រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មិន​ជឿ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ដូច​ឆ្នាំ​មុន

ដោយ វ៉ាន វណ្ណដេត
2017-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​ស្បៀង​អាហារ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស លោក អេដវូខេត ខាមរ៉ុល ឥស្លាម (Advocate Md. Kamrul Islam) ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​កម្ពុជា និង​បង់ក្លាដេស លើ​ការ​ទិញ​អង្ករ​កម្ពុជា ១​លាន​តោន​រយៈពេល ៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​ស្បៀង​អាហារ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស លោក អេដវូខេត ខាមរ៉ុល ឥស្លាម (Advocate Md. Kamrul Islam) ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​កម្ពុជា និង​បង់ក្លាដេស លើ​ការ​ទិញ​អង្ករ​កម្ពុជា ១​លាន​តោន​រយៈពេល ៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម មិន​ជឿ​ថា តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ដូច​ឆ្នាំ​មុន​នោះ​ទេ ពីព្រោះ​តម្រូវការ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ មាន​ទំហំ​ច្រើន​ជាង​ឆ្នាំ​មុន។ អ្នក​ជំនាញ​កសិកម្ម​មើល​ឃើញ​ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ដែរ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ថា មិន​ជឿ​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ គឺ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ស្បៀង​អាហារ​បង់ក្លាដេស ដែល​បាន​ចុះ​ហត្ថលេខា​ទិញ​អង្ករ​កម្ពុជា ចំនួន ១​លាន​តោន ក្នុង​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២។

លោក ប៉ាន សូរស័ក្ដិ បញ្ជាក់​ថា ទោះ​ខេត្ត​ខ្លះ​របស់​កម្ពុជា ទទួល​ព័ត៌មាន​ថា មាន​ជំនន់​ទឹក​ភ្លៀង ប៉ុន្តែ​តាម​រយៈ​ការ​សហការ​ជាមួយ​វិស័យ​ឯកជន​លោក​ជឿ​ថា តម្លៃ​ស្រូវ​កសិករ​នឹង​មិន​ធ្លាក់​ថ្លៃ ហើយ​កម្ពុជា ក៏​មាន​លទ្ធភាព​នាំ​ចេញ​អង្ករ​គ្រប់​ចំនួន​សម្រាប់​ប្រទេស​បង់ក្លាដេស៖ «ខ្ញុំ​មិន​ទាន់​អាច​ព្យាករ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា តម្លៃ​ស្រូវ​ធ្លាក់​ទេ ពីព្រោះ​មាន​តម្រូវការ​ច្រើន​ណាស់​នៅ​លើ​ពិភពលោក ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ»

​ទិន្នន័យ​របស់​នាយកដ្ឋាន​ផែនការ​ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ពេញ​មួយ​ឆ្នាំ​២០១៦ មាន​ជាង ៥​សែន (៥៤២.១៤៤) តោន។ ទោះ​ទំហំ​ការ​នាំ​ចេញ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៥ ប៉ុន្តែ​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​កសិករ​បាន​បង្ខំ​ចិត្ត​ដឹក​ស្រូវ​ពី​ស្រែ​ទៅ​ចាក់​លើ​ផ្លូវ​ជាតិ ដើម្បី​តវ៉ា​ទាមទារ​ដំឡើង​តម្លៃ​ស្រូវ។ ​នៅ​ពេល​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ទិញ​អង្ករ​កម្ពុជា ប្រទេស​បង់ក្លាដេស បាន​ទិញ​អង្ករ​ពី​ប្រទេស​វៀតណាម ថៃ និង​ឥណ្ឌា។

រដ្ឋមន្ត្រី​ក្រសួង​ស្បៀង​អាហារ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស លោក អេដវូខេត ខាមរ៉ុល ឥស្លាម (Advocate Md. Kamrul Islam MP) បញ្ជាក់​មូលហេតុ​ដែល​ប្រទេស​បង់ក្លាដេស សម្រេច​ចិត្ត​ជ្រើស​យក​អង្ករ​កម្ពុជា ដោយសារ​អង្ករ​កម្ពុជា ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ច្រើន និង​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក និង ចិន ដោយ​ជោគជ័យ រួម​ទាំង​អង្ករ​កម្ពុជា ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​លេខ​១ លើ​ពិភពលោក។ មូលហេតុ​ម្យ៉ាង​ទៀត ដោយសារ​នៅ​ប្រទេស​បង់ក្លាដេស មាន​ទឹក​ជំនន់​បណ្ដាល​ឲ្យ​ស្រូវ​រង​ការ​ខូចខាត​អស់។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្ដិ ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ចុះ​អនុស្សរណៈ​នេះ កម្ពុជា មាន​អង្ករ​មួយ​ចំនួន​ហើយ​នៅ​ក្នុង​ឃ្លាំង។ លោក​រំពឹង​ថា ក្នុង​ខែ​តុលា ខាង​មុខ​នេះ កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ចំនួន ២៥​ម៉ឺន​តោន។

តាម​រយៈ​ទិន្នន័យ​របស់​រដ្ឋាភិបាល ពេញ​មួយ​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​តិចតួច (០,៧០) បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៥ បង្ហាញ​ថា ប្រទេស​ចិន ជា​ទិស​ដៅ​នាំចេញ​ធំ​ជាង​គេ (១២៧.៤៦០តោន)។ បន្ទាប់​មក​មាន​បារាំង (៧៨.៣២៩​តោន) ប៉ូឡូញ (៦៤.០៣៥​តោន) សម្រាប់​ទិស​ដៅ​នៅ​ទ្វីប​អឺរ៉ុប។ ចំណែក​នៅ​អាស៊ាន​វិញ ម៉ាឡេស៊ី ជា​អតិថិជន​លំដាប់​ទី​១ ដែល​កម្ពុជា នាំ​ចេញ​អង្ករ​ទៅ​ផ្គត់ផ្គង់​ចំនួន​ជិត ៣៩​ម៉ឺន​តោន (៣៨.៨៧៧​តោន)។ សម្រាប់​ឆ្នាំ​២០១៧​នេះ ប្រទេស​ចិន ប្រកាស​ថា នឹង​ទទួល​យក​អង្ករ​កម្ពុជា ចំនួន ២០​ម៉ឺន​តោន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ហៅ​ថា អង្គការ​សេដាក (CEDAC) លោក សម វិទូ ក៏​មើល​ឃើញ​សញ្ញា​វិជ្ជមាន​នៃ​តម្លៃ​ស្រូវ និង​ទំហំ​នៃ​ការ​នាំ​ចេញ​សម្រាប់​ឆ្នាំ​នេះ​ដែរ។ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​រូប​នេះ​រំលឹក​ថា តម្លៃ​ស្រូវ​របស់​កសិករ​បាន​ធ្លាក់​ថ្លៃ​នៅ​ឆ្នាំ​មុន ដោយសារ​ប្រទេស​ថៃ បាន​បញ្ចេញ​ស្រូវ​ឲ្យ​អស់​ពី​ឃ្លាំង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា៖ «មើល​ទៅ​ឆ្នាំ​នេះ​គឺ​តម្លៃ​ស្រូវ គឺ​ហាក់​កើន​ល្អ​ជាង​ឆ្នាំ​មុន គ្រាន់​បើ​ជាង​ឆ្នាំ​មុន»

លោក សម វិទូ នៅ​តែ​យល់​ថា គុណភាព​អង្ករ​កម្ពុជា គ្រាន់​បើ​ជាង​អង្ករ​នៅ​ប្រទេស​ជិត​ខាង ដោយសារ​កម្ពុជា ធ្វើ​ស្រែ​មិន​សូវ​ប្រើ​ជី​គីមី​ដូច​ប្រទេស​ជិត​ខាង ដូច្នេះ​លោក​រំពឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ នឹង​កើន​ឡើង​ជាង​ឆ្នាំ​មុន ហើយ​កសិករ​លែង​ប្រឈម​នឹង​បញ្ហា​តម្លៃ​ធ្លាក់​ចុះ​នោះ​ទេ។ រដ្ឋាភិបាល​ធ្លាប់​ប្រកាស​កំណត់​គោលដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល