"ពិត​ជា​មាន​ការ​ដាក់​ប្លង់​ដី ឬ​ផ្ទះ​បញ្ចាំ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី"

ដោយ ហេង រស្មី
2019-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) ស្ដីពីការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។
របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) ស្ដីពីការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។
screenshot

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​និយាយ​ថា ពួកគេ​ពិតជា​បាន​ដាក់​បញ្ចាំ​ប្លង់ដី និង ប្លង់​ផ្ទះ​ដើម្បី​ជា​ថ្នូរ​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​ប្រតិបត្តិ​ការ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ចំនួន​ពីរ​រក​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន ៤​សែន​គ្រួសារ កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ដែល​មាន​ទឹកប្រាក់​សរុប​រហូតដល់​ទៅ ៨​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​៨​ប៊ី​លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០១៨។ បញ្ហា​នេះ​បណ្ដាល​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ច្រើន រហូត​ដល់​មាន​ពលរដ្ឋ​ខ្លះ បាន​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល និង​ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល។

ប្រជាកសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​រតនគីរី បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ដូចៗ​គ្នា​ថា ពួកគេ​បាន​ដាក់​ប្លង់ដី ប្លង់​ផ្ទះ និង​ដី​ចម្ការ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ជា​ថ្នូរ និង​ការ​បាន​ប្រាក់កម្ចី ដើម្បី​យក​មក​កសាង​ជីវភាព​ឱ្យ​ល្អ​ប្រសើរ ប៉ុន្តែ​ប្រាក់កម្ចី​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ក្រីក្រ​ធ្ងន់ធ្ងរ​ទៅៗ​ជាង​មុន​ទៅទៀត។

លោក សៀន វី ប្រជា​កសិករ​រស់​នៅ​ភូមិ​សីលា​ខ្មែរ ឃុំ​អូរបីជាន់ នៅ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ថា មាន​ប្រជាកសិករ​ប្រមាណ ៩០​ភាគរយ​នៅ​ក្នុង​ភូមិ​សីលាខ្មែរ សុទ្ធតែ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដោយ​ដាក់​ប្លង់​បញ្ចាំ។ លោក​និយាយ​ថា សម្រាប់​គ្រួសារ​របស់​លោក​ផ្ទាល់​បាន​ខ្ចី​ប្រាក់​ចំនួន ២​ពាន់​ដុល្លារ​ពី​ធនាគារ​ភូមិ។ ខាង​ធនាគារ​តម្រូវ​ឱ្យ​យក​ប្លង់ដី​យក​ទៅ​បញ្ចាំ​បើ​មិន​មាន​របស់ទ្រព្យ​បញ្ចាំ​ទេ ខាង​ធនាគារ​មិន​ឱ្យ​ខ្ចី​ប្រាក់​ទេ៖ «បើ​យើង​យក​ច្រើន​ដាក់​ប្លង់​ដី។ បងប្អូន​កូនក្មួយ ពូជពង្ស​ខ្ញុំ​ទាំងអស់​ដាក់​ប្លង់ដី។ ក្រ​ពេក​ក៏​គេ​អត់​ឱ្យ​ដែរ​គេ​មិន​មក​ជួយ​អ្នកក្រ​ទេ របស់​ហ្នឹង​នោះ។ ខ្ញុំ​មើល​ហើយ គេ​បង្កើត​ក្រុម បើ​ថា​យើង​ក្រ​ពេក​ក៏​គេ​មិន​ឱ្យ​ដែរ។ នេះ​គេ​ឱ្យ​ទាល់តែ​យើង​មានទ្រព្យ​ដែរ ទោះបីជា​យើង​ដាក់​ជា​ក្រុម​តម្លៃ​១​ម៉ឺន​បាត ទាល់តែ​យើង​មាន​ដី​ដែរ។ គេ​មិន​យក​ប្លង់​ទេ តែ​គេ​កត់​យើង​មាន​ប្លង់ដី​ក្បាល​ប៉ុន្មាន មាន​ស្រែ​ប៉ុន្មាន បាន​គេ​ឱ្យ មាន​ផ្ទះ​នៅ ឬ​អត់»

អង្គការ​លីកាដូ (Licadho) និង​សមាគម​ធាងត្នោត​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ទី​០៧ សីហា​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់ បាន​ខ្ចី​បំណុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​កម្រិត​បំណុល​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ បណ្ដាល​ឱ្យ​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការ​បង្ខំ​ឱ្យ​លក់​ដី ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាកស្រុក​ដោយ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​ជាដើម។

លោក ប៉ោ យឿត កសិករ​នៅ​ស្រុក​បវេល​ខេត្ត​បាត់ដំបង បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ប្រាសាក់​ចំនួន ១​ម៉ឺន​ដុល្លារ យក​មក​ធ្វើ​ចម្ការ ហើយ​ខាង​អនាគារ​តម្រូវ​ឱ្យ​សង​វិញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ​មក។ លោក​និយាយ​ថា លោក​បាន​លក់​ដី​នៅ​ក្នុង​ភូមិ​ដោយ​យក​ប្រាក់​ទៅ​ដោះ​បំណុល​ដែល​ជំពាក់​ពី​ធនាគារ។ លោក​បញ្ជាក់​ថា ក្រោយ​មក​ក្រុម​គ្រួសារ​របស់​លោក​បាន​សម្រេច​ផ្លាស់ប្ដូរ​លំនៅឋាន​ចេញពី​ភូមិ​មក​តាំង​ទីលំនៅ​ថ្មី ដោយសារ​ជំពាក់​បំណុល​ពី​ធនាគារ​មិន​មាន​លទ្ធភាព​សង​ទាន់​ពេល​វេលា៖ «យើង​ចេញពី​លំនៅឋាន​ចាស់​ហ្នឹង យើង​លក់​ដី លក់​ធ្លី​យក​មក​សង​ធនាគារ​ខ្លះ សល់​លុយ​ខ្លះ​យក​មក​ទិញ​នៅ​ស្រុកលើ​ខ្លះ បាន​ដើម​រកស៊ី​ខ្លះ និយាយ​អ៊ីចឹង​យើង​មាន​លុយ​ឯណា​ទៅ​សងខាង​ធនាគារ ណាមួយ​ការប្រាក់​ស្អី​ក៏​ថ្លៃ»

ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ស្នើ​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា ខាង​ធនាគារ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ណា ដែល​បាន​បង់​ប្រាក់​យឺត គេ​តែងតែ​គំរាម​រឹបអូស​យក​ដីធ្លី និង​ផ្ទះសម្បែង។ អ្នកស្រី​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​ពេលខ្លះ​អង្គុយ​សំពះ​អង្វរ​ខាង​មន្ត្រី​ធនាគារ​នៅ​ពេល​បង់​ប្រាក់​សង​ធនាគារ​យឺត​ម្ដងៗ​។ អ្នកស្រី​បាន​ខ្ចី​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ពី​ធនាគារ​ហត្ថា​កសិករ ដើម្បី​យក​មក​ធ្វើ​ចម្ការ​តែ​មិន​បាន​ផល​ដូច​ការ​រំពឹង​ទុក​ទេ៖ «សំពះ​អង្វរ​គេ ហើយ​គេ​នៅតែ​មិន​ព្រម ដូច​គួរ​ឱ្យ។ មិន​ចេះ​តែ​ថា​ទេ ធនាគារ​កសិករ​ហ្នឹង​ចាំ​ទុក​មួយ​ជីវិត។​គេ​ធ្វើ​មក​លើ​ខ្ញុំ។ ដូច​ថា បង់​មិនដែល​ខូច​ដូច​ថា ខ្ញុំ​មាន​បញ្ហា​កកស្ទះ ត្រូវ​បង់​គេ​៥​ពាន់ គេ​សម្លុត គេ​រករឿង គេ​មក​ស្អី​ថា បន្ទោស​ខ្លាំងៗ​តែម្ដង។ ប្ដី​ខ្ញុំ​ឡើង​យំ​សំពះ​គេ តែ​គេ​មិន​ព្រម ដឹង​តែ​រក​ឱ្យ​បាន»

ចំណែក​ជនជាតិ​ដើម​ភាគតិច​ទំពួន លោក វើយ កើយ មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​ទេ នោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​នឹង​ជួប​វិបត្តិ​ដោយសារ​ជំពាក់​បំណុល​ពី​ខាង​ធនាគារ​ជាក់​ជាមិនខាន៖ «ចង់​សំណូមពរ​ចេះ​ទេ បើ​រដ្ឋាភិបាល​ជួយ​ដូច​ថា កាត់​បន្ថយ ឬក៏​បង់​ខាង​ប្រាក់​ថ្លៃ​ការ​គេ​ហ្នឹង បើ​ថា​ចុះ​បន្តិច​បន្តួច ធូរ​ថ្លៃ​មានអី។ បើ​ខាង​រដ្ឋាភិបាល​គេ​ជួយ​សង​ចេញ​ទាំងអស់​ក៏​រឹតតែ​អរ​ទៀត»

អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត​បាន​រក​ឃើញ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រតិបត្តិការ​កម្ចី​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ ដែល​តម្រូវ​ឱ្យ​ដាក់​បញ្ចាំ​ប្លង់​ដី ជា​ទ្រព្យ​បញ្ចាំ​ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ ដែល​ងាយ​រងគ្រោះ​ក្នុង​ការ​បាត់បង់​ដីធ្លី។

នៅ​ក្នុង​ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ប្រមាណ ២,៣៨​លាន​នាក់ បាន​ខ្ចី​ប្រាក់​ឥណទាន ខ្នាត​តូច​ដែល​មាន​សរុប​ទឹកប្រាក់​ប្រមាណ​ជាង ៨.០០០​លាន​ដុល្លារ​( ប្រាំបី​រយ​លាន​ដុល្លារ) ហើយ​ជា​ប្រទេស​មួយ​ដែល​មាន​មធ្យមភាគ​ឥណទាន​ខ្ពស់​ជាងគេ ដែល​មាន​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ (.៣៧០ ដុល្លារ) ក្នុង​មួយ​កម្ចី។ មធ្យមភាគ​នេះ​គឺ​លើស​ពី​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុង​ប្រទេស ដែល​មាន​ចំនួន​ត្រឹមតែ​ជាង ១​ពាន់​ដុល្លារ (.៣៨៤ ដុល្លារ) ក្នុង​ឆ្នាំ​២០១៨។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃ​ទី៧ ខែ​សីហា បាន​ច្រានចោល​ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត​ដោយ​បាន​អះអាង​ថា ការ​រក​ឃើញ​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឡើយ។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បញ្ជាក់​ថា ខ្លួន​ជា​តំណាង​ឱ្យ​ក្រុម​អ្នក​ផ្តល់​កម្ចី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចុះបញ្ជី​នៅ​កម្ពុជា​នោះ ចាត់​ទុក​របាយការណ៍​នេះ ធ្វើឡើង​ផ្អែកលើ​វិធីសាស្ត្រ​ស្រាវជ្រាវ​មិន​ត្រឹមត្រូវ ក្នុង​គោលដៅ​ដើម្បី​លាប​ពណ៌​នូវ​រូបភាព​អវិជ្ជមាន​ដល់​ការ​ខ្ចីបុល​មីក្រូហិរញ្ញវត្ថុ ព្រោះ​ថា របាយការណ៍​នេះ ផ្អែក​តែ​ទៅ​សំណាក​ករណី​សិក្សា​តែ​២៨ ករណី​ប៉ុណ្ណោះ ក្នុងចំណោម​អ្នក​ខ្ចីបុល​សរុប​ជាង ២​លាន​នាក់ ឬ​ក្រុម​គ្រួសារ ដែល​ជា​សំណាក​តូច​មួយ​ប៉ុណ្ណោះ ដើម្បី​យក​មក​ធ្វើការ​ស្រាវជ្រាវ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាពលរដ្ឋ​អ្នក​ជាប់​បំណុល ដោយ​មាន​អចលនទ្រព្យ បញ្ចាំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជួយ​ដោះស្រាយ​បញ្ហា​បំណុល​របស់​ពួកគេ​ប្រកប​ដោយ​យុត្តិធម៌ និង​មនុស្សធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល