បក្ស​ប្រឆាំង​នឹង​ជួប​រដ្ឋមន្ត្រី​រ៉ែ​ដេញដោល​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី

ដោយ អ៊ុង សេរីវុទ្ធ
2016-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​ពេល​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​ពេល​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។
Photo: RFA

គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដើម្បី​ដេញដោល​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ចំនួន​​ខ្សាច់ និង​តម្លៃ​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​មាន​ការ​អនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ។

ប្រធាន​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ហូរ វ៉ាន់ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា អ្វី​ដែល​លោក​និង​ក្រុម​ការងារ​នឹង​សួរ​លោក ស៊ុយ សែម នោះ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​របាយការណ៍​របស់​គយ​ប្រទេស​សិង្ហបុរី បង្ហាញ​តួលេខ​ចំនួន​ខ្សាច់ និង​ថវិកា​ពី​ការ​នាំខ្សាច់​ទៅ​ប្រទេស​នេះ មាន​លក្ខណៈ​ខុស​គ្នា​ច្រើន៖ «ដូច្នេះ​វា​មាន​មូលហេតុ​អ្វី ឬ​បច្ចេកទេស​អ្វី បាន​មាន​ការ​កត់ត្រា​ចំនួន​ខ្សាច់​ខុស​គ្នា ហើយ​ចំនួន​ថវិកា​ទទួល​បាន ក៏​ឃើញ​ខុស​គ្នា​ច្រើន​រយ​លាន​ដុល្លារ​(អាមេរិក) ដែរ ហើយ​នឹង​មាន​សហការី ឬ​គណៈកម្មការ​ផ្សេងៗ។ ខ្ញុំ​បាន​អញ្ជើញ​គណៈកម្មការ​រដ្ឋសភា​ទាំង​១០​ចូលរួម ហើយ​គណៈកម្មការ​ទាំង​អស់​អាច​មាន​សំណួរ​ដោយ​ឡែកៗ»។

លោក ហូរ វ៉ាន់ បាន​ដាក់​លិខិត​ស្នើ​ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់​ឲ្យ​លោក ស៊ុយ សែម មក​បំភ្លឺ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ក្រោយ​ពី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាល​ផ្អាក​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​បង្ហាញ​តម្លាភាព​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម​បូម​ខ្សាច់។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ជិត ៣​លាន​តោន (.៧៧៤.៦១៣) គិត​ជា​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក (.៥៥៧.៣៦៩) ប៉ុន្តែ​បើ​ពិនិត្យមើល​ទិន្នន័យ​ដែល​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​វិញ មាន​រហូត​ដល់​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨)

លោក ហូរ វ៉ាន់ បន្ត​ថា ក្រៅ​ពី​កោះហៅ​លោក ស៊ុយ សែម មក​ដេញដោល​ពី​បញ្ហា​ខ្សាច់​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក៏​នឹង​សួរ​ដេញ​ដោល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ពេល​ខាង​មុខ ក្នុង​អង្គ​ប្រជុំ​សភា​តែម្ដង ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​សម្ភារៈ​ពេទ្យ ការ​គ្រប់គ្រង​គ្លីនិក​ឯកជន និង​សេវា​​សុខាភិបាល​សាធារណៈ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល