កសិករអំបិលនៅខេត្តកំពត ចាប់ផ្ដើមប្រមូលផលអំបិលរបស់ខ្លួនជាបណ្ដើរៗហើយ ចាប់ពីខែមករានេះ រហូតដល់ខែឧសភា ខាងមុខ។ អាកាសធាតុនៅឆ្នាំនេះ មានអំណោយផលល្អជាងឆ្នាំមុន ក៏ប៉ុន្តែបញ្ហាប្រឈមនៅពេលនេះ គឺការខ្វះខាតកម្លាំងពលកម្ម ដែលជាហេតុធ្វើឱ្យការផលិតអំបិលអាចនឹងមិនបានច្រើនដូចកាលពីប៉ុន្មានឆ្នាំមុននោះឡើយ។ អ្នកជំនាញជំរុញឱ្យរបបក្រុងភ្នំពេញជួយរកដំណោះស្រាយជូនអ្នកផលិតអំបិល ដើម្បីឱ្យពួកគាត់អាចបន្តមុខរបរប្រពៃណីនេះបានតទៅទៀត។
អ្នកផលិតអំបិលមួយនាក់នៅសង្កាត់ត្រើយកោះ ក្រុងកំពត លោក ពៅ សុន ថ្លែងថា លោកទំនងជាមិនអាចផលិតអំបិលបានច្រើនឡើយនៅឆ្នាំនេះ ដោយសារតែមិនមានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈស្រែអំបិលរបស់លោកមានចំនួនជាង ២០ហិកតារ។ លោកបន្តថា ថ្លៃពលកម្មបានកើនឡើងមួយទ្វេជាពីរ ក៏ប៉ុន្តែនៅតែមិនអាចរកកម្មករមកធ្វើការនៅស្រែអំបិលបានគ្រប់គ្រាន់ដដែល ដោយសារមនុស្សភាគច្រើននាំគ្នាទៅធ្វើនៅតាមរោងចក្រវិញ ព្រោះមិនសូវនឿយហត់ខ្លាំង ដូចធ្វើការនៅស្រែអំបិល។ «»
លោកបន្តថា ដោយសារខ្វះកម្លាំងពលកម្មបែបនេះ មានកសិករខ្លះបានទុកស្រែអំបិលចោល លែងផលិត និងងាកទៅប្រកបរបរផ្សេងជំនួសវិញ។ ម្យ៉ាងវិញទៀត ដោយសារតែថ្លៃដើមផលិតខ្ពស់ ហើយអំបិលដែលផលិតបានមានតម្លៃទាប កសិករមួយចំនួនក៏បានសម្រេចចិត្តលក់ស្រែអំបិលរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។ កសិកររូបនេះ ចង់ឱ្យក្រសួងពាក់ព័ន្ធជួយផ្ដល់ជាបច្ចេកទេសថ្មីៗដល់ក្រុមអ្នកផលិតអំបិល ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាន។ «»
កាលពីឆ្នាំមុន កសិករផលិតអំបិលបានប្រមាណ ២ ទៅ ៣ ពាន់តោន ដោយសារមានភ្លៀងកក់ខែជាប់ជាប្រចាំ ជាហេតុធ្វើឱ្យមានកង្វះខាតអំបិលសម្រាប់តម្រូវការក្នុងស្រុក។ របបក្រុងភ្នំពេញបានអនុញ្ញាតឱ្យសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប នាំចូលអំបិល ៣ម៉ឺនតោន ពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការនៅចុងរដូវវស្សាកន្លងទៅនេះ។
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សុន សេងហួត ថ្លែងថា ក្រសួងកំពុងរិះរកបច្ចេកទេសថ្មីៗសម្រាប់ផ្ដល់ជូនកសិករ និងរកមធ្យោបាយជួយឱ្យថ្លៃដើមផលិតអំបិលកាន់តែទាបជាងមុន ដើម្បីឱ្យកសិករអាចទទួលបានប្រាក់ចំណេញច្រើន។ លោកបន្ថែមថា ប្រទេសមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតអំបិលឱ្យបានច្រើនតាមតម្រូវការ ក៏ប៉ុន្តែបច្ចេកវិទ្យាទាំងនោះ មិនទាន់អាចយកមកប្រើប្រាស់នៅកម្ពុជាបាននៅឡើយ ព្រោះត្រូវចំណាយដើមទុនច្រើន។ «»
មន្ត្រីជំនាញរូបនេះបន្ថែមថា ផ្ទៃដីស្រែអំបិលបច្ចុប្បន្នអាចឱ្យកសិករផលិតមួយឆ្នាំ រក្សាទុកសម្រាប់ការប្រើប្រាស់រហូតដល់រយៈពេលមួយឆ្នាំកន្លះ ដូច្នេះក្រសួងកំពុងគិតគូរអំពីការសាងសង់កន្លែងស្តុកអំបិលឱ្យបានច្រើនបន្ថែមទៀត ដើម្បីរក្សាទុកអំបិលឱ្យបានយូរឆ្នាំ។
កសិករនៅខេត្តកំពត និងខេត្តកែប នៅផលិតអំបិលតាមលក្ខណៈប្រពៃណីនៅឡើយ ដែលជាហេតុធ្វើឱ្យពួកគាត់ត្រូវការកម្លាំងពលកម្មច្រើន ហើយអំបិលដែលផលិតបានក៏មានចែកជា ៣កម្រិតផងដែរ ដោយអំបិលលេខ១ មានពណ៌សក្បុស លេខ ២ សកម្រិតមធ្យម និងលេខ ៣ សរាងក្រម៉ៅ ដោយសារមានលាយដីខ្លះៗ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា អំបិលគឺជាគ្រឿងទេសដ៏ចាំបាច់ និងជាវត្ថុធាតុដើមសំខាន់មួយក្នុងវិស័យឧស្សាហកម្ម ដូចនេះលោកចង់ឱ្យស្ថាប័នពាក់ព័ន្ធជួយជ្រោមជ្រែងក្រុមកសិករផលិតអំបិលឱ្យបានកាន់តែខ្លាំងក្លាជាងនេះ។ លោកបន្តថា ការហាមឃាត់មិនឱ្យកសិករលក់ស្រែអំបិលរបស់ខ្លួន មិនមែនជាមធ្យោបាយមានប្រសិទ្ធភាពដើម្បីថែរក្សាមុខរបរប្រពៃណីនៃការផលិតអំបិលឡើយ ផ្ទុយទៅវិញរដ្ឋត្រូវចេញមុខជួយដោះស្រាយបញ្ហារបស់អ្នកផលិតអំបិលតែម្ដង។ «»
កម្ពុជាមានតម្រូវការអំបិលប្រមាណ ១ម៉ឺនតោន ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ជាគ្រឿងផ្សំនៃម្ហូបអាហារ និងក្នុងវិស័យឧស្សាហកម្ម។ បច្ចុប្បន្ន កម្ពុជាមានមណ្ឌលផលិតអំបិលចំនួន៧ នៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានក្រុមផលិតករជិត ២០០ក្រុម ខណៈដីស្រែអំបិលមានចំនួនជាង ៤ ពាន់ហិកតារ។ ដីស្រែអំបិលទាំងនោះ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យមានការលក់ដូរធ្វើអាជីវកម្មក្នុងទិសដៅផ្សេង ក្រៅពីការធ្វើអំបិលនោះឡើយ៕