រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឡាវ​ប្រើប្រាស់​កំពង់ផែ​និង​ផ្លូវ​របស់​កម្ពុជា​ដឹក​ទំនិញ​​ឆ្លង​កាត់

ដោយ អ៊ុង សេរីវុទ្ធ
2016-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៤។
កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Den Ayuthyea

គណបក្ស​ប្រឆាំង និង​អ្នក​សេដ្ឋកិច្ច​គាំទ្រ​ចំពោះ​គម្រោង​របស់​រាជរដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​អាច​ដឹកទំនិញ​នាំ​ចេញ​របស់​ខ្លួន ឆ្លង​កាត់​កំពង់ផែ និង​ផ្លូវ​គមនាគមន៍​របស់​កម្ពុជា។

ក្នុង​ជំនួប​រវាង​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា​ឡាវ អ្នកស្រី ប៉ានី យ៉ាថរទូ (PANY YATHOTOU) កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា នា​វិមាន​សន្តិភាព កម្ពុជា​បាន​អនុញ្ញាត​ប្រទេស​ឡាវ ប្រើប្រាស់​ផ្លូវ​គមនាគមន៍ និង​កំពង់​ផែ​កម្ពុជា ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចេញ​របស់​ខ្លួន។

ការ​អនុញ្ញាត​នេះ លោក ហ៊ុន សែន លើក​ហេតុផល​ថា ប្រទេស​ឡាវ​គ្មាន​សមុទ្រ និង​ជា​ការ​សម្រួល​ជីវភាព​​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ប្រសើរ​ឡើង។

ចំពោះ​គម្រោង​នេះ ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​ បង្ហាញ​ជំហរ​គាំទ្រ ដើម្បី​​អាច​ជួយ​ដល់​ប្រទេស​ឡាវ រួម​នឹង​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា ក្នុង​នាម​ជា​ប្រទេស​ជិតខាង ហើយ​ថែម​ទាំង​​អាច​ទទួល​កម្រៃ​ពន្ធ​ពី​ការ​ដឹកជញ្ជួនទំនិញរបស់ឡាវ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​ថា ជា​គោលការណ៍​គម្រោង​នេះ​​ល្អ ព្រោះ​ជា​នយោបាយ​​ជួយ​ដល់​ប្រទេស​ឡាវ ដែល​ពុំ​មាន​ព្រំដែន​ជាប់​មាត់​សមុទ្រ និង​អនុគ្រោះ​ដល់​ប្រទេស​នេះ ដែល​កំពុង​មាន​សេដ្ឋកិច្ច​អន់​ថយ​ផង៖ «ខ្ញុំ​យល់​ថា វា​មិន​មាន​ជា​ការ​សម្រេច​អី​ខុស​ទេ វា​ជា​ការ​សម្រេច​ត្រឹម​ត្រូវ ហើយ​ក្នុង​នោះ​ដែរ​យើង (កម្ពុជា) នឹង​ទទួល​ផល​ប្រយោជន៍​ដែរ នៅ​ពេល​ទំនិញ​ប្រើប្រាស់​កំពង់ផែ​យើងៗ (កម្ពុជា) នឹង​បាន​ប្រាក់​ចំណូល ហើយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​យើង​ៗ​ក៏​បាន​ប្រាក់​ចំណូល​នៃ​ការ​ដឹកជញ្ជូន»

ប្រទេស​ឡាវ មិន​មាន​ផ្លូវ​សមុទ្រ​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ទេ ហើយ​ប្រទេស​នេះ​កំពុង​ព្យាយាម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ភ្ជាប់​ខ្លួន​នឹង​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​តំបន់ តាម​រយៈ​ការ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ឡាវ និង​កម្ពុជា ក្នុង​វិស័យ​សេដ្ឋកិច្ច មិន​មាន​ភាព​ខ្លាំងក្លា​ដូច​ទំនាក់ទំនង​ជាមួយ​វៀតណាម​នោះ​ឡើយ។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នក​សេដ្ឋកិច្ច​ គឺ​លោក ច័ន្ទ សុផល បញ្ជាក់​ថា ការ​អនុញ្ញាត​នេះ​ពុំ​មែន​រឿង​ចម្លែក​ទេ ត្បិត​កម្ពុជា​ក៏​ធ្លាប់​ប្រើប្រាស់​កំពង់ផែ​ថៃ និង​វៀតណាម​ដែរ ដើម្បី​ដឹកទំនិញ​ដោយ​ការ​បង់​កម្រៃ​ដូចគ្នា។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​សំខាន់​នោះ ថាតើ​កម្ពុជា​ត្រូវ​យក​កម្រៃ​ប៉ុណ្ណា​ជា​ថ្នូរ​នឹង​ការ​ប្រើប្រាស់​នេះ​មក​វិញ៖ «ប៉ុន្តែ​ខ្ញុំ​រៀង​ឆ្ងល់​ដែរ! ធម្មតា​បើ​ឡាវ​ឆ្លង​តាម​ប្រទេស​វៀតណាម​ជិត​ជាង​យើង (កម្ពុជា) ភូមិសាស្ត្រ​នៅ​វៀតណាម​កណ្ដាល អាច​ឲ្យ​ឡាវ​ដឹក​ទំនិញ​ឆ្លង​កាត់​បើ បើ​សិន​គេ​ (ឡាវ) ធ្វើ​ផ្លូវ​ឆ្លង​ទៅ​កំពង់ផែ​ជិត​ជាង»។

ទោះជាយ៉ាងណាក៏ដោយ លោក ច័ន្ទ សុផល យល់​ថា បើ​ឡាវ​ប្រើប្រាស់​កំពង់ផែ​ដឹកទំនិញ​តាម​វៀតណាម គឺ​ល្អ​ជាង ត្បិត​ថា ទាំង​ចម្ងាយ និង​តម្លៃ គឺ​វៀតណាម​នៅជិត និង​ធូរ​ថ្លៃ​ជាង​កម្ពុជា ព្រោះ​កំពង់ផែ​វៀតណាម​អាច​ទទួល​កប៉ាល់​ដឹក​ទំនិញ​គ្រប់​ប្រភេទ ខណៈ​កំពង់ផែ​កម្ពុជាទឹក​រាក់ និង​ទទួល​បាន​តែ​កប៉ាល់​ដឹក​ទំនិញ​ខ្នាតតូច និង​មធ្យម​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ថ្លៃ​ជាង​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល