យុវជន​ថា​អំពើពុករលួយ​នៅ​តែ​ជា​ឧបសគ្គ​នៃ​ការ​រៀបចំ​ថវិកា​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ

ដោយ អាស៊ីសេរី
2017-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៤។
RFA

យុវជន​នៅតែ​ចាត់ទុកថា អំពើពុករលួយ គឺជា​ឧបសគ្គ​នៃ​ការ​ដំណើរការ​រៀបចំ​ថវិកា​នៅ​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ។ ពួកគេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​នៅ​កម្ពុជា អំពើពុករលួយ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​អាក្រក់​ទៅ។

និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស (IFL) យុវជន ហេង គឹមហុង ចាត់​ទុក​អំពើពុករលួយ​ក្នុង​វិស័យ ធនធាន​រ៉ែ និង​ប្រេង​នៅ​កម្ពុជា​សព្វថ្ងៃ ជា​សកម្មភាព​ធ្ងន់ធ្ងរ បន្ទាប់​អំពើពុករលួយ​នៃ​ការបាត់បង់​ព្រៃឈើ។ យុវជន​រូប​នេះ មាន​ការ​បារម្ភ​អំពី​កម្ពុជា ដែល​រង​ការ​ចាត់​ចំណាត់ថ្នាក់​អាក្រក់​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ផ្នែក​អំពើពុករលួយ ខណៈ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ។

ការ​លើកឡើង​របស់​ក្រុម​យុវជន ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​វេទិកា​ស្ដីពី​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ដំណើរការ​រៀបចំ​ថវិកា​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី (Himawari) រាជធានី​ភ្នំពេញ។

យុវជន​ម្នាក់ទៀត ឈ្មោះ ពុធ កុលការ ជា​និស្សិត​មកពី​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា (PYD) បង្ហាញ​ចំណាប់អារម្មណ៍ អំពី​ការ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ថវិកា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ ប៉ុន្តែ លោក​នៅ​មិនទាន់​ដឹង​ថា ថវិកាជាតិ​មាន​ចំនួន​ប៉ុន្មាន ហើយ​កម្ពុជា​ជំពាក់​បរទេស​ប៉ុន្មាន​នោះ​ទេ។ យុវជន​ចាត់​ទុក​ការ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ចំនួន​ថវិកា​​ជាតិ និង​បំណុល​ជាតិ​នេះ គឺជា​ឧបសគ្គ​នៃ​ការ​រាំងស្ទះ​ដល់​ដំណើរ​ការរៀបចំ​ថវិកា​អភិវឌ្ឍន៍។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ ព័ត៌មាន​ថវិកាជាតិ និង​បំណុល ពី​មន្ត្រី​រដ្ឋាភិបាល​បានទេ នៅ​ថ្ងៃ​ទី១៣ តុលា។ ប៉ុន្តែ កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា ដែល​មានតែ​ក្រុម​តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​អនុម័ត​ថវិកាជាតិ ចំនួន​ជាង​២០​លាន​រៀល (២០,១៨៤,៤៥៧​លាន​រៀល​) ស្មើ​ជាង​៥​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០១៧។

អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​ដែរ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ជុំវិញ​ការ​ចាត់​ចំណាត់ថ្នាក់​កម្ពុជា ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​អាក្រក់​ផ្នែក​អំពើពុករលួយ។ ប៉ុន្តែ កន្លង​មក​មន្ត្រី​រដ្ឋាភិបាល តែង​ទាត់ចោល​របាយការណ៍​ណា ដែល​ចុះផ្សាយ​ពី​កម្ពុជា​អាក្រក់ៗ និង​បាន​ចោទប្រកាន់​អ្នក​ចេញ​របាយការណ៍ ឬ​ស្ថាប័ន​ទាំងនោះ ថា មាន​ចេតនា​ទុច្ចរិត​ចំពោះ​កម្ពុជា។

ប្រធាន​កម្មវិធី​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ហៅថា API លោក ម៉ាន វ៉ាន់ផានិត អះអាង ថា អំពើពុករលួយ​ផ្នែក​បម្រើ​សេវា​សាធារណៈ ដល់​ពលរដ្ឋ នៅ​តាម​ឃុំ-សង្កាត់​ខ្លះ បាន​ថយ​ចុះ។ ទោះយ៉ាងណា លោក ម៉ាន វ៉ាន់ផានិត មិន​ហ៊ាន​និយាយ នៅ​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ ថា​អំពើពុករលួយ មានការ​កាត់បន្ថយ​ដែរ ឬ​យ៉ាងណា​នោះ​ទេ។

API នៅតែ​រក​ឃើញ​ថា ឧបសគ្គ​នៃ​ការអភិវឌ្ឍន៍​ឃុំ​សង្កាត់ គឺ​កត្តា​សមត្ថភាព​មន្ត្រី​ឃុំ និង​កង្វះ​ថវិកា​នៅ​តាម​ឃុំ​សង្កាត់។ មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា មាន​ឃុំ​ខ្លះ ទទួល​បាន​ថវិកា​ដើម្បី​អភិវឌ្ឍន៍ ក្នុង​មួយ​ឆ្នាំ ១​ម៉ឺន​ដុល្លារ ឬ២​ម៉ឺន​ដុល្លារ​។ លោក ម៉ាន វ៉ាន់ផានិត បញ្ជាក់​ថា វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ តែង​ដាក់​សំណើរ​ទៅ​រដ្ឋសភា​រាល់​ឆ្នាំ ដើម្បី​សុំ​ដំឡើង​ថវិកា​នៅ​ថ្នាក់​ឃុំ-សង្កាត់​។​

ទាក់ទង​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ធ្លាប់ អះអាង​ថា មេឃុំ-ចៅសង្កាត់ គ្មាន​សមត្ថភាព​គ្រប់គ្រង​ថវិកា​ក្នុង​ចំនួន​ច្រើន ដើម្បី​អភិវឌ្ឍន៍​ឃុំ​សង្កាត់ ដោយ​ខ្លួនឯង​នោះ​ទេ។

អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក ញ៉ាវ តង ឲ្យ​ដឹង​ថា ថវិកា​ដែល​ថ្នាក់​ជាតិ​បាន​ផ្ដល់​ឲ្យ​ថ្នាក់​ក្រុង​ស្រុក ឃុំ​សង្កាត់ បច្ចុប្បន្ន មិនទាន់​គ្រប់​តាម​តម្រូវការ​នោះ​ទេ។ តែ​ថវិកា​នោះ មានការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ រក​ឃើញ​ថា សម្រាប់​បរិបទ​កម្ពុជា អំពើពុករលួយ​កើតឡើង​មាន ២​ទម្រង់ គឺ​ប្រព័ន្ធ​អភិបាលកិច្ច ឬ​យន្តការ​សម្រាប់​គ្រប់គ្រង ការ​ប្រើប្រាស់​ធនធាន​សាធារណៈ និង​ការ​ខ្វះខាត​នៃ​ការគ្រប់គ្រង​ថវិកា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ។

ក្រៅ​ពី​នេះ សង្គម​ស៊ីវិល យល់ថា អំពើពុករលួយ និង​ការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ឈ្មួញ ក្នុង​វិស័យ​ឯកជន ក៏​ជា​កត្តា​ដែល​អាក្រក់​ក្នុង​ការ​ជះឥទ្ធិពល​រដ្ឋ ដល់​ដំណើរការ​ថវិកា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល