លោក ហ៊ុន សែន ថា​ស្ថានភាព​ដី​នៅ​ឆ្នាំ​២០១៨ ឡើងថ្លៃ​មុន​លោក​ជាប់ឆ្នោត

ដោយ ម៉ៅ សុធានី
2018-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី នៅ​ឆ្នាំ​២០១៨​នេះ មិន​មាន​ជា​បញ្ហា​ចោទ​ដូច​មុនៗ​ឡើយ ដោយសារ​ពលរដ្ឋ​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ឆ្នោត។ ក៏ប៉ុន្តែ​អ្នក​វិនិយោគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា អះអាង​ថា ការ​វិនិយោគ​ដីធ្លី​នៅ​កម្ពុជា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នោះ​ឡើយ ដោយ​ភាគច្រើន គឺជា​អ្នក​វិនិយោគ​ក្នុងស្រុក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​កាលពី​អាណត្តិ​មុនៗ តែងតែ​មាន​បញ្ហា​ជាប់​គាំង លក់​មិន​ចេញ ព្រោះតែ​អ្នក​វិនិយោគ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ជាតិ ថា​តើ​គណបក្ស​ណា​ជាប់ឆ្នោត​? លោក​អះអាង​ថា ក្រោយ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​នោះ ដី​ក៏​ចាប់ផ្ដើម​ឡើងថ្លៃ​ភ្លាម៖ «ឆ្នាំ​២០១៨ អាច​ចាត់ទុកថា ជា​ឆ្នាំ​ប្លែក​ខុស​ជាង​ឆ្នាំ​មុនៗ​។ ទោះជា​យ៉ាងណា​សភាពការណ៍​ពេលនោះ ដី​ក៏​នៅ​ទ្រឹង​ដែរ ចាំ​មើល​តើ​អ្នកណា​ឈ្នះ ឬ​ចាញ់ ដល់ពេល​គណបក្ស​ប្រជាជន​ឈ្នះ​ហើយ​ដី​ឡើងថ្លៃ។ ២០១៣ ក៏​អ៊ីចឹង​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ២០១៨​នេះ ដី​មិន​ចុះថ្លៃ​ទេ គឺ​ឡើងថ្លៃ​មុន​បោះឆ្នោត​ទៀត ព្រោះ​គេ​ដឹង​ថា ខ្ញុំ​ពិត​នៅ​ជា​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត...»

លោក​ថ្លែង​បែប​នេះ ក្នុង​ឱកាស​សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ««​ដឺរ៉ូយ៉ាល់ សេន កោះរុង»» (The Royal Sand Koh Rong) នៅ​ព្រឹក​ថ្ងៃទី២៣ ខែ​មេសា។

ក៏ប៉ុន្តែ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​វិនិយោគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​លោក ង៉ែត ជូ អះអាង​ថា ការ​វិនិយោគ​ដីធ្លី​នៅ​កម្ពុជា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​នោះ​ឡើយ ដោយ​ភាគច្រើន គឺជា​អ្នក​វិនិយោគ​ក្នុងស្រុក ដែល​ស៊ាំ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ លោក ង៉ែត ជូ បន្ត​ថា សកម្មភាព​ទិញ​លក់ អចលនទ្រព្យ​ដែល​មាន​តម្លៃ​ទាប ដូចជា​នៅ​ជាយក្រុង នៅ​មាន​សកម្មភាព​ដដែល ប៉ុន្តែ​មិន​មាន​ចុះថ្លៃ​ទេ៖ «ដូចជា​មិន​មាន​ពាក់ព័ន្ធ​ទេ ហើយ​តាម​ពិត​ទៅ​វា​គ្រាន់តែ​ថា សកម្មភាព​ទិញ​លក់ ចំពោះ​អចលនទ្រព្យ​តម្លៃ​ថ្លៃ មាន​សភាព​មិន​សម្បូរណ៍​ដូច​មុន ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​អចលនទ្រព្យ​ដែល​តម្លៃ​ទាប នៅ​ជាយក្រុង នៅ​មាន​សកម្មភាព​ទូលំទូលាយ។ បើ​ថា ចុះថ្លៃ​មិនទាន់​កើត​ឡើង​ទេ ជាទូទៅ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​វិនិយោគ​អ្នក​ក្នុងស្រុក​ភាគច្រើន និង​អ្នក​វិនិយោគ​ជនជាតិ​ចិន។ អ្នក​វិនិយោគ​ក្នុងស្រុក ទោះបីយ៉ាងណា​គឺ​ស៊ាំ​នឹង​សភាពការណ៍​នយោបាយ រួចហើយ»

ទោះជា​យ៉ាងណាក៏ដោយ លោក ង៉ែត ជូ បញ្ជាក់​ថា ដី​នៅ​ខេត្ត​ព្រះសីហនុ ជាពិសេស គឺ​នៅ​ក្រុង​កំពង់សោម បាន​ឡើង​ថ្លៃ​ខ្លាំង ដោយសារ​លំហូរ​នៃ​ក្រុម​វិនិយោគ​ចិន​ច្រើន ប៉ុន្តែ​លោក​ថា​មួយ​រយៈ​ចុងក្រោយ​នេះ ហាក់ មាន​សភាព​ស្ងប់​បន្តិច​វិញ ប៉ុន្តែ​លោក​ថា​មិនមែន​មានន័យថា​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ថ្លៃ​ទេ គឺ​គ្រាន់តែ​មិន​មាន​សកម្មភាព​ផុលផុស​ដូច​ពីមុន​ប៉ុណ្ណោះ។

ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ខាងមុខនេះ របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួមមាន​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត។ គណបក្ស​នយោបាយ​ដែល​គ្រោង​ចូលរួម​ការបោះឆ្នោត​លើក​នេះ គឺជា​គណបក្ស​តូចៗ មិន​មាន​ប្រជាប្រិយភាព ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គណបក្ស​រណប​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះយ៉ាងណា លោក ហ៊ុន សែន បាន​ចេញ​ឃោសនា​មុន​កាល​កំណត់ ដោយ​អំពាវនាវ ម្ដង​ហើយ​ម្ដងទៀត ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​លោក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ របប​ក្រុង​ភ្នំពេញ ត្រៀម​បង្កើន​កងកម្លាំង​ជាង ៨ម៉ឺន​នាក់ និង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់ ដើម្បី​ការពារ​នៅ​ថ្ងៃ​បោះឆ្នោត​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល