សហគមន៍​រស់នៅ​ក្បែរ​តំបន់​ព្រៃឡង់​ ឃុំ​ដង​កាំបិត ​ខេត្ត​កំពង់ធំ​​នាំ​គ្នា​ប្រកប​មុខរបរ​រក​ឃ្មុំ​ព្រៃ

ដោយ សេក បណ្ឌិត
2018-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឃ្មុំ​ដែល​អ្នក​ភូមិ​ដាក់​លក់​តាម​ផ្លូវ ស្ថិត​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
ឃ្មុំ​ដែល​អ្នក​ភូមិ​ដាក់​លក់​តាម​ផ្លូវ ស្ថិត​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
Photo: RFA

ប្រជា​សហគមន៍​រស់នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មួយ​ចំនួន​នាំគ្នា​ប្រកបមុខរបរ​រក​ឃ្មុំ​ព្រៃ ក្រោយ​ពេល​ទំនេរ​ពី​រដូវ​ធ្វើស្រែ និង​ចម្ការ។

មុខរបរ​នេះ មិន​ទៀងទាត់​ឡើយ ប៉ុន្តែ​ពួកគាត់​អះអាង​ថា ជា​មុខរបរ​បន្ទាប់​បន្សំ​មួយ ដែល​អាច​ជួយ​ដល់​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​បាន​ម្ដងម្កាល​ផង​ដែរ។ តើ​មុខរបរ​នេះ បច្ចុប្បន្ន​មាន​បញ្ហា​ប្រឈម​បែប​ណា​ខ្លះ?

ប្រជា​សហគមន៍​នៅ​ឃុំ​ដងកាំបិត​លើកឡើង​ថា ពួកគេ​នឹង​ប្រកបមុខរបរ​រក​ឃ្មុំ​ព្រៃ ឬ​រក​ឃ្មុំ​ធម្មជាតិ​បន្ត​ទៀត​ដើម្បី​រក្សា​អត្តសញ្ញាណ​មុខរបរ​ម្ចាស់​ស្រុក​ផង ហើយ​ម្យ៉ាងទៀត​ព្រោះ​មុខរបរ​នេះ ជា​ចំណែក​មួយ​ជួយ​ឱ្យ​ពួកគាត់​មាន​ប្រាក់ចំណូល​អាច​ផ្គត់ផ្គង់​គ្រួសារ​ក្រោយ​សម្រាក​ពី​ការងារ​ស្រែ​ចម្ការ។

អ្នកភូមិ​លើក​ឡើង​ថា​របរ​នេះ អាច​នឹង​ថយ​ចុះ​នៅ​ថ្ងៃមុខ ដោយសារ​ចំនួន​ឃ្មុំ​ក្នុង​ព្រៃ និង​ចំនួន​ព្រៃឈើ​កាន់​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់។

ប្រជា​សហគមន៍​នៅ​ភូមិ​ស្រែ​វាល ឃុំ​ដងកាំបិត លោក សុខ អេង មាន​ប្រសាសន៍​ថា គាត់​ប្រកបមុខរបរ​រក​ឃ្មុំ​ធម្មជាតិ ប្រមាណ ១០​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា របរ​នេះ មិន​ទៀងទាត់​ទេ ហើយក៏​មិន​រាប់បញ្ចូល​ថា​ជា​មុខរបរ​ផ្លូវការ​របស់​អ្នកស្រុក​ដែរ ដោយ​អ្នកភូមិ​ខ្លះ​គ្រាន់តែ​នាំគ្នា​រក​ម្ដងម្កាល​ប៉ុណ្ណោះ ម្យ៉ាង​រដូវ​កាលដែល​អាច​ប្រកបមុខរបរ​នេះ​បាន គឺ​មាន​រយៈពេល​ខ្លី។ ពលរដ្ឋ​ដដែល​និយាយ​ថា ខែ​ដែល​ឃ្មុំ​ផ្ដល់​ផល​ជា​ទឹកឃ្មុំ​សុទ្ធ​ល្អ និង​អាច​រក​បាន​ច្រើន គឺ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ ឧសភា ឬ​ខែ​មិថុនា ហើយ​ប្រភេទ​ឃ្មុំ​ដែល​អ្នកស្រុក​យក​ភាគច្រើន​ជា ប្រភេទ​ឃ្មុំចង្អេរ។ ឃ្មុំ​ប្រភេទ​នេះ អាច​ផ្ដល់​ផល​ជា​ទឹកឃ្មុំ​ចន្លោះ​ពី ៥ ទៅ ១០ លីត្រ អាស្រ័យ​លើ​ឃ្មុំ​តូច ឬ​ធំ។ លោក សុខ អេង រៀបរាប់​ពី​របៀប​ឡើង​យក​ឃ្មុំ​ធម្មជាតិ ដែល​អាច​រក្សា​បាន​នូវ​គុណភាព​ល្អ អនាម័យ ព្រមទាំង​អាច​ការពារ​មិន​ឲ្យ​ផុត​ពូជ និង​កុំ​វា​ទិច​យើង​បាន៖ «ដំបូង​យើង​កាច់​ស្លឹកឈើ​ហើយ​ចង់​ជា​បាច់​ទៅ ហើយ​យក​ឈើ​ពុក​ប៉ុនៗ​ម្រាមដៃ ចង់​ផ្អោប​គ្នា​រួច យើង​យក​អា​បាច់​ឈើ​ហ្នឹង​ទៅ​ញាត់​ក្នុង​ស្លឹកឈើ​ដែល​យើង​កាច់។ រួច​យើង​ចង​ជា​ដុំ។ កាលណា​យើង​ដុំ​ឈើ​ហ្នឹង​ដុត​ហើយ​ឡើង​ទៅលើ​ឈើ អ៊ីចឹង​ហើយ​ឃ្មុំ អត់​ហ៊ាន​ទិច​យើង​ទេ»

ប្រភេទ​ឃ្មុំ​ព្រៃ ដែល​គេ​ស្គាល់​ជាទូទៅ រួមមាន​ឃុំ​ចង្អេរ ដែល​អ្នកស្រុក​នៅ​តំបន់​មាន​ព្រៃឈើ​ធំៗ និយម​យក​មក​បរិភោគ និង​យក​ធ្វើ​អាជីវកម្ម។ ក្រៅ​ពី​នេះ មាន​ប្រភេទ​ឃ្មុំ​ផ្លិត ដែល​មាន​រាង​សណ្ឋាន​ដូច​ផ្លិត ឃ្មុំ​ស្លឹក​ត្រចៀកដំរី ដែល​មាន​រៀង​ដូច​ស្លឹកត្រចៀក​សត្វ​ដំរី និង​ប្រភេទ​ឃ្មុំ​តូចៗ ដែល​អ្នក​ស្រុក​និយម​ហៅថា ឃ្មុំ​កុំប៉ក់​អាចម៍ឆ្កែ​ជាដើម។

លោក សុខ អេង ឱ្យ​ដឹង​ថា​ប្រភេទ​ឃ្មុំចង្អេរ​ដែល​ពួកគាត់​យក​នោះ ធ្វើ​សំបុក ឬ​បង្គង​នៅ​លើ​ប្រភេទ​ដើមឈើ​ធំៗ​ដូចជា ដើម​ជ្រៃ ដើម​ចំបក់ ដើម​កកោះ ដើម​ព្រីង និង​ដើម​ឈើទាល។

លោក​ថា ការ​ប្រកប​មុខរបរ​នេះ ក៏​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដូចជា​ត្រូវ​ឃ្មុំ​ទិច ហើយ​ឃ្មុំ​ដែល​ធ្វើ​សំបុក ឬ​បង្គង​នៅ​លើ​ដើមឈើ​ខ្ពស់ៗ ពួកគាត់​មិន​ហ៊ាន​ឡើយ​យក​ទេ ព្រោះ​អាច​ប្រឈម​ការ​ធ្លាក់ ឬ មាន​គ្រោះថ្នាក់​ផ្សេងៗ ហើយ​អ្នកភូមិ​ភាគច្រើន​ទៅ​រក​ឃ្មុំ​ដោយមាន​គ្នា​ចាប់ពី ពីរ​នាក់​ឡើង​ទៅ។ បន្ថែម​ពី​នេះ ការ​យក​ឃ្មុំ​នៅ​ពេល​ខ្លះ ចំ​ខែ​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ទឹកឃ្មុំ​មិនសូវ​ល្អ ម្យ៉ាង​អតិថិជន​ខ្លះ​ចង់​បាន​ទាំង​បង្គង ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក។ យ៉ាង​នេះ​ក្តី លោក​ថា ទីផ្សារ​លក់​ទឹកឃ្មុំ មិន​មាន​បញ្ហា​ប្រឈម​ឡើយ ដោយ​ពួកគាត់​អាច​លក់​បាន​ចន្លោះ​ពី ៤ ម៉ឺន ទៅ ៦ ម៉ឺន​រៀល ក្នុង​មួយ​លីត្រ ហើយ​ក្នុង​មួយ​រដូវ​កាល លោក​អាច​រក​បាន​ប្រមាណ ៥០​លីត្រ ឬ​លើស​ពី​នេះ។ ចំណែក​ទីតាំង​ដែល​ពួកគាត់​ចេញ​ទៅ​រក គឺ​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បែរ​ភូមិ និង​នៅ​ជាយ​តំបន់​ព្រៃឡង់​ផង​ដែរ៖ «ការ​យក​ឃ្មុំ​ហ្នឹង​ដូច​ថា វា​ជួយ​ដល់​យើង​ម្យ៉ាង​ដែរ ជួយ​ដល់​សង្គម​យើង។ ជួយ​ដល់​ចំណូល​ថវិកា ពេល​ខ្វះខាត​អី​ទៅ​ណាស់»

របៀប​យក​ឃ្មុំ គឺ​មាន​អ្នកភូមិ​ខ្លះ​គេ​យក​​​​​​​​​​តែ​ក្បាលទឹក​របស់​ឃ្មុំ​ប៉ុណ្ណោះ ដោយ​ទុក​កន្លែង​ផ្សេងទៀត​សម្រាប់​ឱ្យ​មេ​ឃ្មុំ​ត្រឡប់​មក​រស់នៅ និង​ភ្ញាស់​កូន​របស់​ខ្លួន​វិញ ប៉ុន្តែ​អ្នកភូមិ​ខ្លះ​ទៀត គឺ​យក​ទាំងមូល​តែម្ដង។

ប្រភព​ដដែល សង្កេត​ឃើញ​ថា ទិន្នផល​ឃ្មុំ​ក្នុង​ព្រៃ​កាន់តែ​ថយ​ចុះ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មាន​ក្តី​បារម្ភ​ខ្លាច មុខរបរ​ប្រពៃណី​មួយ​នេះ បាត់បង់​នៅ​ថ្ងៃ​ខាងមុខ។ ការ​ថយចុះ ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា របៀប​យក​ឃ្មុំ របស់​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ខ្លះ គឺ​ដុត​សំបុក​ឃ្មុំ​តែម្ដង ដែល​បណ្ដាល​ឱ្យ​មេ​ឃ្មុំ​ងាប់ ពិសេស​ការ​យក​ឃ្មុំ​នៅ​ពេល​យប់។ ការ​យក​ឃ្មុំ​ដោយ​ប្រើ​ថ្នាំពុល​បាញ់​ទៅលើ​សំបុក​ឃ្មុំ និង​កត្តា​បាត់បង់​ព្រៃឈើ ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​សត្វ​ឃ្មុំ។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត លោក ពុធ កិ បញ្ជាក់​ថា លោក​ទើបតែ​រក​ឃ្មុំ​លក់​នៅ​ឆ្នាំនេះ​ប៉ុណ្ណោះ​ដោយសារ​លោក​ពិបាក​ដៃ​ម្ខាង មិន​រឹងមាំ​ដូច​គេ ប៉ុន្តែ​លោក​យល់ថា​របរ​នេះ អាច​ជួយ​ដោះ​ទាល់​កង្វះខាត​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកភូមិ​បាន​មួយ​ចំណែក​ដែរ បន្ទាប់ពី មុខរបរ​ធ្វើ​ស្រែ និង​ចម្ការ៖ «បាន​ជួយ​ដោះស្រាយ​ជីវភាព​ខ្លះៗ ដែល​រក​បាន​ឃ្មុំ យក​បាន​ទឹក យើង​លក់​ទឹក​បណ្ដោយ​គ្រាន់​ចាយវាយ​តិចតួច»

ឃុំ​ដងកាំបិត មាន​ភូមិ​ចំនួន​ប្រាំ និង​មាន​ចំនួន​អ្នកភូមិ​ជាង ៤​រយ​គ្រួសារ ហើយ​និង​ស្មើ​ចំនួន​ពលរដ្ឋ​ជាង​ពីរ​ពាន់​នាក់។

មេឃុំ​ដងកាំបិត លោក លុន យ៉េន មាន​ប្រសាសន៍ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក គឺ​មាន​មុខរបរ​ធ្វើស្រែ​ចម្ការ។ ក្រៅពី​របរ​ធ្វើស្រែ​ចម្ការ លោក​ថា ពលរដ្ឋ​អាច​នាំគ្នា​ប្រកបមុខរបរ​បន្ទាប់បន្សំ​ដូចជា រុករក​អនុផល​ព្រៃឈើ រួមមាន​ដង​ជ័រទឹក បោច​វល្លិ ផ្ដៅ រក​ផ្សិត និង​រក​ឃ្មុំ​តែម្ដង។ លោក​បន្ថែម​ថា​ពលរដ្ឋ​ដែល​នាំគ្នា​ប្រកបមុខរបរ​រក​ឃ្មុំ​គឺ​មាន​ច្រើន ប៉ុន្តែ​លោក មិន​អាច​កំណត់​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ដោយសារ​ពួកគេ​រកតែ​ពេលទំនេរ​ពី​ការងារ​ធ្វើស្រែ​-​ចម្ការ និង​រក​តាម​ចិត្ត​ចង់​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក​គាំទ្រ​ចំពោះ​ការ​ប្រកប​មុខរបរ​នេះ ត្បិត​ជា​មុខរបរ​ប្រពៃណី​របស់​អ្នកស្រុក​ជា​យូរ​ណាស់​មក​ហើយ៖ «នៅ​ក្នុង​គម្រោង​របស់​យើងៗ​ច្រើនតែ​ថែរក្សា​ព្រៃឈើ ប៉ុន្តែ​និយាយ​ពីមុខ​របរ​រក​ឃ្មុំ ដូច​មិនទាន់​បានទេ។ ដោយសារ​សហគមន៍​មួយៗ​ឬ​ផ្ដោត​ទេ ព្រោះ​ដូច​ថា​ប្រជាពលរដ្ឋ​នោះ​ឯង រក​ដូច​ថា​មិន​ពិតប្រាកដ»

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅតែ​ត្រូវការ​ទឹកឃ្មុំ​បែប​ធម្មជាតិ ឬ​ទឹកឃ្មុំ​សុទ្ធ យក​មក​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ដូចជា​យក​មក​បរិភោគ ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូបអាហារ និង​ធ្វើជា​ឱសថ សម្រាប់​ពេល​ឈឺ​ថ្កាត់​ម្តងៗ ជាដើម។ ដោយសារ​តម្រូវការ​មាន​ច្រើន ទើប​ធ្វើ​ឱ្យ​អ្នក​ប្រកបមុខរបរ​លក់​ទឹកឃ្មុំ និង​លក់​ឃ្មុំ មួយ​ចំនួន ចេះ​កេង​បន្លំ បំភ័ន្ត​ភ្នែក​អតិថិជន ដូចជា​ចាក់​បញ្ចូល​ទឹក​ស្ករ​ចូល​ឃ្មុំ​ដែល​គេ​ដាក់​លក់​ជាប់​ដោយ​បង្គង​របស់​វា ឬ​លាយ​ស្ករ​សម្រាប់​លក់​តែម្ដង។ បញ្ហា​ទាំងនេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតផល​ឃ្មុំ​ព្រៃ​ធម្មជាតិ​របស់​ប្រជា​សហគមន៍​នៅ​តាម​មូលដ្ឋាន។

អ្នក​សម្របសម្រួល​បណ្តាញ​ស្នូល​ព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់​ថា មុខរបរ​រក​ឃ្មុំ​ព្រៃ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​សហគមន៍​ធូរធារ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​ភាព​ចាំបាច់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​បាន​មួយគ្រាដែរ។ លោក​ថា មុខរបរ​នេះ កំពុង​ជួប​បញ្ហា​ប្រឈម ព្រោះ​ទិន្នផល​ឃ្មុំ​ចេះតែ​ថយ​ចុះ ដោយសារ​ការបាត់បង់​ជម្រក និង​ការ​យក​ឃ្មុំ​ដោយ​វិធី​ដុត ឬ បាញ់ថ្នាំ​ពុល​ទៅលើ​មេ​ឃ្មុំ៖ «ហើយ​មួយវិញទៀត​អ្វី​ដែល​យើង​មើល​ឃើញ​ដែល​ជា​ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ ឬ​អ្នកឃ្លាំមើល​បញ្ហា​ធនធានធម្មជាតិ ក៏​យើង​មើល​ឃើញ​ដែរ អា​កត្តា​កាប់​ព្រៃឈើ អា​កត្តា​ប្រើ​ថ្នាំ​គីមី​អី នៅ​ជាប់​តំបន់​ព្រៃ ក៏​អាច​ធ្វើ​ឱ្យ​ធនធាន​ឃ្មុំ​ធ្លាក់​ចុះ​ផង​ដែរ»

លោក សេង សុខហេង យល់ថា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្តី​បារម្ភ​របស់​ប្រជា​សហគមន៍ និង​ដើម្បី​ជួយ​ពួកគាត់​ឱ្យ​ទទួល​បាន​ចំណូល​រយៈពេល​វែង ម្យ៉ាង​ដើម្បី​រួមចំណែក​ថែរក្សា​ព្រៃឈើ​និង​ឃ្មុំ​ផង​នោះ ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការក្រៅរដ្ឋាភិបាល​គប្បី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ។ លោក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ពង្រឹង​សមត្ថកិច្ច និង​ចំណេះដឹង​ដល់​ពលរដ្ឋ ពី​របៀប​យក​ឃ្មុំ​តាម​បែប​បច្ចេកទេស​ជៀសវាង​ការបំផ្លាញ​ដល់​ពូជ​ឃ្មុំ​បន្ត​ទៀត។ លើស​ពី​នេះ គប្បី​បង្ហាត់បង្រៀន​ប្រជា​សហគមន៍​ពី​វិធី​ចិញ្ចឹម​ឃ្មុំ​ព្រៃ និង​អភិរក្ស​ឃ្មុំ​ព្រៃ​ឱ្យ​កាន់តែ​សំបូរ​ឡើងវិញ ពិសេស​ត្រូវ​ថែរក្សា​ព្រៃឈើ​ឱ្យ​នៅ​គង់វង្ស។ មិនតែប៉ុណ្ណោះ អាច​ជួយ​បង្រៀន​សហគមន៍​ពី​របៀប​សម្ងួត​យក​ទឹកឃ្មុំ និង​វិធី​វេច ខ្ចប់​ទឹកឃ្មុំ​តាម​បែប​បច្ចេកទេស ដែល​មាន​អនាម័យ​ត្រឹមត្រូវ។

លោក​បន្ត​ថា ចំណែក​ពលរដ្ឋ​គួរ​ចង់​ក្រង​គ្នា​ជា​សមាគម​ឡើង ដើម្បី​លក់​ផលិតផល​ឃ្មុំ​ព្រៃ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​មានតម្លៃ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល