ក្រុមហ៊ុន​ចិន​បោះ​ទុន​២០​លាន​ដុល្លារ​សង់​រោងចក្រ​កែច្នៃ​ម្សៅ​ដំឡូង​មី​នៅ​ខេត្ត​ក្រចេះ

ដោយ មាន ឫទ្ធិ
2018-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

ក្រុមហ៊ុន​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ឈ្មោះ Green Leader Holdings Group បោះ​ទុន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​ម្សៅ​ដំឡូង​មី និង​ជីវឥន្ទនៈ​អេតាណុល នៅ​ខេត្ត​ក្រចេះ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ២០លាន​ដុល្លារ​អាមេរិក។

រោងចក្រ​នេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល ខេត្ត​ក្រចេះ លើ​ផ្ទៃដី​ទំហំ ២០​ហិកតារ។ រោងចក្រ​នេះ មាន​សមត្ថភាព​អាច​កែច្នៃ​ម្សៅ​ដំឡូង​មី បាន​ដល់​ទៅ​ជាង ១៣​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ និង​ដល់​ទៅ ២​លាន​តោន ក្នុង​រយៈពេល ៥ឆ្នាំ។

ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួរ ផ្សាយ​កាលពី​ថ្ងៃ​ទី​១ មេសា ថា ក្រុមហ៊ុន​ចិន​នេះ មាន​ផែនការ​នឹង​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ឲ្យ​បាន​ចំនួន ២០​រោងចក្រ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា កម្ពុជា មាន​ផ្ទៃដី​ចម្ការ​ដំឡូង​មី សរុប​ចំនួន ៦៧​ម៉ឺន ៥​ពាន់​ហិកតារ (៦៧៥.០០០) ដែល​បាន​ផ្ដល់​ទិន្នផល​ដំឡូង​មី​ចំនួន ១៤.៨ លាន​តោន កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។ យោង​តាម​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អន្តរ​ជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិច (International Center for Tropical Agriculture, CIAT) បច្ចុប្បន្ន កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី ធំ​ជាង​គេ​លំដាប់​ទី​៨​នៅ​លើ​ពិភពលោក និង​ជាប់​លំដាប់​ទី​៤ ក្នុង​តំបន់។

ពាក់ព័ន្ធ​នឹង​រឿង​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​នេះ​ដែរ កម្ពុជា​បាន​រៀបចំ​ពិព័រណ៍​កម្ពុជា ចិន​-​អាស៊ាន ឆ្នាំ​២០១៨ មួយ រយៈពេល បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​១ មេសា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​កោះ​ពេជ្រ។ ពិព័រណ៍​នេះ មាន​ស្តង់​សរុប​ចំនួន ៤៤០​ស្តង់ និង​មាន​ក្រុមហ៊ុន​ធំៗ​ចំនួន ២៩០​ក្រុមហ៊ុន​ចូលរួម ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ជាង ២៥០​ក្រុមហ៊ុន ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន សំណង់ ផលិតផល​គ្រឿងចក្រ​កសិកម្ម ក្រុមហ៊ុន​អេឡិចត្រូនិក និង​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អចលនទ្រព្យ។

ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ប្រទេស​ចិន ជា​ប្រទេស​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ នៅ​កម្ពុជា ដែល​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ១៤ ប៊ី​លាន​ដុល្លារ​អាមេរិក (១៤,៣ ប៊ី​លាន​) ឬ​ស្មើនឹង ២៧% នៃ​ទឹកប្រាក់​វិនិយោគ​បរទេស​សរុប។ ដោយឡែក ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​ដដែល​នេះ មាន​ចំនួន​ដល់​ទៅ​ជិត ៦ ប៊ី​លាន​ដុល្លារ​អាមេរិក (.៧៩០ លាន​ដុល្លារ) ពោល​គឺ​កើន​ឡើង ២១,% ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល