ជនជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ខ្លះ ខក​ខាន​មិន​បាន​ទៅ​វត្ត និង​រៀបចំ​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ទេ ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​​ថ្មី

ដោយ វ៉ែន សុមេធ
2018-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​របស់​ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ភូមិ​ស្រែព្រាង និង​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ឃាត់​ចាប់​គ្រឿងចក្រ ២​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។ រូបភាព​អង្គការ​ពន្លក​ខ្មែរ
សកម្មភាព​របស់​ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ភូមិ​ស្រែព្រាង និង​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ឃាត់​ចាប់​គ្រឿងចក្រ ២​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។ រូបភាព​អង្គការ​ពន្លក​ខ្មែរ
រូបភាព​អង្គការ​ពន្លក​ខ្មែរ

ជនជាតិដើមភាគតិចកួយមួយចំនួន រស់​នៅ​ខេត្ត​ព្រះវិហារ ខក​ខាន​មិន​បាន​រៀបចំ​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី និង​មិន​បាន​ទៅ​វត្ត​អារាម​ទេ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​បី​ថ្ងៃ​នៅ​ឆ្នាំ​នេះ។ ការ​ខក​ខាន​នេះ មួយ​ផ្នែក​បណ្តាល​មក​ពី​ជីវភាព​ធ្លាក់​ចុះ និង​កង្វល់​ជា​ច្រើន​ទាក់ទិន​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ ព្រៃ​ឈើ ដើម​ឈើ​ផលិត​ជ័រ​ទឹក ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ពួក​គាត់​កំពុង​ប្រឈម​បាត់​បង់​ទាំង​ស្រុង ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន។

ជនជាតិដើមភាគតិចកួយ​រស់​នៅ​ភូមិ​ប្រមេ ឃុំប្រមេ ស្រុក​ត្បែង​មានជ័យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា​ថា វិបត្តិដីធ្លីរវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ គឺជាចំណុចរស៊ើបមួយ ដែល​ពួក​គាត់​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​ខក​ខាន​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត​អារាម​ដូច​ឆ្នាំ​មុនៗ។

អនុប្រធានជនជាតិដើមភាគតិចកួយភូមិប្រមេរ លោកស្រី រឿន ខាន់ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​មួយ​ចំនួន ខក​ខាន​មិន​បាន​ទៅ​វត្ត​អារាម និង​មិន​បាន​រៀបចំ​សក្ការៈ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី ពុំ​មែន​មាន​ន័យ​ថា ពួក​គាត់​បោះបង់​ចោល​ប្រពៃណី​ជាតិ​នោះ​ទេ ដោយសារ​អ្នក​ភូមិ​ខ្លះ មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក និង​បញ្ហា​ប្រឈម​ច្រើន​មិន​ទាន់​ដោះ​ស្រាយ រួម​មាន ការ​បាត់បង់​ទី​កន្លែង​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ព្រៃ​ឈើ កន្លែង​ឃ្វាល​គោ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជា​ដើម។ លោក​ស្រី​ថា ចូល​ឆ្នាំ​ថ្មី រយៈ​ពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ទី​វត្ត​អារាម​ក៏​មាន​ភាព​ស្ងប់​ស្ងាត់​ដែរ ផ្ទុយ​ពី​ឆ្នាំ​មុនៗ ដែល​អ្នក​ភូមិ​តែង​នាំ​គ្នា លេង​ល្បែង​ប្រជាប្រិយ។

ស្ត្រី​ដដែល​បន្ថែម​ថា ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​ចិន​មិន​បាន​ឈួស​ឆាយ​ពង្រីក​ផ្ទៃ​ដី​ធ្វើ​កសិកម្ម​ទេ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តែ​ព្រួយ​បារម្ភ និង​បាន​ដាក់​វេន​គ្នា​យាម​នៅ​ស្រែ​រៀង​រាល់​ថ្ងៃ។ លោក​ស្រី​រំឭក​ថា នៅ​ឆ្នាំ​មុនៗ ចូល​ឆ្នាំ​ថ្មី​ម្តងៗ អ្នក​ភូមិ​សប្បាយ​រីករាយ​ជួប​ជុំ​បង​ប្អូន​មិត្តភក្ដិ លេង​ល្បែង​ប្រជាប្រិយ និង​រៀបចំ​គ្រឿង​សក្ការ​បូជា​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី មិន​ដែល​អាក់​ខាន​ទេ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​ប្រមេ លោក ធាន ហេង ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ លោក​ធ្លាប់​លើក​ឡើង​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​ប្រកាន់​ភ្ជាប់​ប្រពៃណី​វប្បធម៌​ដូច​ខ្មែរ​ទាំង​ស្រុង និង​បាន​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខក​ខាន​ទេ។ លោក​ថា ជម្លោះ​ដី​ធ្លី រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​មិន​ប៉ះពាល់​ដល់​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទេ។

អ្នកសម្របសម្រូលផ្នែកតស៊ូមតិ នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា ពលរដ្ឋ​ខក​ខាន​មិន​បាន​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ ជា​សញ្ញា​បង្ហាញ​ពី​ការ​បែក​បាក់​សាមគ្គី និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ប្រពៃណី​វប្បធម៌​ជាតិ។ លោក​ថា វិបត្តិ​ដី​ធ្លី​នេះ មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ជន​ជាតិ​ដើម​ភាគ​តិច​នោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ប្រពៃណី​ពួក​គាត់​ដែរ។

ពុំ​មែន​តែ​ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ​នោះ​ទេ ដែល​ខក​ខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្មាំ​ថ្មី ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​មួយ​ចំនួន ក៏​ខក​ខាន​មិន​បាន​ទៅ​វត្ត​អារាម និង​រៀបចំ​គ្រឿង​សក្ការ​បូជា​ថ្វាយ​ទេវតា​ឆ្នាំថ្មី​ដែរ ដោយសារ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ​ខ្លាំង។ ប៉ុន្តែ​មាន​ជនជាតិ​ដើម​ភាគ​តិច​កួយ​មួយ​ចំនួន ក៏​បាន​នាំ​គ្នា​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តាម​វត្ត​អារាម ជូប​ជុំ​គ្នា​តាម​ផ្ទះ និង​រាំ​កម្សាន្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល