សហគមន៍​កសិករ​ស្នើ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​ត្រួត​ពិនិត្យ​អង្ករ​នាំ​ចូល​ពី​​វៀតណាម

ដោយ អ៊ុំ រង្សី
2016-10-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​សហគមន៍​កសិករ ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង ដោយ​ត្រួត​ពិនិត្យ​អង្ករ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ព្រម​ទាំង​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​បន្លំ និង​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ប៉ះពាល់​សុខភាព រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។ ការ​ជំរុញ​នេះ ក្រោយ​ពេល​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ជាតិ​គីមី​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​លើក​ឡើង​ថា ការ​មិន​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​មុន​នាំ​ចេញ និង​មិន​បាន​ត្រួត​ពិនិត្យ​អង្ករ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ឲ្យ​ល្អិតល្អន់ គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មានការ​បន្លំ ឬ​ប្រើ​ជាតិ​គីមី​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ​លាយ​ជាមួយ​ប្រភេទ​អង្ករ រួច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​កសិករ​បញ្ជាក់​បារម្ភ​ថា ប្រសិនបើ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ យក​អង្ករ​បន្លំ ឬ​លាយ​ប្រើ​ជាតិ​គីមី​ច្រើន​ហួស​កម្រិត ព្រម​ទាំង​នាំ​ចូល​អង្ករ​គីមី​ទាំង​នោះ​មក​កាន់​កម្ពុជា​នោះ វា​នឹង​មិន​ត្រឹមតែ​បង្ក​ឧបសគ្គ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ វា​ក៏​រារាំង​កម្ពុជា ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ​ស្រូវ​អង្ករ​សហរដ្ឋអាមេរិក ថែម​ទៀត។ ការ​លើក​ឡើង​នេះ ស្រប​ពេល​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​បាន​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ជាតិ​គីមី​ចំនួន ៨​ប្រភេទ ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។

ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​កសិករ និង​ជា​តំណាង​កសិករ​ឆ្នើម​ទូទាំង​ប្រទេស លោក ស៊ឹម រ៉ុម យល់​ថា ក្រោយ​មាន​ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក ដែល​រក​ឃើញ​ថា អង្ករ​វៀតណាម មាន​ជាតិ​គីមី​ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។ លោក​បារម្ភ​ថា អង្ករ​ដែល​មាន​ជាតិ​គីមី​ទាំង​នោះ អាច​នឹង​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា​វិញ ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​កម្ពុជា។ ដូច្នេះ​រដ្ឋាភិបាល ពិសេស​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ចាត់​វិធានការ និង​ត្រួតពិនិត្យ​ឲ្យ​ច្បាស់​ដើម្បី​បញ្ចៀស​បញ្ហា​នេះ៖ «ខ្ញុំ​យល់​ថា កសិករ​យើង​ខ្លះ​មិន​មាន​ស្រែ ឬ​ធ្វើ​ស្រែ​មិន​គ្រប់ គាត់​ច្បាស់​ជា​ទៅ​ទិញ​អង្ករ​នៅ​លើ​ទីផ្សារ​ហើយ អ៊ីចឹង​បើ​សិន​ជា​ស្បៀង​អាហារ​សុទ្ធតែ​គីមី និង​នាំ​ចូល​មក​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​កសិករ។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ និង​គិតគូរ​ពី​សុវត្ថិភាព​ស្បៀង​ជូន​ប្រជាពលរដ្ឋ»

ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន បាន​ប្រាប់​អាស៊ីសេរី ថា លោក​មិន​ច្បាស់​ថា​តើ​កន្លង​មក​ពិត​ជា​មាន​អង្ករ​ជាតិ​គីមី​នាំ​ចូល​ពី​វៀតណាម ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ដើម្បី​ចៀសវាង​ការ​ស្ដីបន្ទោស ឬ​ការ​ព្រមាន​ណា​មួយ​ពី​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​គួរ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ស្ថាប័ន​កាំកុងត្រូល ក្រសួង​ពាណិជ្ជកម្ម ពិសេស​ក្រសួង​ឧស្សាហកម្ម បង្កើត​មន្ទីរ​ពិសោធន៍​ដែល​មាន​ស្តង់ដារ ដើម្បី​ត្រួត​ពិនិត្យ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ ឬ​ឲ្យ​អង្ករ​ពី​ប្រទេស​ផ្សេង​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

លោក​ឲ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​អង្ករ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា និង​ការ​ត្រួត​ពិនិត្យ​បញ្ជាក់​ពី​គុណភាព​ប្រភព​ដើម​អង្ករ​គ្រប់​ប្រភេទ​មុន​នាំ​ចេញ មាន​សារសំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​ដឹង​ពី​ប្រភព​អង្ករ​ពិត​ប្រាកដ​ថា សុទ្ធ​មិន​សុទ្ធ គ្មាន ឬ​មាន​លាយ​ជាតិ​គីមី ឬ​អត់? ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា ជួយ​រក្សា​តម្លៃ​ស្រូវ​កសិករ​ឲ្យ​មាន​ស្ថិរភាព ពិសេស​រក្សា​តំណែង​អង្ករ​ក្រអូប​កម្ពុជា ថែម​ទៀត៖ «ខ្ញុំ​យល់​ថា យើង​គួរ​តែ​ទប់​ស្កាត់​ការពារ​មុន កុំ​ឲ្យ​សារធាតុ​គីមី​ចូល​ដោយ​អត់​បាន​ពិនិត្យ អ៊ីចឹង​វា​ធ្វើ​ឲ្យ​អ្នក​ហូប​ខូច​សុខភាព តែ​បើ​នៅ​ស្រុក​គេ​វិញ បើ​គេ​ពិនិត្យ​រក​ឃើញ​មាន​ជាតិ​គីមី គេ​បញ្ជូន​ត្រឡប់​មក​វិញ​ភ្លាម គេ​មិន​បណ្ដោយ​ប៉ះពាល់​យូរ​ទេ អ៊ីចឹង​កម្ពុជា គួរ​តែ​ដល់​ពេល​ហើយ នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​លើ​សារធាតុ​គីមី»

កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​អាជ្ញាធរ​ទទួល​បន្ទុក​ត្រួតពិនិត្យ​ផ្នែក​អាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) បាន​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ជាតិ​គីមី​ចំនួន ៨​ប្រភេទ ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។ សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ខែ​សីហា ឆ្នាំ​២០១៦ អង្ករ​ចំនួន ១​ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​អង្ករ​វៀតណាម ចំនួន ១៦ ត្រូវ​បាន​រក​ឃើញ​ថា មាន​បញ្ហា​អនាម័យ និង​ពុំ​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ។

របាយការណ៍​របស់​អាជ្ញាធរ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្នែក​អាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) ក៏​បង្ហាញ​ថា រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៦ នេះ អង្ករ​ចំនួន ១.៧០០​តោន​ដែល​បម្រុង​នាំ​ចូល​ទីផ្សារ​អាមេរិក រួម​មាន​អង្ករ​ក្រអូប​ម្លិះ អង្ករ​បី​កំណាត់ និង​អង្ករ​សំរូប ជាដើម ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បម្រាម​របស់​អាមេរិក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​នាំ​អង្ករ​ចេញ​របស់​វៀតណាម។ គួរ​បញ្ជាក់​ដែរ​ថា សារធាតុ​គីមី​ទាំង ៨​ប្រភេទ​នោះ គឺ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់ណា  ពាក់ព័ន្ធ​នឹង​ក្តី​កង្វល់​របស់​កសិករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ជុំវិញ​បញ្ហា​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​១១ ខែ​តុលា។

អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បី​ដឹង​ពី​ចំនួន​អង្ករ​វៀតណាម ចូល​មក​កម្ពុជា មាន​បាន​ឡើយ​ដែរ។

ឆ្លើយ​តប​នឹង​ករណី​នេះ​ដែរ ប្រធាន​ផ្នែក​ជំរុញ និង​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​នាំ​ចេញ​អង្ករ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ពៅ បុណ្ណរិទ្ធិ ប្រាប់​អាស៊ីសេរី ថា ដើម្បី​ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​កម្ពុជា សហព័ន្ធ​នឹង​សហការ​ជាមួយ​បណ្ដា​ក្រុម​ម៉ាស៊ីន​កិន​ស្រូវ ដែល​ផលិត​អង្ករ​ប្រកប​ដោយ​គុណភាព គ្មាន​ជាតិ​គីមី​បង្កើត​យុទ្ធនាការ​បិទ​តែម​លើ​បាវ​អង្ករ ដែល​មាន​យីហោ "អង្ករ​សុទ្ធ ១០០%”៖ «ថែម​ដែល​សហព័ន្ធ​បញ្ជាក់ គឺ​ជា​តែម​ដែល​ជា​អង្ករ​ខ្មែរ​សុទ្ធ ១០០% តែម្ដង មិន​មាន​ការ​ក្លែង​បន្លំ​អី​នោះ​ទេ»

​ទាក់ទិន​នឹង​ករណី​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ធ្លាប់​បាន​ចេញ​ប្រកាស​មួយ​ស្ដីពី​នីតិវិធី​នៃ​ការ​នាំ​ចូល​អង្ករ​ពី​បរទេស ដើម្បី​រឹត​បន្តឹង​ការ​នាំចូល​អង្ករ​ក្នុង​ប្រទេស​កម្ពុជា បំណង​រក្សា​ឲ្យ​បាន​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សមធម៌ និង​ស្រប​តាម​វិធាន​ប្រភព​ដើម​ទំនិញ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ កសិករ សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍ សង្គម​មួយ​ចំនួន​លើក​ឡើង​ថា វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម ពាក់ព័ន្ធ​ការ​រឹត​បន្តឹង​ការ​នាំចូល​អង្ករ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ នៅ​តែ​ឃើញ​មាន​អង្ករ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​តោន ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ដែល​ខ្វះ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ កសិករ សង្គម​ស៊ីវិល និង​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​នៅ​តែ​លើក​ឡើង​ថា កម្ពុជា មិន​គួរ​ណា​បណ្ដែតបណ្ដោយ​ឲ្យ​អង្ករ​របស់​ប្រទេស​ជិត​ខាង ជាពិសេស​ប្រទេស​វៀតណាម នាំ​ចូល​មក​លក់​យ៉ាង​គគ្រឹកគគ្រេង​នោះ​ឡើយ ដើម្បី​លើក​ស្ទួយ​ដល់​ការ​ផលិត​អង្ករ​នៅ​ក្នុង​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល