កសិករ​មក​ពី​៨​ប្រទេស​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​ទីផ្សារ​កសិផល​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2016-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​មក​ពី ៨​ប្រទេស ជួប​សន្ទនា​ផ្លាស់ប្ដូរ​គំនិត​គ្នា​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​កសិករ និង​កសិករ រៀបចំ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
កសិករ​មក​ពី ៨​ប្រទេស ជួប​សន្ទនា​ផ្លាស់ប្ដូរ​គំនិត​គ្នា​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​កសិករ និង​កសិករ រៀបចំ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

កសិករ​មក​ពី ៨​ប្រទេស​លើ​ពិភពលោក​ប្រមាណ ១០០​នាក់ ជួប​សន្ទនា​គ្នា​រយៈពេល ៥​ថ្ងៃ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង​២ នា​ក្រុង​បាត់ដំបង ដើម្បី​ផ្លាស់ប្ដូរ​គំនិត និង​បង្កើន​សាមគ្គីភាព​រវាង​កសិករ និង​កសិករ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល និង​រឹងមាំ។ ពួក​គាត់​រក​ឃើញ​ថា បញ្ហា​សំខាន់​របស់​កសិករ​ខ្មែរ គឺ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល។

កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​សមាគម​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ (ICA) សហការ​ជាមួយ​អង្គការ​មូលនិធិ​សម្រាប់​យុត្តិធម៌ សន្តិភាព និង​អភិវឌ្ឍន៍ និង​សហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា។

កម្មវិធី​នេះ​មាន​កសិករ​មក​ពី​ប្រទេស​អូស្ត្រាលី កាណាដា សហគមន៍​អឺរ៉ុប ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា តៃវ៉ាន់ និង​ប្រទេស​កម្ពុជា ក្នុង​នោះ​ប្រទេស​ខ្លះ​មាន​តំណាង​ចូលរួម​ម្នាក់ ពីរ​នាក់ និង ៤​នាក់​ជាដើម ចំណែក​កសិករ​ខ្មែរ​មក​ពី​តាម​បណ្ដា​ខេត្ត​ប្រមាណ ៧០​នាក់។

កសិករ​ម្នាក់​មក​ពី​ខេត្ត​សៀមរាប លោកស្រី សេង ចាន់នាង ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា បញ្ហា​សំខាន់​ដែល​ពួក​គាត់​ជួប​ប្រទះ គឺ​ពិបាក​រក​ទីផ្សារ​លក់​កសិផល។ លោកស្រី​បន្ថែម​ថា កសិផល​គ្រប់​ប្រភេទ ជាពិសេស​ដំណាំ​ស្រូវ និង​បន្លែ​ជាដើម នៅ​ពេល​ដែល​ពួក​គាត់​ផលិត​បាន​ហើយ ត្រូវ​ឈ្មួញ​បង្អាប់ និង​ឲ្យ​តម្លៃ​ថោក ហើយ​លក់​មិន​បាន​ចំណេញ​ឡើយ៖ «កុំ​ឲ្យ​គេ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​មក​កម្ពុជា ច្រើន​ពេក ព្រោះ​របស់​គេ​ថោក​ជាង​យើង។ ដល់​ពេល​គេ​នាំ​ចូល​មក​ច្រើន ធ្វើ​ឲ្យ​ទំនិញ​របស់​កសិករ​យើង​លក់​មិន​ដាច់»

លោកស្រី​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ​នៅ​តាម​មូលដ្ឋាន ដើម្បី​ប្រមូល​ទិញ​កសិផល​របស់​ពួក​គាត់​ក្នុង​តម្លៃ​សមរម្យ។

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​មក​ពី​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង គឺ​លោក ណុប នុន ថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​ពួក​គាត់​ទេ នឹង​មិន​អាច​ដោះស្រាយ​ជីវភាព​របស់​កសិករ​ខ្មែរ​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នោះ​ទេ។ លោក​អះអាង​ថា នៅ​ពេល​ប្រមូល​ស្រូវ ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ គឺ​តែងតែ​ជួប​ការ​លំបាក​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ជា​ប្រចាំ។ លោក​បន្ថែម​ថា ក្រោយ​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​រវាង​កសិករ​ពិភពលោក​ហើយ នឹង​ធ្វើ​ឲ្យ​លោក​មាន​ភាព​ក្លាហាន​ហ៊ាន​និយាយ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​បាន​ដឹង និង​ជួយ​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស៖ «ព្រោះ​ទី​១ ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ថ្មី ដែល​ខ្ញុំ​គិត​ថា​នៅ​តំបន់​ខ្ញុំ​ធ្វើ​រាល់​ដង ដូចជា​ធំ​អស្ចារ្យ តែ​តាម​ពិត​ទៅ​គេ​ជឿនលឿន​ជាង​យើង​ច្រើន​ណាស់»

ទាក់ទង​នឹង​បញ្ហា​នេះ កសិករ​មក​ពី​តាម​ប្រទេស​ផ្សេងៗ ភាគច្រើន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ត្រូវ​ចេះ​ច្នៃប្រឌិត​កសិផល​ឲ្យ​មាន​គុណភាព​ល្អ ហើយ​មិន​ត្រូវ​ដាំ​ដំណាំ​ដូច​គ្នា​ក្នុង​រដូវ​តែ​មួយ​ច្រើន​លើសលប់ ដែល​នាំ​ឲ្យ​តម្លៃ​ចុះ​ថោក និង​លក់​មិន​បាន​ប្រាក់​ចំណេញ។

ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក លោក ប៉ុល ហំម មាន​ប្រសាសន៍​ថា ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​បាន គឺ​កសិករ​ត្រូវ​ពង្រឹង​គុណភាព​កសិផល​របស់​ខ្លួន​ឲ្យ​មាន​គុណភាព​ខ្ពស់ ដូចជា​ការ​ជ្រើស​ពូជ​ស្រូវ​ដែល​មាន​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​ជាដើម។ លោក​អះអាង​ថា បញ្ហា​មួយ​ទៀត​ដែល​កសិករ​លក់​ស្រូវ​មិន​បាន​ចំណេញ ដោយសារ​ជី​ដាក់​ស្រូវ​របស់​ពួក​គាត់ ភាគច្រើន​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​មាន​តម្លៃ​ខ្ពស់៖ «កុំ​ថា​ឡើយ​ខេត្ត​ដែល​ធ្វើ​ស្រែ​ច្រើន​ដូចជា​នៅ​ខេត្ត​បាត់ដំបង តាកែវ និង​ព្រៃវែង នោះ។ ខ្ញុំ​ទៅ​ធ្វើ​ទស្សនកិច្ច​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ខ្ញុំ​មិន​នឹកស្មាន​ថា​មាន​កសិករ​មក​តវ៉ា​ពី​ការ​រក​ទីផ្សារ​មិន​បាន​ទេ។ ឥឡូវ​នេះ​នៅ​ខេត្ត​កំពង់ធំ ស្រូវ​ច្រូត​ហើយ តែ​អត់​មាន​អ្នក​ណា​ទិញ​ទេ គឺ​ទុក​ឲ្យ​សល់​សិន​បាន​គេ​ទម្លាក់​តម្លៃ​តាម​ក្រោយ»

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង លោក ឈឹម វជិរា មាន​ប្រសាសន៍​ថា កន្លង​ទៅ កសិករ​ពុំ​មែន​ខ្វះ​ទីផ្សារ​លក់​កសិផល​របស់​ពួក​គាត់​នោះ​ទេ។ លោក​អះអាង​ថា រឿង​កសិផល​ចុះ​ថោក ជាពិសេស​ស្រូវ​តែ​ម្ដង គឺ​ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ​ពិភពលោក៖ «សំខាន់​គឺ​កែប្រែ​ទម្លាប់​ឲ្យ​គាត់ គឺ​ឲ្យ​គាត់​បញ្ចុះ​ថ្លៃ​ដើម​ផលិត ព្រោះ​ឆ្នាំ​នេះ​ទិន្នផល​កើន​ឡើង​ច្រើន ហើយ​ផល​ចំណេញ​របស់​គាត់ គឺ​នៅ​តែ​មាន​អ៊ីចឹង។ នៅ​ពេល​គាត់​បញ្ចុះ​ថ្លៃ​ដើម​អ៊ីចឹង​ទៅ គាត់​លក់​បាន​ចំណេញ​ច្រើន»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​សមាគម​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​ផ្លាស់ប្ដូរ អ្នកស្រី ស្រឿន ដានី មាន​ប្រសាសន៍​ថា ក្រោយ​ពី​បញ្ចប់​ការ​សន្ទនា​របស់​កសិករ​ពិភពលោក​រយៈពេល ៥​ថ្ងៃ រក​ឃើញ​ថា បញ្ហា​សំខាន់​ដែល​កសិករ​ខ្មែរ​លក់​កសិផល​មិន​បាន​ប្រាក់​ចំណេញ​មាន ៣​យ៉ាង គឺ​បញ្ហា​គ្មាន​ទីផ្សារ​លក់​កសិផល ខ្វះ​ព័ត៌មាន​ផ្នែក​កសិកម្ម​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ជ្រើស​យក​មុខ​ដំណាំ និង​ការ​បង្រៀន​កសិករ​ឲ្យ​ចេះ​ដាំ​ដុះ​ទៅ​តាម​តម្រូវការ​ទីផ្សារ។ បញ្ហា​ចុង​ក្រោយ គឺ​គ្មាន​អ្នក​ចាំ​សម្រួល​ទិញ​កសិផល​ដែល​កសិករ​ផលិត​បាន ដើម្បី​យក​ទៅ​លក់​បន្ត ជាដើម៖ «អ៊ីចឹង​ដើម្បី​ពង្រឹង​ទីផ្សារ​កសិកម្ម​គាត់​នោះ ថា​តើ​អ្នក​ណា​ជា​អ្នក​ពាក់ព័ន្ធ​ខ្លះ​ដែល​អាច​ចូលរួម​ដោះស្រាយ​បាន? ខ្ញុំ​ជឿ​ថា មាន​ច្រើន​ភាគី​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នោះ ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​កសិកម្ម ជាដើម នឹង​អាច​ជួយ​ពួក​គាត់​បាន»

អ្នកស្រី​បន្ថែម​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​កសិករ​ខ្មែរ​បាន​សន្ទនា​ជាមួយ​កសិករ​មក​ពី​បណ្ដា​ប្រទេស​ជឿនលឿន​នៅ​ក្នុង​ពិភពលោក។ អ្នកស្រី​អះអាង​ថា កន្លង​ទៅ កម្មវិធី​នេះ​តែងតែ​រៀបចំ​នៅ​ប្រទេស​ដែល​មាន​កិច្ច​សហការ​គ្នា​ជាមួយ​អង្គការ ដោយ​ផ្លាស់ប្ដូរ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ជា​បន្តបន្ទាប់។

អ្នកស្រី​មាន​ក្ដី​រំពឹង​ថា កសិករ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ពួក​គាត់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ពី​កសិករ​ពិភពលោក និង​ពី​វាគ្មិន​ដែល​បាន​បកស្រាយ​ពន្យល់ ដើម្បី​យក​ទៅ​កែច្នៃ​ការ​ដាំដុះ​របស់​ពួក​គាត់​បាន​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល