ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ទុន​ទិញ​ស្រូវ​អង្ករ​ស្តុក​ទុក

ដោយ អ៊ុំ រង្សី
2016-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រូវ​ដែល​ត្រូវ​បាន​គេ​យក​មក​​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
ស្រូវ​ដែល​ត្រូវ​បាន​គេ​យក​មក​​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យ​ដឹង​ថា បាតុភូត​អាកាសធាតុ​អេលនីណូ (El Nino) អាច​កាត់​បន្ថយ​ទិន្នផល​ស្រូវ​ពិភពលោក និង​ជំរុញ​ឲ្យ​ប្រទេស​នាំ​ចូល​អង្ករ​បង្កើន​ស្តុក​បម្រុង។ ទន្ទឹម​គ្នា ក្រុមហ៊ុន​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​មាន​កញ្ចប់​ទុន​ទិញ​ស្រូវ​ស្តុក​ទុក​ដើម្បី​ត្រៀមខ្លួន​ទប់ស្កាត់​បញ្ហា​នេះ។

ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​យល់​ថា ការ​ត្រៀម​កញ្ចប់​ទុន​ទិញ​ស្រូវ​ស្តុក​ទុក​របស់​រដ្ឋាភិបាល គឺ​ជា​មធ្យោបាយ​សប​ស្រប​មួយ​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​កង្វះ​ស្បៀង​ជាយថាហេតុ ខណៈ​កម្ពុជា បន្ត​ជួប​គ្រោះ​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​រលក​កម្ដៅ​បាតុភូត​អេលនីណូ ដែល​បាន​អូស​បន្លាយ ២​ឆ្នាំ​ជាប់​គ្នា​មក​នេះ។

​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ [AMRU RICE (CAMBODIA) Co., LTD.) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា លោក សុង សារ៉ន មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះ​រាំង​ស្ងួត​ដែល​កម្ពុជា កំពុង​ជួបប្រទះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​កម្ពុជា ប៉ុណ្ណោះ​ទេ។ បញ្ហា​នេះ ក៏​គំរាមកំហែង​ដល់​ដំណើរការ​ផលិតកម្ម​ស្រូវ និង​ដំណាំ​ផ្សេងៗ ទាំង​រដូវ​ប្រាំង និង​រដូវវស្សា​ផង​ដែរ៖ «យើង​បារម្ភ​នៅ​ពេល​ណា​ដែល​យើង​អត់​អាច​ដាំ​បាន នៅ​ក្នុង​ត្រីមាស​ទី​២​នេះ យើង​អាច​មាន​វិបត្តិ​អង្ករ​ឡើង​ថ្លៃ ដូច​វិបត្តិ​ទឹក​ជំនន់។ កាលណា​យើង​អត់​ដាំ​បាន យើង​នឹង​រក​ឃើញ​ហើយ នៅ​ក្នុង​ខែ​សីហា និង​ខែ​កញ្ញា ដែល​តម្លៃ​អង្ករ​នឹង​អាច​ឡើង​ថ្លៃ​នៅ​ក្នុង​ទីផ្សារ»

លោក សុង សារ៉ន បញ្ជាក់​ទៀត​ថា កាលណា​ដំណើរ​ការ​ផលិតកម្ម​កសិកម្ម មាន​ភាព​យឺតយ៉ាវ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​នៅ​ក្នុង​ស្រុក មិន​ថា​ពិភពលោក ហក់​ឡើង​ថ្លៃ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ស្រុក​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ ព្រោះ​កង្វះ​ស្រូវ​ស្តុក​ទុក​សម្រាប់​នាំ​ចេញ ហេតុនេះ​ជា​ឧកាស​ដែល​អាច​ឲ្យ​ឈ្មួញ​នាំ​ចូល​អង្ករ និង​ដំឡើង​ថ្លៃ​អង្ករ​នៅ​ក្នុង​ស្រុក។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​មាន​កញ្ចប់​ថវិកា​ទិញ​ស្រូវ​ប្រមូល​ទុក​ស្តុក​ទុក​បម្រុង ដើម្បី​សង្គ្រោះ​បញ្ហា​កង្វះ​ស្បៀង​ក្នុង​ស្រុក៖ «ចំពោះ​រដ្ឋាភិបាល​ខ្ញុំ​គិត​ថា ក្នុង​ខណៈ​នេះ គាត់​គួរតែ​ទិញ​អង្ករ ឬ​ស្រូវ​ស្តុក​ទុក​ទៅ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ»

​ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ តំណាង​សហគមន៍​កសិករ លោក ស៊ឹម រ៉ុម យល់​ថា ដើម្បី​បញ្ចៀស​បញ្ហា​ឡើង​ថ្លៃ​អង្ករ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​រាល់​ឧបសគ្គ​ក្នុង​វិស័យ​កសិកម្ម សំខាន់​គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ដំណើរការ​ផលិតកម្ម ពិសេស​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​នៅ​កម្ពុជា កាន់តែ​ក្រីក្រ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី និង​លោក អ៊ាង សុផល្លែត ដើម្បី​ដឹង​ពី​វិធានការ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​បាន​ត្រៀម​ទុន​ទិញ​ស្រូវ​ស្តុក​រួច ឬ​នៅ ដើម្បី​បញ្ចៀស​វិបត្តិ​ឡើង​ថ្លៃ​អង្ករ បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា។

​របាយការណ៍​របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា ក្នុង​រយៈពេល ៣​ខែ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ដើ​ ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ១៦​ម៉ឺន​តោន គឺ​កើន​ឡើង​ជាង ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។ របាយការណ៍​បង្ហាញ​ពី​បរិមាណ​នាំ​ចេញ​អង្ករ​នេះ​នៅ​មាន​កំណើន​តិចតួច​នៅ​ឡើយ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ជាង​នេះ​ទៀត ក៏​នៅ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិស​ដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​យន្តការ​ទប់ស្កាត់​វិបត្តិ​អង្ករ​ឡើង​ថ្លៃ​នោះ​ទេ កម្ពុជា​មិន​ត្រឹមតែ​ខ្វះ​ស្បៀង​ផ្គត់​ផ្គង​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​មិន​អាច​គេច​ចេញ​ពី​ការ​ដួល​រលំ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សូមទោសទាន អាចស្ងប់អារម្មណ៌បានហើយ សម័យណាមិន​ដឹង​ទេ​តែសម័យតេជោទៅហើយ គ្មានទេពាក្យថាអន់នោះបាទ​ បើភ័យគឺ​ភ័យ​​តែលោតផ្លោះនិងមានហួសទៅវិញទេ សម្តេចលោកយកចិត្ត​ទុក​ដាក់ណាស់ លោកខិតខំកាប់ព្រៃកាយភ្នំកុំឲ្យវាស្ទះទឹក បុកអណ្តូងបូក​យកខ្លឹមទឹក មកស្រោចស្រប់ដីស្រែ ហេតុនេះល្មមរីករាយទទួលយក​សមិទ្ធិផលដ៏កម្រដែលប្រសូត្រពីស្នាដៃដ៏ឆ្នើមនៃកំពូលអ្នកដឹកនាំនេះបានហើយ រីករាយទៅបងប្អូនខ្មែរ ចូលលោកដប់ម្ភៃឆ្នាំទៀតទៅ លោក​ដឹងនាំល្អណាស់រីកចម្រើនធំធេងល្វឹងល្វើយល្ហើយល្ហរល្ហេវហើយទឹកដីខ្មែរ។

Apr 24, 2016 09:44 PM

គេហទំព័រ​ទាំងមូល