ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​ថា​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​ជំនន់​ទឹក​ភ្លៀង

ដោយ សូត សុខប្រាថ្នា
2016-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជា​កសិករ​នៅ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ប្រហាក់​ប្រហែល​គ្នា​ថា ទិន្នផល​ស្រូវ​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ពលរដ្ឋ​ថា ការ​ធ្លាក់​ចុះ គឺ​បណ្ដាល​មក​ពី​ទឹក​ភ្លៀង​ធ្លាក់​នៅ​ឆ្នាំ​នេះ​ច្រើន​ពេក រហូត​បណ្ដាល​ឲ្យ​ស្រូវ​របស់​ពួក​គាត់​លិចលង់ ហើយ​រលួយ​អស់​មួយ​ចំនួន។ បន្ថែម​ពី​នេះ បញ្ហា​ប្រឈម​មួយ​ទៀត គឺ​គ្មាន​ទីផ្សារ​លក់​ស្រូវ​ទាំងនោះ​ចេញ ហើយ​ប្រសិន​បើ​លក់​ចេញ គឺ​តម្លៃ​ថោក​តែ​ម្តង។

កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្ទួនៗ​គ្នា ដូចជា​ដំឡូងមី​ត្រូវ​រលួយ និង​មិន​សូវ​មាន​ទីផ្សារ​លក់​ចេញ ហើយ​បើ​លក់​ចេញ​គឺ​មាន​តម្លៃ​ថោក មិន​អាច​ទូទាត់​ការ​ចំណាយ​បាន។

លើស​ពី​នេះ ស្រូវ​វស្សា​របស់​ប្រជា​កសិករ​នៅ​ឆ្នាំ​នេះ​ខូចខាត​អស់​ច្រើន ដោយសារ​ជំនន់​ទឹក​ភ្លៀង។ ដំបូង​ឡើយ ពួក​គេ​សង្ឃឹម​ថា​នឹង​បាន​ទិន្នផល​ស្រូវ​ច្រើន​គួរ​ជា​ទី​គាប់​ចិត្ត ប៉ុន្តែ​នៅ​ពេល​ជិត​ទទួល​ផល ភ្លៀង​ធ្លាក់​ជោគជាំ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​វាល​ស្រែ​ស្ទើរ​គ្រប់​ទីកន្លែង​ពោរពេញ​ទៅ​ដោយ​ទឹក។ ស្រូវ​អ្នក​ភូមិ​ចាប់​ផ្ដើម​ដួល​រាប​ទៅ​លើ​ផ្ទៃ​ទឹក បណ្ដាល​ឲ្យ​ស្រែ​ខ្លះ​ស្រូវ​រលួយ និង​ខូចខាត ជាដើម។

កសិករ​ម្នាក់​នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ លោក ហ៊ីម អែល មាន​ប្រសាសន៍​ថា ដី​ស្រែ​ដែល​លោក​ធ្វើ​នៅ​ឆ្នាំ​នេះ គឺ​មាន​ចំនួន​ជាង​ពីរ​ហិកតារ។ លោក​បន្ត​ថា ឆ្នាំ​កន្លង​ទៅ ស្រែ​របស់​លោក គឺ​ច្រូត​កាត់​ដោយ​ម៉ាស៊ីន ប៉ុន្តែ​ឆ្នាំ​នេះ​ដោយសារ​ទឹក​មិន​ទាន់​ស្រក​ដាច់ ទើប​នាំ​គ្នា​ច្រូត​កាត់ និង​ដឹក ជញ្ជូន​ចេញ​ពី​ស្រែ​ដោយ​កម្លាំង​មនុស្ស ពីព្រោះ​មិន​ចង់​ចំណាយ​លើ​ការ​ជួល​ម៉ាស៊ីន​ច្រូត​អស់​ប្រាក់ ច្រើន ម្យ៉ាង​ស្រូវ​លិច​ទឹក ប្រសិន​បើ​គេ​ច្រូត​កាត់​ដោយ​ម៉ាស៊ីន ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កាន់​តែ​ថយ​ចុះ​ថែម ទៀត។ លោក​ថា រាល់​ឆ្នាំ ក្នុង​មួយ​ហិកតារ អាច​ទទួល​ផល​ពី ៦០​បេ​ទៅ ៧០​បេ ឬ​ស្មើ​ប្រមាណ ៤​តោន ប៉ុន្តែ​ឆ្នាំ​នេះ គឺ​ធ្លាក់​ចុះ​មក​ត្រឹម ១០ ទៅ ២០​បេ ឬ​ស្មើ​ជាង ១​តោន​ប៉ុណ្ណោះ៖ «រាល់​ឆ្នាំ​ធ្វើ​ប៉ុណ្ណឹង​អាច​លក់​បាន​មួយ​តោន ឬ​ពីរ​តោន​ជាង។ មើល​ទៅ​ខាត​ប្រហែល​បី​រយ។ ហ្នឹង​យើង​ធ្វើ​ខ្លួន​ឯង​ផង កម្លាំង​ខ្លួន​ឯង យើង​ជួល​គេ​ខ្លះ​ទៅ»

កសិករ​ដដែល​និយាយ​ថា រាល់​ឆ្នាំ​មិន​ដែល​ជួប​ប្រទះ​ភ្លៀង​ធ្លាក់​ច្រើន​ដូច​ឆ្នាំ​នេះ​ឡើយ ដែល​ធ្វើ​ឲ្យ​កសិករ​ស្ទើរ​គ្រប់​គ្នា​ជួប​ការ​លំបាក។ លោក​បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ដោយសារ​ការ​ខូចខាត​បណ្ដាល​មក​ពី​ទឹក​ភ្លៀង​លិច​ហើយ កសិករ​ត្រូវ​ប្រឈម​កង្វះ​ទីផ្សារ​លក់​ស្រូវ​ចេញ​ទៀត​ផង។ លោក​អះអាង​ថា រៀង​រាល់​ឆ្នាំ នៅ​រដូវ​ច្រូត​កាត់​ចូល​មក​ដល់ ឈ្មួញ​ជាច្រើន​នាំ​គ្នា​មក​សួរ​ទិញ​ស្រូវ​ពួក​គាត់​ដល់​វាលស្រែ​តែ​ម្តង ប៉ុន្តែ​ឆ្នាំ​នេះ គឺ​គ្មាន​សូម្បី​តែ​ម្នាក់។ ចំណែក​តម្លៃ​វិញ គឺ​កាន់​តែ​ធ្លាក់​ចុះ​ជាង​កាល​ពី​ឆ្នាំ​មុនៗ។ ឆ្នាំ​មុន កសិករ​អាច​លក់​ស្រូវ​បាន​មួយ​គីឡូក្រាម​តម្លៃ ៨០០​រៀល​ទៅ ១​ពាន់​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​អាច​បាន ៦០០ ទៅ ៧០០​រៀល ហើយ​ការ​ចំណាយ​កាន់​តែ​ច្រើន។

កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna RFA/Saut Sokprathna

កសិករ​មួយ​រូប​ទៀត លោក ម៉ាន រៀបរាប់​ថា លោក​ធ្វើ​ស្រែ​ជាង ១​ហិកតារ ហើយ​រាល់​ឆ្នាំ​គឺ​ប្រមូល​ផល​បាន​ចំនួន​ជាង ៨០​បេ ប៉ុន្តែ​ឆ្នាំ​នេះ​បាន​ប្រមាណ ៣០​បេ​ប៉ុណ្ណោះ។ កសិករ​រូប​នេះ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​ត្រូវ​ជួប​បញ្ហា​ប្រឈម​ទាំងនេះ​ក្តី ប៉ុន្តែ​មិន​ដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​មក​សួរ​នាំ​ពួក​គាត់​ទេ។

មិន​ខុស​គ្នា​នេះ កសិករ​នៅ​ស្រុក​មេមត់ លោក ព្រៅ ចាន់ធឿន ឲ្យ​ដឹង​ថា ដើម​ទុន​ជាង ៤​លាន​រៀល​ដែល​គ្រួសារ​គាត់​យក​មក​ធ្វើ​ស្រែ​ជាង ៣​ហិកតារ គឺ​ជា​ដើម​ទុន​ដែល​ខ្ចី​បុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ។ លោក​ត្អូញត្អែរ​ថា នៅ​ពេល​ទិន្នផល​ស្រូវ​ថយ​ចុះ​ខ្លាំង ម្យ៉ាង​មិន​មាន​ទីផ្សារ​លក់​ចេញ​ផង គឺ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ ដូចជា​ត្រូវ​ចំណាក​ស្រុក និង​ជំពាក់​បំណុល​ធនាគារ ជាដើម៖ «ផលិតផល​ដែល​យើង​ធ្វើ​មក​ទាំង​ភក់​ទាំង​ដី គឺ​មិន​មាន​ទីផ្សារ​ណា​គួរ​ឲ្យ​កត់​សម្គាល់​សោះ​បង។ វា​អត់​មាន​ឈ្មួញ​ណា​គេ​ចុះ​មក​សួរ ឬ​ទិញ​ទេ»

កសិករ​នៅ​ស្រុក​មេមត់ ដដែល ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​ស្រូវ និង​ផលិតផល​ផ្សេង​ទៀត ដូចជា​ដំឡូង​ឲ្យ​បាន​ច្រើន និង​មាន​តម្លៃ​សមរម្យ។ បន្ថែម​ពី​នេះ ជួយ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​កសិករ​អាច​ដាំ​ដំណាំ​ផ្សេងៗ​នៅ​រដូវ​ប្រាំង​បាន ហើយ​ចង់​ឲ្យ​រដ្ឋ​ពិភាក្សា​ជាមួយ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ ឲ្យ​បន្ធូរបន្ថយ​ការប្រាក់​ជូន​កសិករ។

ស្រូវ​វស្សា​ដែល​រង​ផល​ប៉ះពាល់​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​មាន​នៅ​ស្រុក​ត្បូងឃ្មុំ ស្រុក​ពញាក្រែក ស្រុក​មេមត់ ជាដើម។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់ ឬ​ការ​ខូចខាត​ចំពោះ​ដំណាំ​ស្រូវ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​លោក​ឲ្យ​មន្ត្រី​កសិកម្ម​នៅ​តាម​ស្រុក​នីមួយៗ ប្រមូល​របាយការណ៍​ស្ដីពី​ប៉ះពាល់​ទាំងនោះ។ លោក​បន្ត​ថា ដំណាំ​ស្រូវ​នៅ​ឆ្នាំ​នេះ​តាំង​ពី​ចាប់​ផ្ដើម​សាបព្រោះ​ដំបូង គឺ​ល្អ ប៉ុន្តែ​ទិន្នផល​ដែល​កសិករ​ទទួល​បាន​នៅ​ដំណាក់កាល​ប្រមូល​ផល​ចុង​ក្រោយ​ធ្លាក់​ចុះ​យ៉ាង​ណា គឺ​មិន​ទាន់​ដឹង​ច្បាស់​ទេ។

ចំណែក​បញ្ហា​ទីផ្សារ​វិញ ខាង​មន្ទីរ​កសិកម្ម​ខេត្ត ធ្លាប់​បាន​ផ្សព្វផ្សាយ​ជួយ​ដល់​កសិករ​រហូត​មក៖ «មន្ទីរ​កសិកម្ម​តាំង​ពី​ដើម​ទី​មក យើង​បាន​ផ្សព្វផ្សាយ​ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​បង្កបង្កើនផល​ឲ្យ​ល្អ»

ប្រធាន​មន្ទីរ​កសិកម្ម រូប​នេះ​បញ្ជាក់​ថា ​ផ្ទៃដី​ធ្វើ​ស្រែ​នៅ​ទូទាំង​ខេត្ត គឺ​មាន​ចំនួន​ជាង ៧​ម៉ឺន​ហិកតារ ហើយ​វិធានការ​បន្ត​ទៀត ខាង​លោក​នឹង​ចុះ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​យក​ដី​ធ្វើ​ស្រែ​ទាំងនោះ​ទៅ​ដាំ​ដំណាំ​ប្រភេទ​ផ្សេង​ទៀត ជៀសវាង​ទុក​ដី​ទំនេរ​ចោល។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៦២ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល ជាដើម។ រីឯ​មាត្រា​៦៣ ចែង​ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មើល​ឃើញ​ថា ដ្បិតតែ​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​កសិកម្ម​ក៏ដោយ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​នៅ​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​កសិករ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ។

លោក​កត់​សម្គាល់​ថា កសិករ​នៅ​តែ​ធ្វើ​កសិកម្ម​ដោយ​ភាព​ប្រថុយប្រថាន ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បោះបង់​មុខ​របរ​កសិកម្ម​ចោល​ជា​បន្តបន្ទាប់​ទៀត​ផង៖ «ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ប្រាកដ​ប្រជា។ គ្រាន់​តែ​ទីផ្សារ​លក់​សម្រាប់​ឲ្យ​គាត់ ធានា​ឲ្យ​គាត់​យើង​អត់​បាន​ផង»

លោក យង់ គិមអេង យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​បាន រាជ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ព័ត៌មាន​ស្ដីពី​តម្រូវ​ការ​ទីផ្សារ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ និង​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ជូន​កសិករ​ក្នុង​តម្លៃ​សមរម្យ រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ជូន​ពួក​គាត់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ដល់​ការ​ធ្វើ​ស្រែ​ប្រាំង ឬ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​សម្រាប់​ទប់ទល់​នៅ​ពេល​ស្រូវ​វស្សា​របស់​ពួក​គាត់​ត្រូវ​ខាតបង់។ ជាង​នេះ​ទៀត ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ជួយ​ដល់​កសិករ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល