សហគ្រាស​ធុន​តូច-​មធ្យម​ខេត្ត​ព្រះសីហនុ​រក​មធ្យោបាយ​ធ្វើ​អោយ​អាជីវកម្ម​បាន​ជោគជ័យ

ដោយ ដែន អយុធ្យា
2016-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ ដារ៉ា (ស្ដាំ) អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​ពេល​ចូលរួម​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
លោក សុខ ដារ៉ា (ស្ដាំ) អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា ផ្ដល់​សម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​ពេល​ចូលរួម​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
RFA/Den Ayuthyea

គណៈកម្មការ​មូលបត្រ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ រួម​គ្នា​អនុវត្ត​ទិស​ដៅ​រួម​ ដែល​ជា​មធ្យោបាយ​ធ្វើ​អោយ​អាជីកម្ម​បាន​ជោគ​ជ័យ និង​មាន​កំណើន​​ប្រកប​ដោយ​ស្ថិរភា។ ម្ចាស់​សហគា្រស​ធុន​តូច និង​មធ្យម​ក៏​មាន​ឱកាស​លើក​ឡើង​ពី​ការ​លំបាក​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ។

​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម រំពឹង​ថា​ បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​មួយ​ចំនួន​អាច​នឹង​ដោះស្រាយ​បាន​នៅ​ក្រោយ​ទទួល​បាន​បទពិសោធន៍​ពី​សិក្ខាសាលា "ដំណើរ​ឆ្ពោះ​ទៅ​រក​កំណើន​​អាជីវកម្ម​ប្រកប​​ដោយ​ស្ថិរភាព" ដែល​មាន​វិស័យ​ឯកជន​ជិត ១០០​សហគ្រាស និង​ក្រុមហ៊ុន​ចូលរួម។

សិក្ខា​សាលា​នេះ​រៀបចំ​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ សាខា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ និង​មាន​គោលបំណង​ជំរុញ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​មាន​ការ​រីកចម្រើន ហើយ​អាច​ប្រកួតប្រជែង​ផលិតផល ​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ប្រកប​ដោយ​គុណភាព​នៅ​ថ្ងៃ​អនាគត។

អគ្គនាយក​រង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា លោក សុខ ដារ៉ា បាន​ថ្លែង​ថា សិក្ខាសាលា​នេះ​ជា​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​សម្រាប់​កសាង​សមត្ថភាព​ធ្វើ​អាជីវកម្ម​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​ការ​រៀបចំ​អភិបាលកិច្ច​សាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មាន​បទដ្ឋាន​ស្រប​តាម​ក្រុមហ៊ុន​ចុះ​បញ្ជី​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​កំណើន​នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ចិរភាព និង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ទីផ្សារ​ក្នុង​ស្រុក ក្នុង​តំបន់ និង​អន្តរជាតិ។

លោក សុខ ដារ៉ា ស្នើ​ដល់​ម្ចាស់​ធ្វើ​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម នា​ខេត្ត​ព្រះសីហនុ បើ​មាន​ចម្ងល់​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​របស់​ខ្លួន​កំពុង​ជួប​ប្រទះ ឬ​មាន​បញ្ហា​ប្រឈម​ទាំង​ការងារ​បច្ចេកទេស ហិរញ្ញវត្ថុ និង​បញ្ហា​ផ្លូវ​ច្បាប់​ជាដើម ដាក់​ជូន​គណៈកម្មការ​មូលបត្រ​កម្ពុជា ជួយ​ប្រឹក្សា​យោបល់៖ «សិក្ខា​សាលា​នេះ​ជា​កិច្ច​ចាប់​ផ្ដើម​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា ដែល​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​ចុះ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ សិក្ខាសាលា​នេះ រៀបចំ​ឡើង​ដើម្បី​ចែក​រំលែក​នូវ​បទពិសោធន៍ ចំណេះ​ដឹង​ពាក់ព័ន្ធ​ទាក់ទង​ការ​រៀបចំ​ក្រុមហ៊ុន​ឲ្យ​រឹងមាំ ឲ្យ​មាន​ដំណើរ​ការ​ល្អ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ឲ្យ​មាន​អភិបាលកិច្ច​សាជីវកម្ម ទាំង​ផ្នែក​គ្រប់គ្រង ទាំង​ផ្នែក​ហិរញ្ញវត្ថុ អាច​ឲ្យ​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន និង​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន ក្នុង​ការ​ស្វែង​រក​ហិរញ្ញប្បទាន ក៏​ដូចជា​ចូលរួម​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា»

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា វណ្ណ សុខហេង រំពឹង​ថា ឆ្លងកាត់​សិក្ខាសាលា​ចែក​រំលែក​បទពិសោធន៍ ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា ឬ​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​កម្ពុជា នៅ​ពេល​នេះ នឹង​ផ្តល់​ចំណេះដឹង​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​មួយ​ចំនួន អាច​យក​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ឬ​​ការ​រាំងស្ទះ​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​តាម​សហគ្រាស​នីមួយៗ។

លោក វណ្ណ សុខហេង បង្ហាញ​ផលវិបាក ៧​ចំណុច ដែល​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ កំពុង​ជួប​ប្រទះ​រួម​មាន ការ​ប្រកួត​ប្រជែង​ទីផ្សារ​គ្មាន​តម្លាភាព ការផលិត ឬ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទីផ្សារ ខ្វះខាត​បច្ចេកទេស​ចង្វាក់​ផលិតកម្ម ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ចង្កោម ចង្វាក់​ផលិតកម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​គ្មាន​ស្តង់ដារ មិន​អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​ភាគ​ច្រើន​មាន​ទំនុក​ចិត្ត ឬ​និយម​ប្រើប្រាស់​ផលិតផល​បរទេស និង​ហិរញ្ញប្បទាន​សំបូរ​បែប ប៉ុន្តែ​ខ្វះ​ជំនាញ​ធ្វើ​ផែនការ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ។

​ត្រង់​ចំណុច​នេះ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា វណ្ណ សុខហេង  បាន​ត្អូញត្អែរ​ថា ចំពោះ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បច្ចុប្បន្ន​នេះ គឺ​ក្រុមហ៊ុន​ធំ​បាន​ផ្ដួល​ក្រុមហ៊ុន​តូចៗ។ ដូច្នេះ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច បាន​ជួប​ផលវិបាក​ក្នុង​ការ​ប្រកប​អាជីវកម្ម ហើយ​នៅ​ទី​បញ្ចប់​ការ​ធ្វើ​អាជីវកម្ម​របស់​ពួកគេ បាន​ត្រឹម​រក​ប្រាក់​ចំណូល​តាម​រយៈ​ទទួល​តែ​កម្រៃ​ជើង​សារ​ប៉ុណ្ណោះ៖ «នេះ​ជា​ការ​ភ្ញាក់ផ្អើល​របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ព្រោះ​ដំបូង​ឡើង​ហៅ​ថា មូលបត្រ​កម្ពុជា ឬ​ទីផ្សារ​មូលបត្រ គឺ​សំដៅ​ទៅ​លើ​ស្ថាប័ន​ធំៗ មាន​ដូចជា​កំពង់ផែ​ តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​ក្រុមហ៊ុន​ដែល​ធំៗ ប៉ុន្តែ​នៅ​ពេល​យើង​បាន​ចូលរួម​ជាមួយ​សិក្ខាសាលា​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ត្រូវ​ស្ថាប័ន​នេះ បាន​ជួយ​ពង្រឹង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ ដើម្បី​វិវត្តន៍​ខ្លួន​ចូល​ទៅ​ក្នុង​ភាគហ៊ុន។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​បាន​គិត និង​បាន​ព្រាង គឺ​ពួក​ខ្ញុំ​បាន​គិត​ថា នឹង​ចូល​ទៅ​ក្នុង​ធ្វើ​ជា​របៀប​ភាគហ៊ុន​ប្រហែលជា​ដប់​ឆ្នាំ​ហើយ»

​ទោះ​យ៉ាង​ណា អ្នក​ជំនាញ​គណៈកម្មការ​មូលបត្រ​កម្ពុជា និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ឬ​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ រំពឹង​ថា តាម​រយៈ​ការ​ពិភាក្សា​ជា​ក្រុម​នៅ​ក្នុង​សិក្ខាសាលា​ស្តី​អំពី "ដំណើរ​ឆ្ពោះ​ទៅ​រក​កំណើន​អាជីវកម្ម​ប្រកប​ដោយ​ស្ថិរភាព" នឹង​ជំរុញ​ឲ្យ​ម្ចាស់​ធ្វើ​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​អស់ រួម​សហការ​គ្នា​ធ្វើ​អាជីវកម្ម​តាម​បែប​ចង្កោម ដោយ​រួមគ្នា​ផលិត រួមគ្នា​នាំ​ចេញ រួម​គ្នា​ប្រើប្រាស់ និង​ចូលរួម​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ជាមួយ​គ្នា នៅ​ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល