ពលរដ្ឋ​ស្វាគមន៍​គម្រោង​សង់​ផ្លូវ​លឿន​របស់​រដ្ឋាភិបាល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2017-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។
​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។
RFA

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​មើល លទ្ធផល​នៃ​គម្រោង​សាងសង់​ផ្លូវ​មាន​ល្បឿន​លឿន របស់​រាជរដ្ឋាភិបាល​កម្ពុជា ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ពន្លឿន​ការ​សាងសង់ ហើយ​ត្រូវ​ផ្ដល់​សំណង​ផល​ប៉ះពាល់ ពី​គម្រោង​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្លែង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ របស់​រដ្ឋាភិបាល ហាក់​មានការ​យឺតយ៉ាវ ព្រោះ​តាម​ការ​អះអាង​កន្លង​មក គម្រោង​នេះ នឹង​ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល មិនទាន់​បង្ហាញ​លទ្ធផល នៃ​គម្រោង​នេះ ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ​អោយ​បាន​ដឹង​នោះ​ទេ។

អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ រដ្ឋាភិបាល​គួរ​មានការ​សិក្សា​ពី​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន ហើយ​ផ្លូវ​ថ្មី​ត្រូវ​ឲ្យ​មានគុណ​ភាព ព្រោះ​តាម​ការ​កត់សម្គាល់​គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​មួយ​ចំនួន របស់​ក្រុមហ៊ុន​ចិន​ហាក់​ពុំ​សូវ​មានគុណ​ភាព​ទេ​កន្លងមក។

អ្នកស្រី សុធារី ថា គេ​មិនទាន់​ឃើញ​គម្រោង​នេះ​លេចចេញ​ជា​រូបរាង​នៅឡើយ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន លើ​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ ស្ពាន​សំខាន់ៗ​ចំនួន​៣​ខ្សែ មានតម្លៃ​សរុប​ជិត ២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ គម្រោង​ទាំងនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០១៧​នេះ រួមមាន​៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ស្ពាន​ឆ្លងទន្លេ​មេគង្គ ភ្ជាប់​ពី​ស្រុក​ក្រូចឆ្មារ ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​ការសាងសង់​ផ្លូវជាតិ​លេខ​១១ ពី​អ្នក​លឿង​ខេត្ត​ព្រៃវែង ទៅ​ថ្នល់ទទឹង​ខេត្ត​កំពង់ចាម។

នៅ​ពេល​នោះ​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ ធ្វើឡើង​ដោយ​ប្រាក់កម្ចី​សម្បទាន របស់​ប្រទេស​ចិន និង​ប្រាក់​បដិភាគ របស់​រដ្ឋាភិបាល ៥​ភាគរយ ប៉ុន្តែ​សម្រាប់​ផ្លូវ​ល្បឿន​លឿន​ចេញពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ចំណាយ​ថវិកា​សាងសង់ ដោយ​ប្រាក់​កម្ចី របស់​ប្រទេស​ចិន​ទាំងស្រុង​តែម្ដង។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ និង​ចាត់​ទុក​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន របស់​រដ្ឋាភិបាល ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ថា អាច​ជួយ​កាត់បន្ថយ​ចរាចរណ៍​កកស្ទះ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​មូលដ្ឋាន​នេះ ឲ្យ​ថយ​ចុះ​ចំនួន​នា​ថ្ងៃ​អនាគត។ ទន្ទឹម​គ្នា​នេះ ពួកគេ ក៏​ស្នើ​ឲ្យ​គម្រោង​សាងសង់​ផ្លូវ​លឿន​នេះ ចេញ​ជា​រូបរាង​ឲ្យ​បាន​ឆាប់។

ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ឲ្យ​ដឹង​ថា ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ១​ពាន់ ៩០០​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល