មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ស្នើសុំឱ្យអ្នកវិនិយោគទុនមានជំនឿចិត្តក្នុងការបន្តរកស៊ីនៅកម្ពុជា បើទោះជាមានបញ្ហាប្រឈមអ្វីក៏ដោយ។ លោកអះអាងថា របបរបស់លោកកំពុងព្យាយាមធ្វើកំណែទម្រង់ក្នុងវិស័យពាក់ព័ន្ធ ដើម្បីធានាថា អ្នកវិនិយោគនឹងនៅតែទទួលផលចំណេញពីការវិនិយោគនៅកម្ពុជា។ អ្នកវិភាគថា របបនេះត្រូវដោះស្រាយវិបត្តិនយោបាយឱ្យបានចប់សព្វគ្រប់ ដើម្បីកសាងទំនុកចិត្តរបស់អ្នកវិនិយោគ។
លោក ហ៊ុន សែន បានប្រកាសលុបចោលអង្គភាពមួយទៀត គឺភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប (CAMSAB) ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ ដោយលោកអះអាងថា ដើម្បីកាត់បន្ថយភាពសាំញ៉ាំនៃការនាំចេញនាំចូល។ លោករំពឹងថា តាមរយៈការបញ្ចុះថ្លៃអគ្គិសនី ការដកចេញនូវវត្តមានមន្ត្រីកាំកុងត្រូលតាមច្រកទ្វារព្រំដែន និងការលុបចោលអង្គភាពកាំសាបនេះ អ្នកវិនិយោគនឹងមានភាពប្រាកដប្រជាក្នុងចិត្តទាក់ទងនឹងការបន្តមុខជំនួញរបស់ខ្លួននៅកម្ពុជា៖ «»
លោកអះអាងទៀតថា ការដកវត្តមានកាំកុងត្រូលនៅតាមច្រកទ្វារព្រំដែនធ្វើឱ្យរបបរបស់លោកត្រូវបាត់បង់ថវិកា ៣០លានដុល្លារអាមេរិក ក៏ប៉ុន្តែវិស័យឯកជននឹងចំណេញបាន ៤០លានដុល្លារវិញ ព្រោះពួកគេនឹងមិនត្រូវចំណាយផ្លូវការ ៣០លានដុល្លារ និងមិនផ្លូវការប្រហែល ១០លានដុល្លារទៀតនោះឡើយ។ ដោយឡែក ការលុបចោលស្ថាប័នកាំសាបវិញ របបរបស់លោកនឹងត្រូវបាត់ចំណូលប្រមាណ ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ក៏ប៉ុន្តែលោកបញ្ជាក់ថា វិធានការនេះ គឺដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ និងការសម្រួលពាណិជ្ជកម្ម។
លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ចំណាត់ការទាំងនេះ គឺជាការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីទប់ទល់នឹងស្ថានភាពដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬEBA” ពីសហភាពអឺរ៉ុប ហើយក៏ដើម្បីធានាថា អ្នកវិនិយោគនឹងនៅតែបានប្រាក់ចំណេញពីការវិនិយោគនៅកម្ពុជា។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបណ្ឌិត មាស នី គាំទ្រចំពោះកំណែទម្រង់ទៅរកភាពវិជ្ជមាន ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ត្រូវស្ដារស្ថានការណ៍នយោបាយនៅក្នុងស្រុកឱ្យបានល្អផងដែរ ដើម្បីឱ្យអ្នកវិនិយោគមានទំនុកចិត្តពេញលេញក្នុងការបន្តរកស៊ីនៅកម្ពុជា។ លោកក៏សុំឱ្យមេដឹកនាំបច្ចុប្បន្នពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចលុបចោលអង្គភាពជំនាញណាមួយ ព្រោះវាអាចនឹងបង្កឱ្យមានផលប៉ះពាល់ផ្សេងទៀត ខណៈបច្ចុប្បន្នកម្ពុជាមានអង្គភាព និងទីប្រឹក្សាអមស្ថាប័នដ៏ច្រើនស្អេកស្កះ៖ «»
ចំណែកអ្នកជំនាញខាងសេដ្ឋកិច្ច លោក ង៉ែត ជូ វិញ ជំរុញឱ្យរបបក្រុងភ្នំពេញរកដំណោះស្រាយយ៉ាងណា ដើម្បីឱ្យកម្ពុជានៅតែទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA បន្តទៅទៀត ព្រោះកម្ពុជានៅទទួលបានផលប្រយោជន៍ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «»
ក្រោយពេលអឺរ៉ុបសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជាកាលពីពេលថ្មីៗ នេះ តំណាងវិស័យឯកជន ដឹកនាំដោយប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង និងប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ព្រមទាំងសហជីពស្និទ្ធនឹងរបបក្រុងភ្នំពេញជាដើម បាននាំគ្នាផ្ញើលិខិតមួយច្បាប់ទៅស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) ដើម្បីសុំកុំឱ្យសហភាពអឺរ៉ុបកុំឱ្យដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ តំណាងវិស័យឯកជនទាំងនេះអះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យការងារ និងការនាំចេញរបស់កម្ពុជា។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានបញ្ជាក់ជាថ្មីទៀតថា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នៅតែជាកង្វល់នៅឡើយ ហើយការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងចៀសមិនផុតឡើយ បើរបបក្រុងភ្នំពេញមិនព្រមស្ដារស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យនៅក្នុងស្រុកឱ្យវិលមករកភាពប្រក្រតីវិញទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។