹម​ត្រូវ​ នឹង​អាច​ជួយ​ឱ្យ​អំបិល​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដូច​ម្រេច​កំពត​យ៉ាង​ដូច្នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល