សង្គម​ស៊ីវិល​ស្នើ​សមាគម​មីក្រូហិរញ្ញវត្ថុ​ស៊ើបអង្កេត​បញ្ហា​បំណុល​វ័ណ្ឌក​របស់​រាស្ត្រ​ជាជាង​វាយ​បក

ដោយ មួង ណារ៉េត
2019-08-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ចូលរួម​ស្រាវជ្រាវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី​ដោយសារតែ​បញ្ហា​បំណុល នៅតែ​ស្នើ​ឱ្យ​សមាគម​មីក្រូហិរញ្ញវត្ថុ ស៊ើបអង្កេត​បញ្ហា​បំណុល​វ័ណ្ឌក​របស់​រាស្ត្រ ជា​ជាង​វាយ​បក​ទៅ​រក​អ្នក​ជួយ​ចង្អុល​ចំ​បញ្ហា។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​លោក សឿង សារ៉ន បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៧ ខែ សីហា​នេះ ថា​របាយការណ៍​ស្រាវជ្រាវ ដែល​ផ្អែកលើ​ភស្តុតាង​ពិត និង​ជាក់ស្ដែង​បែបនេះ គួរ​ត្រូវ​ចាត់​ទុក​ថា ជា​ប្រយោជន៍​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ យក​ទៅ​ធ្វើជា​ចំណុច​ចាប់ផ្ដើម ក្នុង​ការ​រក​វិធានការ​ដោះស្រាយ​បញ្ហា «នៅ​ក្នុង​អនុសាសន៍​របស់​យើង យើងផ្តល់អនុសាសន៍​ដល់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ស្រាវជ្រាវ​បន្ថែម​ដែរ ផ្អែក​លើ​ភ័ស្តុតាង​ដែល​យើង​រក​ឃើញ​ ជាជាង​ការ​វាយ​ប្រហារ​អ្វី​ដែល​យើង​រក​ឃើញ ព្រោះ​អ្វី​ដែល​រក​ឃើញ​គឺ​ជាការពិត។ យើង​បាន​ជួប​អ្នក​ខ្ចីលុយ ពី​គ្រឹះស្ថាន​ទាំងនោះ»។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​ក្រោយ​សមាគមស​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ចេញ​សេចក្ដី​ថ្លែងការណ៍ ចោទ​អង្គការ​របស់​លោក និង​អង្គការ​លីកាដូ (Licadho) ថា ចេញ​របាយការណ៍​មួលបង្កាច់ និង​បង្ហាញ​ពី​រូបភាព​អវិជ្ជមាន​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តល់​កម្ចី​មីក្រូហិរញ្ញវត្ថុ​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មិនបាន​បញ្ជាក់​ថា ខ្លួន​នឹង​ស្រាវជ្រាវ​រក​ឫសគល់​នៃ​បញ្ហា​ទេ ប៉ុន្តែ​បែរជា​ទាមទារ​ឱ្យ​អ្នក​សរសេរ​របាយការណ៍ បញ្ចេញ​សេចក្ដី​លម្អិត​នៃ​របាយការណ៍ ដែល​អាច​ប៉ះពាល់​ដល់​ភាព​លាក់​ការ​សម្ងាត់ និង​សុវត្ថិភាព​របស់​ប្រភព​ទៅវិញ។

អង្គការ​លីកាដូ (Licadho) និង​សមាគម​ធាងត្នោត​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី៧ សីហា​ថា រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​រហូត​ដល់​ទៅ​សរុប​ជិត ២​លាន ៤​សែន​គ្រួសារ កំពុង​ជាប់ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ដែល​គិត​ជា​ប្រាក់​សរុប​ស្មើនឹង​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​៨​ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨​។ ក្នុង​នោះ គិត​ជា​មធ្យម​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ អាច​ជំពាក់​បំណុល​រហូត​ដល់​ទៅ ជិត ៣​ពាន់ ៤​រយ​ដុល្លារ​អាមេរិក ក្នុង​ពេល​ដែល​ពលរដ្ឋ​ម្នាក់​រក​ចំណូល​ជា​មធ្យម​បានតែ ១.៣៨៤ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​នេះ រក​ឃើញ​ថា កំណើន​កាន់តែ​ខ្លាំង​នៃ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នេះ អាច​ជំរុញ​ឱ្យ​កើតមាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ច្រើន ក្នុង​នោះ​រួមមាន​ការ​បង្ខំ​ឱ្យ​លក់​ដី ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​ជាដើម។

ការសិក្សា​នេះ ធ្វើឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជធានី​ភ្នំពេញ ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ រួមបញ្ចូល​ទាំង​ករណី​សិក្សា​លម្អិត​ចំនួន ៧ នៃ​ការរំលោភ​សិទ្ធិមនុស្ស ក្រោយ​បាន​សម្ភាស​អតិថិជន​ចំនួន ២៨ នាក់ ដែល​ជំពាក់​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក សឿង សារ៉ន បន្ថែម​ទៀត​ថា ការសិក្សា​នេះ ធ្វើ​រយៈពេល​ខ្លី​ផង រក​ឃើញ​បញ្ហា​ច្រើន​ប៉ុណ្ណេះ ចុះ​ទម្រាំ​បើ​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​ឱ្យ​វែង​ជាង​នេះ មិន​ដឹង​ជា​បញ្ហា​នេះ នឹង​ធំ​ប៉ុនណា? «យើ​ង​គ្រាន់​តែចំណាយ​ពេល​ពីរ​ខែ​ដើម្បី​សួរ​ និង ជួប​ប្រជាពលរដ្ឋ​ដែលបាន​ខ្ចី​ប្រាក់ហ្នឹង​ ២៨ គ្រួសារ​ហ្នឹង គឺពួកគាត់​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លី ដោយសារ​រឿងទ្រព​បញ្ចាំ​។ នេះ​យើង​គ្រាន់តែ​ចំណាយ​ពេល​ពីរខែទេ ចុះប្រសិនបើ​យើង​ចំណាយ​ពេល​លើស​ពីហ្នឹងថែម​ទៀត ប្រហែល​យើង​អាច​រក​ឃើញ​នូវ​ការ​រំលោភ និង ការ​ប្រឈម​នឹង​ការ​បាត់​បង់​ទ្រព្យ​បញ្ចាំ​ហ្នឹង​ច្រើន​ជាង​ហ្នឹង»។

លោក សឿង សារ៉ន នៅតែ​ប្រកាន់​ជំហរ​រក្សា​តម្លៃ​នៃ​ការពិត នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ និង រក្សា​ការសម្ងាត់​របស់​ប្រភព ហើយ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស៊ើបអង្កេត​ផ្ទាល់​ដល់​មូលដ្ឋាន ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា និង រក​វិធានការ​ដោះស្រាយ​ឱ្យ​ទាន់​ពេល​វេលា៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ ពី​បញ្ហា​នេះ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល