អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឲ្យ​មន្ត្រី​សិក្សា​គម្រោង​សង់​ស្ពាន​​ឆ្លង​ទន្លេ​បាសាក់​មួយ​ទៀត ពី​សង្កាត់​ព្រែកប្រា ទៅ​សង្កាត់​ចាក់​អង្រែ​លើ

2019-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ពាន​មុនីវង្ស ឬ​ស្ពាន​ច្បារ​អំពៅ​ភ្លោះ ដែល​ឆ្លង​កាត់​ទន្លេបាសាក់ ពី​តំបន់​ក្បាល​ថ្នល់​សង្កាត់​ចាក់អង្រែ​លើ ​ទៅ​ផ្សារ​ច្បារ​អំពៅ។​
ស្ពាន​មុនីវង្ស ឬ​ស្ពាន​ច្បារ​អំពៅ​ភ្លោះ ដែល​ឆ្លង​កាត់​ទន្លេបាសាក់ ពី​តំបន់​ក្បាល​ថ្នល់​សង្កាត់​ចាក់អង្រែ​លើ ​ទៅ​ផ្សារ​ច្បារ​អំពៅ។​
រូប៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្កើត​គណៈកម្មការ​សិក្សា​​គម្រោង​​សាងសង់​ស្ពាន​កាត់​ទន្លេ​បាសាក់​ថ្មី​មួយ​ទៀត ដោយ​ឆ្លង​ពី​សង្កាត់​ព្រែកប្រា នៃ​ខណ្ឌ​ច្បារ​អំពៅ មក​សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ។ ក្នុង​សេចក្ដី​សម្រេច​​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៣ ធ្នូ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​​ បង្ហាញ​ថា អភិបាល​ក្រុង​ លោក ឃួង ស្រេង បាន​ចាត់​តាំង​មន្ត្រី​​ជាង ២០នាក់ ចាប់​ពី​ថ្នាក់​អភិបាល​រង​រាជធានី​ ដល់​​មន្ត្រី​មូលដ្ឋាន ឲ្យ​ចុះ​សិក្សា​កំណត់​ទីតាំង​សាងសង់​ ដើម្បី​លើក​គម្រោង​ប្លង់​សាងសង់​ស្ពាន​​ និង​ស្រង់​ស្ថិតិ​​ពលរដ្ឋ រង​ផល​ប៉ះពាល់​ពី​គម្រោង​កសាង​ស្ពាន​នេះ​ជា​ដើម។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរោបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក សារិន វណ្ណា ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​មិន​ទាន់​បាន​ចុះ​ទៅ​សិក្សា​គម្រោង​ទេ ដោយសារ​គណៈកម្មការ​ទើប​បង្កើត​បាន​ពីរ​បី​ថ្ងៃ។ លោក​មិន​ដឹង​ពី​មូលហេតុ នាំ​ឲ្យ​មាន​ការ​សិក្សា​គម្រោង​បង្កើត​ស្ពាន​នេះ​ទេ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ​វិញ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េត មាស​ភក្ដី​ បាន​ទេ ដោយសារ ទូរស័ព្ទ​រោទ៍​​​ គ្មាន​អ្នក​ទទួល។

តែ​ទោះ​យ៉ាង​ណា ពលរដ្ឋ និង​អ្នក​ជំនាញ​ផ្នែក​​សុវត្ថិភាព​ចរាចរណ៍ ​ស្វាគមន៍​គម្រោង​សាងសង់​ស្ពាន​ថ្មី​ ឆ្លងកាត់​ទន្លេ​បាសាក់​នេះ។ ពលរដ្ឋ​រស់នៅ​ម្ដុំ​វត្ត​ព្រែកប្រា ​ម្នាក់ លោក ឈាង បូ​រិន សង្ឃឹម​ថា ​ស្ពាន​ថ្មី នឹង​ត្រូវ​បាន​កសាង​ជា​រូបរាង​ពិត​ប្រាកដ មិន​មែន​បាន​​ត្រឹម​បង្ហើរ​​​គម្រោង​ចោល​​ឡើយ។ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​រូប​នេះ ​និយាយ​ថា ការ​កសាង​ថ្មី ភ្ជាប់​ទៅ​​សង្កាត់​ចាក់​អង្រែ​លើ​ នឹង​ជួយ​សម្រួល​ ដល់​​​ការ​​ស្ទះ​ចរាចរណ៍​​ខ្លាំង នៅ​ម្ដុំ​ស្ពាន​ក្បាល​ថ្នល់ ឬ​ស្ពាន​​ច្បារ​អំពៅ។

បច្ចុប្បន្ន​នេះ ដង​ទន្លេ​បាសាក់​មាន​ស្ពាន​ឆ្លង​កាត់​ចំនួន ៤ ហើយ គឺ​ស្ពាន​ក្បាលថ្នល់​ពីរ ស្ពាន​ព្រែក​សំរោង​មួយ និង​ស្ពាន​កោះ​ធំ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល