អ្នក​ជំនាញ​សេដ្ឋកិច្ច​ថា​ជំនួយ​បរទេស​នៅ​តែ​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស

ដោយ ទីន ហ្សាការីយ៉ា
2016-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា អស្ថិរភាព​នយោបាយ​ធ្វើ​ឲ្យ​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច ទោះបីជា​កម្ពុជា នៅ​តែ​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៦ បាន​ប្រមាណ ៧% ក្ដី ក៏​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​នៅ​តែ​ធ្វើ​ឲ្យ​ចន្លោះ​រវាង​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​នៅ​ឆ្ងាយ​ពី​គ្នា​ដដែល។

ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ពឹង​លើ​ជំនួយ​បរទេស​នៅ​ស្រប​ពេល​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​បាន​កាត់​បន្ថយ ការ​ផ្ដល់​ជំនួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​គេ​មើល​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន​ជាង​មុន។

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា ក្នុង​រយៈពេល ១​ឆ្នាំ​កន្លង​មក​នេះ ពោល​គឺ​ក្នុង​ឆ្នាំ​២០១៦ ពិបាក​នឹង​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​កម្ពុជា មាន​ការ​រីកចម្រើន​ណាស់ ទោះបីជា​កម្ពុជា នៅ​តែ​រក្សា​កំណើត​សេដ្ឋកិច្ច​បាន​ប្រមាណ ៧% ក្នុង ១​ឆ្នាំ​ក្ដី។

ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ការ​រីកចម្រើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់។ លោក អ៊ូ វីរៈ បន្ថែម​ថា លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែល​គណបក្ស​កាន់​អំណាច​ធ្លាក់​សន្លឹក​ឆ្នោត​នោះ គឺ​ធ្វើ​ឲ្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​មាន​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ និង​ការ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ការ​ដឹកនាំ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​កាន់​តែ​ខ្លាំង ជំរុញ​ឲ្យ​អ្នកដឹកនាំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៖ «»។

ទោះបីជា​កំណើន​សេដ្ឋកិច្ច​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ សង្កេត​ឃើញ​ថា កម្ពុជា​ពឹង​ផ្អែក​លើ​ប្រាក់កម្ចី​ពី​បរទេស​ដែល​បាន​ផ្ដល់​ក្នុង​រូបភាព​ជា​ឥណទាន​សម្បទាន និង​ជំនួយ​ឥត​សំណង។

បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា កំពុង​បន្ត​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ ដោយ​កើន​ឡើង​ពី ២,៤​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០០៦។ ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ ជំពាក់​បំណុល​បរទេស​ចំនួន ៥,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រយៈពេល​ដូច​គ្នា​នេះ វិស័យ​ឯកជន​បាន​ខ្ចី​ប្រាក់​ពី​បរទេស​ចំនួន​ជិត ៤​ពាន់​លាន​ដុល្លារ។ ជា​សរុប​ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ។

ការ​ពឹង​ផ្អែក​លើ​​កម្ចី និង​ជំនួយ​បរទេស​កាន់​តែ​ច្រើន​នេះ គឺ​បង្ហាញ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​តិចតួច​បំផុត​ក្នុង​មួយ​ឆ្នាំៗ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ធ្លាប់​ឲ្យ​អាស៊ីសេរី ដឹង​ថា គម្រោង​ធំៗ​នៅ​កម្ពុជា ដូចជា​ផ្លូវ​ថ្នល់​ធំៗ និង​អគ្គិសនី​មួយ​ភាគ​ធំ គឺ​បាន​ពី​កម្ចី​ចិន។ លោក វិស្សុត បន្ត​ថា បើសិនជា​គ្មាន​កម្ចី​ពី​ចិន នោះ​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ទាំង​អស់​នេះ​ក៏​មិន​ចេញ​ជា​រូបរាង​ដែរ។

ទោះបីជា​យ៉ាង​នេះ​ក្ដី សហភាព​អឺរ៉ុប​ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍ​ធំ​បំផុត​របស់​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩២ មក។ ជំនួយ​សរុប​ពី​សហភាព​អឺរ៉ុប ស្នើ​នឹង​ប្រមាណ ២២% នៃ​ជំនួយ​អភិវឌ្ឍន៍​សរុប​របស់​បរទេស​ដល់​កម្ពុជា។ ក្នុង​នោះ​ជំនួយ​ឥត​សំណង​ក្នុង​មួយ​ឆ្នាំៗ ដែល​កម្ពុជា ទទួល​បាន​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​ជា​មធ្យម​ពី ១៣០​លាន ទៅ ១៥០​លាន​ដុល្លារ​អាមេរិក ផ្ដោត​លើ​វិស័យ​នានា រួម​មាន​សុខាភិបាល​អប់រំ កសិកម្ម អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​បង្កក​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ប្រសិនបើ​មិន​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ទេ​នោះ។ ក៏ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​ទេ។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លើក​ឡើង​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​បង្កក​ជំនួយ​រដ្ឋាភិបាល​កម្ពុជា មែន នោះ​មិន​មែន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ ផ្ទុយ​ទៅ​វិញ គឺ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​​ជា​ច្រើន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​ពី​សហភាព​អឺរ៉ុប​លែង​ដំណើរ​ការ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ខ្ចី​បំណុល​បរទេស​របស់​រដ្ឋាភិបាល​នេះ បង្ហាញ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា មិន​ទាន់​រឹង​មាំ​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៅ​តែ​ត្រូវ​ការ​ជំនួយ​ពី​បរទេស។ លោក​បញ្ជាក់​ថា នៅ​ពេល​រដ្ឋាភិបាល​លែង​ពឹង​ពាក់​លើ​កម្ចី និង​ជំនួយ​បរទេស​ទើប​បង្ហាញ​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​រឹង​មាំ​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន៖ «»។

​ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ ពលរដ្ឋ​មិន​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ​បាន​ស្មើភាព​នោះ​ឡើយ ពិសេស​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិមនុស្ស ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​ពុករលួយ ។ ល។៖ «»។

អ្នក​ជំនាញ​សេដ្ឋកិច្ច លោក អ៊ូ វីរៈ បន្ថែម​ថា ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រឹង​មាំ មិន​មែន​រដ្ឋាភិបាល​គិត​លើ​វិស័យ​អប់រំ​ជា​វិស័យ​ជា​អាទិភាព​ដូច​រដ្ឋាភិបាល​កំពុងតែ​ធ្វើ​នេះ​ទេ វិស័យ​ជា​អាទិភាព​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ពង្រីក​វិស័យ​ឧស្សាហកម្ម ការ​ពង្រីក​រោងចក្រ​ទើប​ធ្វើ​ឲ្យ​មូលដ្ឋាន​សេដ្ឋកិច្ច​រឹង​មាំ​បាន។ លោក អ៊ូ វីរៈ បាន​លើក​ពី​ប្រទេស​ជឿនលឿន​សេដ្ឋកិច្ច​មួយ​ចំនួន​ដូចជា​កូរ៉េ​ខាងជើង ចិន និង​សហរដ្ឋអាមេរិក ជាដើម៖ «»។

​ក៏ប៉ុន្តែ​នៅ​អាណត្តិ​ទី​៥​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន ដូចជា​ការ​ចាប់ចង ការ​បាញ់​សម្លាប់​ជាដើម។ អស្ថិរភាព​នយោបាយ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​មក​វិនិយោគ​បន្ថែម​ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​កម្ពុជា នឹង​ងាយ​ប៉ះពាល់​លើ​កំណើន​សេដ្ឋកិច្ច ពិសេស​ជម្លោះ​នយោបាយ គឺ​ជះ​ឥទ្ធិពល​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

របាយការណ៍​របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) និង​ទិន្នន័យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (Economist Intelligent Unit) ដែល​ចេញ​ផ្សាយ​នៅ​ខែ​ធ្នូ ឲ្យ​ដឹង​ថា ប្រាក់​ដែល​ម្ចាស់​ជំនួយ​បរទេស​ផ្តល់​ឲ្យ​កម្ពុជា មាន​ចំនួន ៨៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៥ ខណៈ​កាល​ពី​ឆ្នាំ​២០១៤ មាន​ចំនួន ៩៧០​លាន​ដុល្លារ។ នេះ​ជា​ការ​ធ្លាក់​ចុះ​​លើក​ទី​មួយ​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក។

អ្នក​ផ្ដល់​ជំនួយ​ធំៗ​មាន​ដូចជា​ជប៉ុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង បារាំង អូស្ត្រាលី សហភាព​អឺរ៉ុប អាល្លឺម៉ង់​មូលនិធិ​សកល (Global Fund) និង​ស៊ុយអែត។

ប្រាក់​ជំនួយ​ពី​បរទេស​ដែល​ធ្លាក់​ចុះ​នេះ មិន​បាន​រាប់​បញ្ចូល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នោះ​ទេ។ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​ទេ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ ហើយ​ប្រសិនបើ​ប្រទេស​ម្ចាស់​ជំនួយ​នៅ​តែ​បន្ត​កាត់​ជំនួយ​ដល់​រដ្ឋាភិបាល​នោះ អ្នក​រង​គ្រោះ​ខ្លាំង​គឺ​ប្រជាពលរដ្ឋ ទោះបីជា​រដ្ឋាភិបាល​ធ្លាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មិន​ខ្វល់​ទៅ​នឹង​ការ​ព្រមាន​របស់​ប្រទេស​ម្ចាស់​ជំនួយ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល