ពលរដ្ឋ​ចោទ​ថា​ទំនិញ​គេច​ពន្ធ​បន្ត​កើត​មាន​នៅ​តាម​ច្រក​កំពង់ផែ​ខ្លះ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2017-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អ្នកឃ្លាំមើល​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​ពិនិត្យ​តាមដាន សកម្មភាព​មន្ត្រី​គយ​ប្រចាំការ នៅ​តាម​ច្រក​កំពង់​ផែ​នា​មូលដ្ឋាន​នេះ ព្រោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ បទល្មើស​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ខុសច្បាប់​តាម​ច្រក​កំពង់ផែ​ខ្លះ មាន​ផែ​ទំនប់រលក​ជាដើម។

ប្រជាពលរដ្ឋ​មាន​លំនៅឋាន នៅ​ម្ដុំ​ផ្សារ​ទំនប់រលក ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ចោទ​ថា ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ មាន​សម្ភារៈ​សំណង់ អាហារ​ទទួលទាន ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿង​សំអាង​កាយ ម៉ូតូ​សេរី​ទំនើប និង​ទូរស័ព្ទ​ដៃ​ប្រភេទ​ទំនើបៗ​ជាដើម បាន​បន្ត​លួច​នាំ​ចូល​មក​មូលដ្ឋាន​នេះ តាម​ច្រក​កំពង់ផែ​ទាំង​រដ្ឋ និង​ឯកជន​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​កំពង់ផែ​ទំនប់រលក​ផង​ដែរ។ ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទំនិញ​គេច​ពន្ធ​នាំចូល​តាម​កំពង់ផែ​ឯកជន​ទំនប់រលក ឬ​ហៅថា ផែ​សូជុងហ៊ួរ បាន​បន្ត​កើតមាន​ទាំង​យប់​ថ្ងៃ ដោយ​ឈ្មួញ និង​មន្ត្រី​គយ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំការ​នៅ​កំពង់ផែ​នេះ បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​លើ​ករណី​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ ទាំង​តាម​ផ្លូវគោក ពិសេស​តាម​ច្រក​កំពង់ផែ​ឯកជន​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់ ដើម្បី​បង្កើន​ប្រាក់ចំណូល​ជាតិ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​គួរ​កាត់បន្ថយ​អំពើពុករលួយ ពាក់ព័ន្ធ​ការ​ឃុបឃិត​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ​ចូល​មក​មូលដ្ឋាន​នេះ ជា​ថ្នូរ​ចែក​ផលប្រយោជន៍ ដែល​នាំ​ឲ្យ​បាត់​ចំណូល​ថវិកាជាតិ។ អ្នកស្រី ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ថ្នាក់​ជាតិ ត្រូវ​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដាក់​ពិន័យ មន្ត្រី​គយ ឬ​មន្ត្រី​ពាក់ព័ន្ធ ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ​ខុសច្បាប់ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ ត្រូវ​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជា​ការ​ព្រមាន។

យ៉ាង​នេះ​ក្តី អ្នកស្រី សុធារី ឲ្យ​ដឹង​ថា កន្លងមក​បាន​ឃើញ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ខ្លះ មាន​ស្ថាប័ន​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ម៉ូតូ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ត្រូវ​ឈ្មួញ​ដាក់​លក់​នៅ​តាម​ហាង​ដោយ​មិនបាន​បង់ពន្ធ ហើយ​ចាប់​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ជាពិសេស លោក ឡឹង សុភាព ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ដើម្បី​បំភ្លឺ​លើ​ករណី​ចោទប្រកាន់​នេះ​បានទេ នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​តុលា។

បញ្ហា​នេះ​ដែរ កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ មន្ត្រី​គយ និង​កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​នាំចូល​ខុសច្បាប់​មួយ​ករណី នៅ​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​ទូរស័ព្ទ​សេរី​ទំនើបៗ ប្រភេទ​សាំស៊ុង (Sumsung) និង​អិលជី (LG) ចំនួន ២.៤១០ នាំចូល​ពី​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល