អ្នក​ជំនាញ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​សមស្រប​ស្តុក​ទុក

ដោយ រាជ វិញ្ញូ
2016-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

មន្ត្រី​ជំនាញ​វិស័យ​កសិកម្ម​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​ដើម្បី​បញ្ចេញ​លុយ​មួយ​ចំនួន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ខណៈ​ពួក​គាត់​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​ខ្លាំង។ ការ​អះអាង​នេះ ធ្វើ​ឡើង​ភ្លាមៗ​ឆ្លើយតប​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ដល់​កសិករ​មិន​ត្រូវ​ប្រញាប់​លក់​ស្រូវ​លឿន​ពេក​ទេ និង​ត្រូវ​រង់ចាំ​រហូត​តម្លៃ​ស្រូវ​ឡើង​ថ្លៃ​សិន។ ប៉ុន្តែ​ការ​អំពាវនាវ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រៅ​រដ្ឋាភិបាល​យល់​ថា មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ឡើយ។

ស្រប​ពេល​រដូវ​ច្រូត​កាត់​ចូល​ដល់ ហើយ​កសិករ​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ខ្លាំង​ដោយ​មិន​អាច​លក់​ស្រូវ​ក្នុង​តម្លៃ​សមរម្យ សម្រាប់​ទូទាត់​តម្លៃ​ដើម ជួនកាល​ត្រូវ​ខាតបង់​ទុន​ទៀត​នោះ បែរ​ជា​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ប្រជា​កសិករ​កុំ​អាល​លក់​ស្រូវ​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ត្រូវ​តែ​រក្សា​ស្រូវ​ដែល​ច្រូត​កាត់​ថ្មីៗ​ទុក​មួយ​រយៈពេល​សិន និង​រង់ចាំ​ពេល​ណា​មួយ​ដែល​ស្រូវ​អង្ករ​ឡើង​ថ្លៃ ចាំ​លក់។ ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី នា​ថ្ងៃ​ទី​២១ វិច្ឆិកា៖ «អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ មេត្តា​ខិតខំ​ហាល​ស្រូវ ថែទាំ​ស្រូវ​នេះ​ទុក​សិន នៅ​ពេល​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ចាំ​ធ្វើ​ការ​លក់។ កុំ​លក់​ទាំង​ទទឹក ស្រូវ​ទទឹក​ឈ្មួញ​បង្អាប់​ថ្លៃ...»

លោក ហ៊ុន សែន បន្ត​ថា ស្រូវ​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​នៅ​ពេល​នេះ មិន​មែន​មាន​តែ​នៅ​កម្ពុជា ទេ សូម្បី​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ក៏​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ ក្រៅ​ពី​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​ធនាគារ មីក្រូហិរញ្ញវត្ថុ គួរ​យោគយល់​ដល់​កសិករ​ផង មិន​ត្រូវ​ប្រញាប់​ទារ​លុយ​ពី​ពួក​គាត់​លឿន​ពេក​ទេ បើ​សិន​ជា​ពួក​គាត់​មិន​អាច​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ និង​មិន​បាន​លុយ​យក​ទៅ​សង​ទាន់​ពេលវេលា​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ដែល​ជា​អតីត​ប្រធាន​អង្គការ​សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ការ​ឲ្យ​ពលរដ្ឋ​រក្សា​ស្រូវ​ទុក​នោះ មិន​អាច​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ឲ្យ​កសិករ​ធ្វើ​តាម​ឡើយ ព្រោះ​នេះ​មិន​មែន​ជា​វិធីសាស្ត្រ​ថ្មី​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ​នោះ​ដែរ។ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​បញ្ជាក់​ទៀត​ថា វិធីសាស្ត្រ​ល្អ​បំផុត គឺ​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ជួយ​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ​ពី​កសិករ យក​មក​ស្ដុក​ទុក​ដោយ​ខ្លួន​ឯង ប្រសើរ​ជា​ជាង​ឲ្យ​កសិករ​ច្រូត​កាត់ ហើយ​ឲ្យ​ពួក​គាត់​រក្សា​ទុក ព្រោះ​ថា​កសិករ​ក្រោយ​ពី​ប្រមូល​ផល ពួក​គាត់​នឹង​ប្រញាប់ប្រញាល់​លក់​ស្រូវ​ទាំងនោះ​ភ្លាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​មិន​អាច​រង់ចាំ​ពេល​យូរ​ឡើយ ព្រោះ​ពួក​គាត់​ធ្វើ​ស្រែ មាន​អ្នក​ខ្លះ​ជួល​ដី​គេ ជួល​គេ​ភ្ជួរ​រាស់ ស្ទូង និង​ច្រូត​កាត់​តាម​រយៈ​ម៉ាស៊ីន៖ «គាត់​យក​លុយ​ហ្នឹង​ទៅ​សង​បំណុល​គេ។ មួយ​រដូវ​ហ្នឹង គាត់​ខ្ចី​លុយ​ខ្ចី​កាក់​គេ​ដើម្បី​ធ្វើ​ស្រូវ ដើម្បី​ទុក​ដោះស្រាយ​ជីវភាព។ ទី​ពីរ គាត់​យក​លុយ​ហ្នឹង (លុយ​ទទួល​បាន​ពី​ការ​លក់​ស្រូវ) ចាយវាយ​មួយ​ចំនួន​ទៅ​លើ​តម្រូវ​ការ​ចាំបាច់​ក្នុង​គ្រួសារ។ ទី​បី គាត់​ត្រូវ​សង​គេ​វិញ ដូចជា​តម្លៃ​ជី និង​ពូជ​ជាដើម»

ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នេះ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​បញ្ជាក់​ថា ដោយសារ​មាន​ការ​ធ្លាក់​ចុះ​ការ​កុម្ម៉ង់​អង្ករ និង​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​បរទេស ប្រទេស​ជិត​ខាង​បាន​កាត់​បន្ថយ​ការ​ទិញ​ស្រូវ​យ៉ាង​ខ្លាំង និង​រោង​ម៉ាស៊ីន​មិន​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ទិញ​ស្រូវ​ឲ្យ​អស់ និង​ពុំ​មាន​ភាព​ច្បាស់លាស់​នៃ​ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាដើម។

លោក​បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា បច្ចុប្បន្ន ស្រូវ​ធម្មតា​មួយ​គីឡូក្រាម​លក់​បាន​ក្រោម ៨០០​រៀល ស្រប​ពេល​តម្លៃ​សមស្រប​ដែល​កសិករ​អាច​ទទួល​យក​បាន គឺ​មួយ​គីឡូក្រាម​ដែល​ពួក​គាត់​សង្ឃឹម​ថា​នឹង​អាច​លក់​ចេញ​ចាប់​ពី ១.០០០​រៀល​ឡើង​ទៅ។ លោក​ថា បើ​សិន​ជា​រដ្ឋាភិបាល​ប្រាកដ​ជា​ចង់​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​អង្ករ​ជូន​ពលរដ្ឋ​មែន រដ្ឋាភិបាល​អាច​យក​លុយ​ដែល​ទទួល​បាន​ពី​ការ​បង់​ពន្ធ​របស់​ធនាគារ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដើម្បី​យក​លុយ​នោះ​ខ្លះ​មក​ទិញ​ស្រូវ​ពី​កសិករ៖ «រដ្ឋាភិបាល​យក​ពន្ធ​ប្រាក់​ចំណេញ និង​ពន្ធ​ផ្សេងៗ​ពី​ធនាគារ​ចូល​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អ៊ីចឹង​យក​ពន្ធ​ប្រាក់​ចំណេញ​ពី​ធនាគារ យក​មក​ជួយ​ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម ជាពិសេស​ដើម្បី​ឲ្យ​កសិករ​គាត់​មាន​ចំណូល​គ្រប់គ្រាន់ ដើម្បី​សង​មក​ធនាគារ​វិញ ដើម្បី​គាត់​រក​ស៊ី​ចំណេញ វា​នឹង​ជួយ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​ដើរ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ លោក សុខ ពុទ្ធិវុធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​នៅ​ពេល​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រមូល​ផល​ស្រូវ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រៅ​ពី​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ទុក​សម្រាប់​ធ្វើ​ពូជ​នៅ​ឆ្នាំ​ក្រោយ​ទៀត គឺ​កម្ពុជា នៅ​សល់​ស្រូវ​ប្រហែល ៥​លាន​តោន ដែល​ត្រូវ​ការ​លក់​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​លោក​ថា ប្រទេស​ចិន និង​វៀតណាម ដែល​ជា​ទីផ្សារ​ស្រាប់​របស់​កម្ពុជា នឹង​អាច​ជួយ​ទិញ​ស្រូវ​ទាំងនោះ​បាន​ជាង​ពាក់​កណ្ដាល។

ទោះ​ជា​បែប​នេះ​ក្ដី លោក​បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា នៅ​ពេល​ស្រូវ​លក់​មិន​ចេញ ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ថោក​បែប​នេះ នឹង​ធ្វើ​ឲ្យ​កសិករ​ឈប់​ធ្វើ​ស្រែ រួច​ហើយ​នាំ​គ្នា​កាន់​តែ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

យើងមានអ្នកសេដ្ឋកិច្ច តែយើងគ្មានសេដ្ឋកិច្ច​ :(

Dec 04, 2016 12:27 AM

គេហទំព័រ​ទាំងមូល