"រដ្ឋ​គួរ​ទម្លាក់​សេវា​​ច្រកចេញ​ចូល​តែមួយ​ដល់​មូលដ្ឋាន​តាម​គំនិត​បណ្ឌិត កែម ឡី"

ដោយ សេក បណ្ឌិត
2018-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រសួង​មហាផ្ទៃ
ក្រសួង​មហាផ្ទៃ
Photo: RFA

អ្នកធ្វើការ​ឃ្លាំមើល​អំពើពុករលួយ និង​អ្នកវិភាគ​សង្គម ផ្ដល់​យោបល់​ឲ្យ​របប​ក្រុងភ្នំពេញ គួរ​ដាក់បញ្ចូល​សេវា​ធំៗ​បន្ថែម​ទៀត ចូល​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ត្រូវ​ពង្រីក​ការិយាល័យ​នេះ ឲ្យ​ដល់​ថ្នាក់​ឃុំ​សង្កាត់​ណា ដែល​នៅ​តំបន់​ដាច់ស្រយាល។ អ្នកវិភាគ​ថា របប​ក្រុងភ្នំពេញ​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ច្រក​នេះ បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​សេវាកម្ម​ច្រក​ចេញចូល​តែមួយ នៅតែ​រង​ការ​រអ៊ូ​ពី​ពលរដ្ឋ​ថា មាន​អំពើពុករលួយ។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បន្ត​ពង្រីក​សេវា​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ឲ្យ​បាន​ស្រុក​ខ្លះ គ្រប់​ខេត្ត និង​រាជធានី​ទូទាំង​ប្រទេស ជា​ការ​ល្អ ប៉ុន្តែ​សេវា​នៅ​ការិយាល័យ​នេះ នៅ​តែមា​ន​បញ្ហា​ខ្លះ ដែល​របប​ក្រុងភ្នំពេញ គួរតែ​ពង្រឹង​បន្ថែម។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា បើ​ទោះ​ជា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​មិនទាន់​ដល់​កម្រិត​ល្អ ដែល​អាច​មាន​លទ្ធភាព​ដោះស្រាយ​រឿង​ធំៗ ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​បាន តែ​ច្រក​នេះ គួរ​ត្រូវ​បាន​ទម្លាក់​នៅ​ថ្នាក់​ឃុំ ឬ​សង្កាត់​ណា​ដែល​ដាច់ស្រយាល​ពី​សាលាស្រុក ព្រោះ​ពលរដ្ឋ​ត្រូវការ​សេវា​បែប​នេះ ជា​ចាំបាច់៖ «ព្រោះ​អី​នៅ​ខេត្ត​សោះ​ពី​ភូមិ​ទៅ​ឃុំ​នឹង​ក៏​ឆ្ងាយ ពី​ឃុំ​ទៅ ស្រុក​នឹង​ក៏​វា​ឆ្ងាយ ក៏ប៉ុន្តែ​ប្រសិនបើ​ភូមិ​ណា ឃុំ​ណា​នៅ​ចន្លោះ​កណ្ដាល​ខេត្ត​ជិត​គ្នា​ខ្ញុំ​គិត​ថា​ដូចជា មិន ចាំបាច់​មានអី​ទេ»

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១៩ មេសា បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការកំណត់​ស្រុក​គោលដៅ​សម្រាប់​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែមួយ នៅ​តាម​ស្រុក​ចំនួន​៣១​កន្លែង​បន្ថែម​ការិយាល័យ​ដែល​មាន​ស្រាប់​ចំនួន ៤០​ស្រុក​ខណ្ឌ។

ខេត្ត​បាត់ដំបង ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ត្រូវ​បង្កើត​ឡើង​នៅ​ស្រុក​បាណន់ ស្រុក​កំរៀង ស្រុក​សំពៅ​លូន និង​ស្រុក​រតនមណ្ឌល ឯ​ខេត្ត​កណ្តាល ត្រូវ​បាន​បង្កើត​បន្ថែម​នៅ​ស្រុក​អង្គស្នួល និង​ស្រុក​កៀនស្វាយ។ ខេត្ត​សៀមរាប គឺ ស្រុក​សូត្រ​និគម និង​ស្រុក​ក្រឡាញ់ ខេត្តបន្ទាយមានជ័យ ត្រូវ​បង្កើត​នៅ ស្រុក​មង្គលបូរី និង​ស្រុក​ព្រះនេត្រព្រះ។ ខេត្ត​តាកែវ នៅ​ស្រុក​បាទី ខេត្ត​កំពង់ស្ពឺ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ឆ្នាំង នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​ពោធិ៍សាត់ នៅ​ស្រុក​បាកាន ខេត្ត​ប៉ៃលិន នៅ​ស្រុក​សាលាក្រៅ ខេត្ត​ត្បូងឃ្មុំ នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ធំ នៅ​ស្រុក​ស្ទោង ខេត្ត​ព្រះវិហារ នៅ​ស្រុក​រវៀង ខេត្ត​មណ្ឌលគិរី នៅ​ស្រុក​កែវសីមា ខេត្ត​ក្រចេះ នៅ​ស្រុក​ស្នួល ខេត្ត​ព្រៃវែង នៅ​ស្រុក​កំចាយមារ ខេត្ត​ឧត្តរមានជ័យ នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ព្រះសីហនុ នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​កោះកុង នៅ​ស្រុក​ស្រែអំបិល ខេត្ត​ស្ទឹងត្រែង នៅ​ស្រុក​សៀមប៉ាង ខេត្ត​រតនគិរី នៅ​ស្រុក​បរកែវ ខេត្ត​ស្វាយរៀង នៅ​ស្រុក​ស្វាយជ្រំ និង ខេត្ត​កែប នៅ​ស្រុក​ដំណាក់ចង្អើរ។

ចំណែក​សេវាកម្ម​នៃ​ច្រក​ចេញចូល​តែមួយ មាន​១២​សេវាកម្ម គឺ​ការងារ​នីត្យានុកូលដ្ឋាន ការងារ​អត្រានុកូលដ្ឋាន វិស័យ​សូរិយោដី តម្លៃ​សេវាកម្ម​ទាំង​៣​ប្រែប្រួល​ទៅតាម​តំបន់។ ក្រៅ​ពី​នេះ មាន​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បះ វិស័យ​អប់រំ យុវជន និង​កីឡា វិស័យ​ទេសចរណ៍ សំណង់ ឧស្សាហកម្ម រ៉ែ និង​ថាមពល ពាណិជ្ជកម្ម សុខាភិបាល សាធារណការ និង​ដឹកជញ្ជូន កសិកម្ម។

លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត​បាន​លើក​ឡើង​ថា ក្រៅពី​សេវាកម្ម​ទាំងនេះ របប​ក្រុងភ្នំពេញ ត្រូវ​បញ្ចូល​សេវាកម្ម​ដទៃ​ទៀត ជាមួយ​មន្ត្រី​ជំនាញ ឲ្យ​ទៅ​ប្រមូលផ្ដុំ​ទៅដល់​ថ្នាក់​មូលដ្ឋាន គឺ​ឃុំ​សង្កាត់ ហើយ​ត្រូវ​កាត់បន្ថយ​សេវាកម្ម ក្រសួង និង​មន្ត្រី​នៅ​ថ្នាក់​ជាតិ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ថ្នាក់​មូលដ្ឋាន។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ កាលពី​កំឡុង​ឃោសនាបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ធ្លាប់​ប្រកាស​ថា នៅ​ពេល​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត នឹង​ទម្លាក់​មន្ត្រី​ជំនាញ នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទៅ​ថ្នាក់​ឃុំ សង្កាត់ ដោយ​រំសាយ​ក្រសួង​នេះ​ចោល ដើម្បី​ទម្លាក់​សេវាកម្ម​ទៅ​ថ្នាក់​ក្រោម​ជាតិ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ គាំទ្រ​ការ​លើកឡើង​របស់​លោក​បណ្ឌិត កែម ឡី ដោយ​ណែនាំ​ឲ្យ​ក្រសួងមហាផ្ទៃ គួរ​ពង្រីក​សេវាកម្ម​ច្រក​ចេញចូល​តែមួយ ឲ្យ​បាន​ដល់​ឃុំ​សង្កាត់ ដូច​គំនិត​លោក​បណ្ឌិត កែម ឡី។ អ្នកវិភាគ​រូប​នេះ ពន្យល់​ថា នៅ​តាម​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន គេ​បាន​ទម្លាក់​សេវាកម្ម​ទាំងអស់ ឲ្យ​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​អស់ហើយ។៖ «ប្រទេស​ដែល​មាន​កា​ជឿនលឿន​ប្រព័ន្ធ​រដ្ឋបាល​ដ៏​ឆ្លាត​វៃ គឺ​ចាំបាច់​បង្កើត​ចាប់​តាំង ពី​ខាងក្រោម​មុនដំបូង​គេ​បង្អស់ ព្រោះ​ប្រជាពលរដ្ឋ​គាត់​ជា​អ្នក​ប្រើ​ច្រើន ជាង​ក្រសួង មន្ទីរ​អី​ធំៗ​ផង គាត់​នៅ​មូលដ្ឋាន​គាត់​ចាំបាច់​ត្រូវ​ប្រើ​មុនគេ។ អ៊ីចឹង​ខ្ញុំ​ឧទាហរណ៍ ដូចជា ការ​ធ្វើ​លិខិត​ឆ្លងដែន (Passport) រដ្ឋ​គួរតែ​ដាក់​នៅ​តាម​ខេត្ត​ឲ្យ​បាន​ច្រើន​ហើយ​តម្លៃ​ថោក​សមរម្យ​គ្មាន​អំពើពុករលួយ»

ក្រោយ​ការ​ពង្រីក ច្រក​ចេញចូល​តែមួយ​នឹង​កើន​ឡើង​ដល់ ៧១​ស្រុក​ខណ្ឌ នៅ​តាម​ខេត្ត​រាជធានី ប៉ុន្តែ​អ្នកវិភាគ និង​សង្គម​ស៊ីវិល​នៅ​មិនទាន់​ជឿជាក់​លើ​គុណភាព​នៃ​សេវាកម្ម​ច្រក​ចេញចូល​តែមួយ​របស់​របប​ក្រុងភ្នំពេញ ថា​គ្មាន​អំពើពុករលួយ​នោះ​ទេ។ លោក សន ជ័យ លើកឡើង​ថា បើ​ទោះ​ជា​វិស័យ​មួយ​ចំនួន ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ច្រក​ចេញចូល​តែមួយ ប៉ុន្តែ​សេវាកម្ម​ធំៗ​ក្នុង​វិស័យ​ទាំងនោះ មិនទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​បាន​នៅ​តាម​ច្រក​ចេញចូល​តែមួយ​ទេ ឧទាហរណ៍ ការ​ស្នើសុំ​បើក​ផ្ទះសំណាក់​ធំៗ ពលរដ្ឋ​ត្រូវ​តែ​រត់​ទៅ​កន្លែង​ផ្សេង​ដដែល​។ សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​របប​ក្រុងភ្នំពេញ ពិចារណា​សម្រេច​ដាក់​សេវាកម្ម​ធំៗ បញ្ចូល​ក្នុង​ច្រក​ចេញចូល​តែមួយ ដើម្បី​ភាព​ងាយស្រួល​របស់​ពល​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល