កសិករ​ខេត្ត​ត្បូងឃ្មុំ​ចាប់​ផ្ដើម​មាន​សង្ឃឹម​ដោយសារ​តម្លៃ​ជ័រ​កៅស៊ូ​ឡើង​ថ្លៃ

ដោយ សូត សុខប្រាថ្នា
2016-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​កៅស៊ូ​របស់​កសិករ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
ដើម​កៅស៊ូ​របស់​កសិករ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជា​កសិករ​ដាំ​កៅស៊ូ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​ផ្ដើម​មាន​សង្ឃឹម​ជា​ថ្មី ក្រោយ​ពេល​តម្លៃ​ជ័រ​កៅស៊ូ​នៅ​លើ​ទីផ្សារ​បាន​ហក់​ខ្ពស់​ឡើង​វិញ។ យ៉ាង​នេះ​ក្តី កសិករ​នៅ​តែ​បារម្ភ​ថា តម្លៃ​នឹង​អាច​ចុះ​ថោក​វិញ​នៅ​ពេល​ណា​មួយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ ពីព្រោះ​ផលិតផល​ជ័រ​កៅស៊ូ​របស់​កសិករ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទីផ្សារ​បរទេស ពិសេស​វៀតណាម។

កសិករ​ដាំ​កៅស៊ូ​នៅ​ស្រុក​មេមត់ រីករាយ​ក្រោយ​ពេល​តម្លៃ​ជ័រ​កៅស៊ូ​បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់​បន្តិច នៅ​អំឡុង​ពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​យល់​ថា ឲ្យ​តែ​ជិត​ដល់​រដូវ​បោះឆ្នោត​ចូល​មក​ដល់ តម្លៃ​ជ័រ​កៅស៊ូ​របស់​ពួក​គាត់​គឺ​ឡើង​ថ្លៃ ហើយ​នៅ​ពេល​បោះឆ្នោត​រួច​រាល់ តម្លៃ​ចុះ​ថោក​ទៅ​វិញ ពោល​គឺ​ឡើង​ថ្លៃ​រយៈពេល​ខ្លី និង​ចុះ​ថោក​រយៈពេល​វែង។

កសិករ​មួយ​រូប​នៅ​ស្រុក​មេមត់ លោក ឈុន វុត្ថា ឲ្យ​ដឹង​ថា តម្លៃ​ជ័រ​កៅស៊ូ​ចាប់​ផ្តើម​ឡើង​ថ្លៃ​បន្តិច​នៅ​រយៈពេល​ប្រមាណ ១​ខែ​មក​ហើយ។ លោក​បន្ត​ថា តម្លៃ​ជ័រ​កៅស៊ូ​បង្កក ឬ​ជ័រ​ចាន កាល​ពី​មុន​អាច​លក់​បាន​ក្នុង​មួយ​គីឡូក្រាម ១.៣០០​រៀល​ទៅ ១.៧០០​រៀល។ លោក​បញ្ជាក់​ថា ប្រហែល​ជា​មួយ​ខែ​ចុង​ក្រោយ​នេះ កសិករ​អាច​លក់​បាន​តម្លៃ​ពី ២.៧០០​រៀល​ទៅ ៣​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

យ៉ាង​នេះ​ក្តី លោក​កត់​សម្គាល់​ថា តម្លៃ​ជ័រ​កៅស៊ូ​តែងតែ​ហក់​ឡើង​បែប​នេះ ឲ្យ​តែ​ដល់​ពេល​ជិត​រដូវ​បោះឆ្នោត​ចូល​មក​ដល់ ដែល​ធ្វើ​ឲ្យ​កសិករ​ខ្លះ​នៅ​តែ​បារម្ភ​ថា តម្លៃ​ជ័រ​កៅស៊ូ​អាច​នឹង​មិន​ឋិតថេរ​ឡើយ៖ «ខ្ញុំ​គិត​ថា​រាជ​រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ទីផ្សារ​មួយ​ឲ្យ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ។ នៅ​ពេល​ណា​ទីផ្សារ​ភ្លឹបភ្លែតៗ​ដូច​ភ្លើង​ខ្វះ​ប្រេង​អ៊ីចឹង វា​ពិបាក​ណាស់»

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​កសិករ​ធ្វើ​កសិកម្ម​មាន​ទីផ្សារ និង​មាន​តម្លៃ​សមរម្យ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​រីករាយ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ថោក​វិញ ធ្វើ​ឲ្យ​កសិករ​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ ដូចជា​ជំពាក់​បំណុល​ធនាគារ និង​ចំណាក​ស្រុក ជាដើម។ ជាក់ស្តែង​មាន​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ជាច្រើន បាន​នាំ​គ្នា​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ម្រេច ឬ​ដំណាំ​ផ្សេង​ទៀត។ កសិករ​ខ្លះ​នាំ​គ្នា​ចំណាក​ស្រុក និង​មាន​ម្ចាស់​ចម្ការ​កៅស៊ូ​ខ្លះ​ដាក់​ស្លាក​លក់​ដី​ចម្ការ ដើម្បី​យក​ប្រាក់​សង​បំណុល​គេ ជាដើម។

កសិករ​មួយ​រូប​ទៀត លោក កែវ គុណ ឲ្យ​ដឹង​ថា ដំណាំ​កៅស៊ូ​របស់​លោក​បច្ចុប្បន្ន​មាន​ប្រមាណ ៧​ហិកតារ។ លោក​ត្រេកអរ​នៅ​ពេល​តម្លៃ​ជ័រ​កៅស៊ូ​បាន​ឡើង​ថ្លៃ​វិញ បើ​ទោះ​បី​តម្លៃ​នេះ​មិន​ទាន់​ដល់​តម្លៃ​មួយ​ដែល​កសិករ​ចង់​បាន​ក៏ដោយ។ លោក​ថា កសិករ​ចង់​បាន​តម្លៃ​លក់​ជ័រ​បង្កក​មួយ​គីឡូក្រាម ៤​ពាន់​រៀល ឬ​លើស​ពី​នេះ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង៖ «បារម្ភ​ដែរ បារម្ភ​ខ្លាច​តម្លៃ​វា​ថយ​ចុះ​មក​វិញ។ ចង់​តម្លៃ​ចេះ​តែ​ឡើង យ៉ាង​ហោច​ណាស់​ក៏​បាន​តម្លៃ​ម៉ា​សាំង​អ៊ីចឹង​ទៅ តម្លៃ​មួយ​គីឡូក្រាម ១​ដុល្លារ​អ៊ីចឹង»

ឈ្មួញ​ទិញ​ជ័រ​កៅស៊ូ​នៅ​ស្រុក​មេមត់ លោក ឈឹម គឹមហាក់ ហៅ ម៉ាប់ មាន​ប្រសាសន៍​ថា តម្លៃ​ជ័រ​កៅស៊ូ​ឡើង​ថ្លៃ​ពេល​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​វៀតណាម ជា​អ្នក​កំណត់​ទេ ប៉ុន្តែ​លោក​យល់​ថា អាច​ដោយសារ​ការ​ផលិត​ធ្លាក់​ចុះ ទើប​តម្រូវការ​ទីផ្សារ​កើន​ឡើង។ លោក​បន្ត​ថា នៅ​ពេល​តម្លៃ​កើន​ឡើង ធ្វើ​ឲ្យ​កសិករ​ជាច្រើន​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ហើយ​ខាង​លោក​ក៏​ងាយ​ស្រួល​ដើរ​ប្រមូល​ទិញ​ពី​កសិករ​ដែរ។ ឈ្មួញ​កណ្ដាល​រូប​នេះ​និយាយ​ថា រៀង​រាល់​ថ្ងៃ នៅ​ពេល​ជ័រ​កៅស៊ូ​ឡើង​ថ្លៃ គាត់​អាច​ទិញ​ពី​ពលរដ្ឋ​បាន​ចន្លោះ​ពី ៤ ទៅ ៥​តោន​ក្នុង​មួយ​ថ្ងៃ៖ «គ្រូ​អើយ! អត់​មាន​ពាក់ព័ន្ធ​នឹង​វៀតណាម ទេ! ជ័រ​កៅស៊ូ​ហ្នឹង​បើ​វៀតណាម លក់​ទៅ​ឲ្យ​ចិន ហ្នឹង បើ​ចិន ទិញ​ឡើង​វា​ទិញ​ឡើង»

ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង ៧​ម៉ឺន​ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មាន​ប្រសាសន៍​ថា តម្លៃ​ជ័រ​កៅស៊ូ​ឡើង​ថ្លៃ គឺ​មិន​ពាក់ព័ន្ធ​នឹង​រឿង​ជិត​ដល់​ពេល​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ច្រើន​ជាង។ លោក​មិន​ទាន់​ហ៊ាន​ទស្សន៍ទាយ​ថា ថ្ងៃ​ក្រោយ​ទៀត​តម្លៃ​នៅ​តែ​កើន​ឡើង ឬ​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ផលិតផល​ជ័រ​កៅស៊ូ​នៅ​តែ​ជា​សេចក្តី​ត្រូវ​ការ​សម្រាប់​អន្តរជាតិ និង​ជា​ដំណាំ​កសិឧស្សាហកម្ម​ល្អ​ជាង​គេ​ដដែល៖ «ចំពោះ​ទស្សនៈ​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​នៅ​តែ​ល្អ ហើយ​ថ្នាក់​ដឹកនាំ​របស់​យើង​ដូច​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​ខ្នះខ្នែង​ទំនាក់ទំនង​អន្តរជាតិ​លើ​បញ្ហា​ទីផ្សារ​ជាដើម​ហ្នឹង»

ប្រធាន​មន្ទីរ​កសិកម្ម​ដដែល​បន្ថែម​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​ធ្លាប់​បាន​ណែនាំ​ដល់​កសិករ​ឲ្យ​អត់ធ្មត់ ហើយ​រក្សា​ដើម​កៅស៊ូ​ឲ្យ​នៅ​ល្អ​ដដែល ជៀសវាង​កាប់​ចោល ហើយ​ផ្លាស់​ទៅ​ដាំ​ដំណាំ​ផ្សេងៗ ដែល​នាំ​ឲ្យ​ស្ដាយ​ក្រោយ​នៅ​ពេល​តម្លៃ​ជ័រ​កៅស៊ូ​ចាប់​ផ្ដើម​កើន​ឡើង​ដូច​ពេល​នេះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​សេដាក (CEDAC) លោក សម វិទូ បញ្ជាក់​ថា តម្លៃ​កៅស៊ូ​ឡើង​ថ្លៃ គឺ​មាន​ហេតុផល​ពីរ​យ៉ាង។ ទី​មួយ ដោយសារ​តម្រូវ​ការ​ទីផ្សារ​បរទេស​កើន​ឡើង ពិសេស​តម្រូវ​ការ​ទីផ្សារ​ប្រទេស​ចិន។ មួយ​វិញ​ទៀត ដោយសារ​ប្រេង​ឡើង​ថ្លៃ​បន្តិច​នា​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ជ័រ​កៅស៊ូ​ធម្មជាតិ​ចាប់​ផ្តើម​កើន​ឡើង​ដែរ។ លោក​បន្ត​ថា តម្លៃ​នេះ​នឹង​អាច​ប្រែប្រួល ប្រសិន​បើ​តម្រូវ​ការ​ទីផ្សារ​ប្រទេស​ចិន និង​តម្លៃ​ប្រេង​ប្រែប្រួល ម្យ៉ាង​ប្រសិន​បើ​កសិករ​ខ្មែរ​ផលិត​ជ័រ​កៅស៊ូ​សម្រាប់​លក់​ចេញ​ក្នុង​រូបភាព​មិន​ត្រឹមត្រូវ ឬ​បោកប្រាស់​គេ៖ «ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល​ខ្លះ គាត់​មាន​ការ​ដាក់​លាយ​ខ្សាច់​លាយ​អី​ជាដើម។ ហើយ​អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ផលិតផល​យើង​លក់​បាន​តម្លៃ​ថោក»

លោក សម វិទូ មើល​ឃើញ​ថា ដើម្បី​រក្សា​លំនឹង​ស្ថិរភាព​តម្លៃ ឬ​ធ្វើ​ឲ្យ​តម្លៃ​ចេះ​តែ​កើន​ឡើង រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ត្រូវ​សហការ​គ្នា​ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​វត្ថុ​ធាតុ​ដើម​ទៅ​ជា​ផលិត​សម្រេច ដើម្បី​នាំ​ចេញ​ឲ្យ​បាន​ច្រើន។ ជាង​នេះ​ទៀត កសិករ​ខ្លួន​ឯង​ត្រូវ​ពង្រឹង​គុណភាព​ផលិត​ជ័រ​កៅស៊ូ​របស់​ខ្លួន ហើយ​បង្កើន​ទំនុក​ចិត្ត​ដល់​ឈ្មួញ ឬ​អ្នក​ទិញ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល