ប្រជាកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងខ្វល់ខ្វាយខ្លាចតម្លៃស្រូវចុះថោក ហើយលក់ស្រូវមិនបានប្រាក់សងធនាគារ ដែលបានខ្ចីគេយកមកធ្វើដើមទុន។ ក្ដីបារម្ភនេះដោយសារ មួយរយៈនេះតម្លៃស្រូវនៅតំបន់ពួកគាត់រស់នៅ ចេះតែចុះថោកមកនៅត្រឹមជាង៧០០រៀល ក្នុងមួយគីឡូក្រាម និងមិនសូវមានឈ្មួញទិញស្រូវទៀតផង។
កសិករនៅឃុំបារាយណ៍ ស្រុកបារាយណ៍ លោក អ៊ុច ឡេច ថ្លែងឲ្យដឹងនៅថ្ងៃ ទី១៧ មករា ថា អ្នកធ្វើស្រែប្រាំងនៅខេត្តកំពង់ធំឆ្នាំនេះ គ្មានលុយសង្វិលទៅធនាគារវិញជាមិនខាន ព្រោះដល់ពេលប្រមូលផលហើយ ស្រាប់តែតម្លៃស្រូវបានចុះថោកយ៉ាងឆាប់រហ័ស ដោយមិនដឹងមូលហេតុអ្វីនោះទេ។
កសិកររូបនេះបន្តថា តម្លៃស្រូវសែនក្រអូបប្រភេទលេខ១ ឈ្មួញប្រមូលទិញក្នុងតម្លៃ៧២០រៀល ក្នុងមួយគីឡូក្រាម ដោយគិតត្រឹមថ្ងៃទី១៧ មករា ហើយស្រូវអាចនឹងចុះថោកទៀត ព្រោះចាប់ពីថ្ងៃ១៤មករា ស្រូវបានចុះថោក ដោយថ្ងៃដំបូងតម្លៃ ៩០០រៀល ក្នុងមួយគីឡូក្រាម ហើយបានចុះថោកជាបន្តបន្ទាប់។ លោកបន្ថែមទៀតថា តម្លៃស្រូវដូចសព្វថ្ងៃនេះ មិនថាឡើយប្រាក់ចំណេញសូម្បីតែប្រាក់សងធនាគារដែលបានខ្ចីប្រាក់ដោយមានការប្រាក់យកមកធ្វើដើមទុកក្នុងការដាំដុះនោះក៏មិនគ្រប់ដែរ៖ «សព្វថ្ងៃត្អូញត្អែរគ្រប់គ្នា ត្អូញហួសពីត្អូញហើយបងអើយ ប៉ះពាល់ត្រង់ថា កសិករសព្វថ្ងៃអត់មានដើមទុនខ្លួនឯងទេ ការធ្វើនេះត្រូវចំណាយលុយមិនមែនដូចការធ្វើស្រូវវស្សាទេ ភ្ជួរព្រួសចប់ត្រៀមខ្លួនមើលទឹកអីហើយចាំប្រមូលផល។ តែនេះស្រូវប្រាំងត្រូវដាក់ទឹកបាចជីរហូតដល់ច្រូត ដូច្នេះហើយត្រូវការរកលុយពីគេព្រោះកសិករមានលុយណាប្រចាំនោះ»។
កសិកររូបនេះបន្ថែមទៀតថា លោកធ្វើស្រូវប្រាំងនៅលើផ្ទៃដីចំនួន ៥ហិកតារ ហើយកំពុងចាប់ផ្ដើមប្រមូលផលមិនទាន់រួចរាល់នៅឡើយ។លោកថា ស្រូវមិនទាន់ប្រមូលផលអស់ផងចុះថោកជាង៧០០រៀល ក្នុងមួយគីឡូក្រាមទៅហើយ ទម្រាំច្រូតកាត់រួចអស់មិនដឹងតម្លៃស្រូវចុះដល់កម្រិតណានោះទេ។
ទាក់ទងនឹងបញ្ហានេះមេឃុំបារាយណ៍ លោក ធូរ សេង មានប្រសាសន៍ប្រាប់អាស៊ីសេរីថា កសិករនៅក្នុងឃុំដែលលោកគ្រប់គ្រងពិតជាជួបការលំបាកដោយសារតម្លៃស្រូវចុះថោកប្រាកដមែន ប៉ុន្តែលោកថា រឿងនេះអាជ្ញាធរខេត្តក៏មិនអាចជួយដោះស្រាយពួកគាត់បានដែរ ព្រោះជាតម្លៃទូទៅតាមទីផ្សារ គឺពុំមែនចុះថោកដោយសារឈ្មួញទិញបង្អាប់ថ្លៃ ដើម្បីកេងយកចំណេញច្រើនពីកសិករនោះទេ៖ «បាទសត្វមមាចត្នោតចុះមកស៊ីស្រូវរបស់ពួកគាត់ នេះជាបញ្ហាប្រឈម ដូច្នេះហើយធ្វើឲ្យស្រូវខូចគុណភាពរួចទៅ បានជាគេបញ្ចុះតម្លៃ។ ហើយខាងខេត្តមិនមានលទ្ធភាពនឹងទិញស្រូវកសិករស្តុកទុកទេ»។
អគ្គលេខាធិការសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា កសិករខាតទុនដោយសារស្រូវចុះថោកបណ្ដាលមកពីស្ថាប័នរដ្ឋខ្វះការមើលថែដល់ប្រជាកសិករ ដូចជាការបណ្ដោយកសិករដាំដុះ ដោយប្រើធនធានផ្ទាល់ខ្លួន ប្រើបច្ចេកទេសដោយខ្លួនឯង ហើយដាំដុះអាស្រ័យទៅលើធម្មជាតិ ដែលខុសពីប្រទេសជិតខាងដូចប្រទេសវៀតណាម និងថៃ ដែលរដ្ឋរបស់គេផ្ដល់ទុនជួយដល់កសិករ និងជួយផ្នែកបច្ចេកទេស ហើយជួយរកទីផ្សារសម្រាប់លក់កសិផលជូនប្រជាពលរដ្ឋរបស់គេ នៅលើពិភពលោកទៀតផង៖ «ដោយសារតែខ្វះប្រព័ន្ធជួយដល់កសិករនឹងហើយដែលធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើការចំណាយ ឬប៉ះពាល់វិស័យកសិកម្មចុះថោក ព្រោះកម្ពុជាដាំនីមួយៗដាំទៅតាមរដូវកាល ទៅតាមធម្មជាតិយើងមិនទាន់មានប្រព័ន្ធធារាសាស្ត្រក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ដល់កសិករ។ បញ្ហានេះបានប៉ះពាល់ដល់ទឹកចិត្តការផលិតរបស់កសិករដែរ ទី២គាត់អាចជំពាក់ហើយគាត់លក់មិនចំណេញគាត់ខាត់បង់ត្រូវជំពាក់គេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះពន្យល់ថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាអាជ្ញាធររបបលោក ហ៊ុន សែន ត្រូវមានទុនសម្រាប់ឲ្យកសិករខ្ចីដែលមានការប្រាក់ទាប សម្រាប់ជួយនៅពេលកសិករខាតទុន និងរៀបចំប្រព័ន្ធធារាសាស្ត្រជួយដល់កសិករ ដើម្បីឲ្យពួកគាត់មានទឹកគ្រប់គ្រាន់សម្រាប់ដាំដុះបានគ្រប់រដូវ។ របាយការណ៍មេឃុំបារាយណ៍ឲ្យដឹងថា កសិករនៅក្នុងឃុំរបស់លោកធ្វើស្រែប្រាំងឆ្នាំនេះមានជាង ២ពាន់ហិកតារ ហើយ គិតត្រឹមថ្ងៃទី១៧ មករា កសិករទើបតែប្រមូលផលបានប្រមាណ២០ភាគរយប៉ុណ្ណោះ៕