ពលរដ្ឋ​នៅ​ព្រំដែន​​ស្រុក​សំពៅលូន​ត្អូញត្អែរ​ថា ​​ចាប់​ពី​បើក​ច្រក​អន្តរជាតិ​ភ្នំដី​មក​សមត្ថកិច្ច​​ថៃ​រឹត​បន្តឹង​ខ្លាំង​​លើ​ទំនិញ​ខ្មែរ​នាំ​ទៅ​​​​​ថៃ

ដោយ ម៉ៅ សុធានី
2018-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋឆ្លងដែលនៅច្រកព្រំដែន​អន្តរជាតិ​ភ្នំដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
ប្រជាពលរដ្ឋឆ្លងដែលនៅច្រកព្រំដែន​អន្តរជាតិ​ភ្នំដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
Provided photo

អាជីវករ​ខ្មែរ​លក់​ដូរ​​បន្លែ​ត្រី​សាច់​នៅ​ផ្សារ​​ខៅ​ឌិន​ក្នុង​ដី​ថៃ​ ​ជាប់​ច្រក​ព្រំដែន​ស្រុក​សំពៅលូន​ត្អូញត្អែរ​ថា ចាប់​តាំង​ពី​កម្ពុជា​-ថៃ​បាន​ឯកភាព​គ្នា​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំដី​កាល​ពី​ថ្ងៃ​៣០​មីនា​មក​ ​សមត្ថកិច្ច​ថៃ​បាន​រឹត​បន្តឹង​ខ្លាំង​ទៅ​លើ​មុខ​ទិញ​របស់​ខ្មែរ​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​នេះ​ បណ្ដាល​ឲ្យ​ប៉ះពាល់​​ដល់​​​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​​ដែល​ប្រកប​របរ​លក់​ដូរ​នៅ​​ព្រំដែន​ច្រក​​នេះ​ ធ្វើ​ឲ្យ​បាត់បង់​ប្រាប់​ចំណូល​ប្រចាំ​ថ្ងៃ។

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ខៅ​ឌិន​របស់​ថៃ​ ដែល​ជាប់​ព្រំដែន​ស្រុក​សំពៅលូន​ ស្នើ​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ជំរុញ​ទៅ​ភាគី​ថៃ​បន្ធូរបន្ថយ​ពន្ធ​លើ​មុខ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា។

អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ខៅ​ឌិន​ស្រុក​ក្លង​ហាត​របស់​ថៃ លោក​ នួន ភក្ដី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​មេសា​ថា ចាប់​តាំង​ពី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដី​មក សមត្ថកិច្ច​ថៃ​បាន​រឹត​បន្តឹង​ពន្ធ​លើ​មុខ​ទំនិញ​ដែល​​នាំចេញ​ពី​កម្ពុជា ស្ទើរ​គ្រប់មុខ ជា​ពិសេស​បន្លែ ផ្លែឈើ និង​ត្រី​ស្រស់​ជា​ដើម​ គឺ​ត្រូវ​​ឲ្យ​បង់​ពន្ធ​ទ្វេដង ដោយ​ត្រី​ស្រស់​បង់​ពន្ធ ៥​បាតប្រាក់​ថៃ​ ស្នើ​នឹង​ប្រមាណ ៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​។លោក​បន្ថែម​ថា ពន្ធ ៦៥០​រៀល​នេះ​ ​ត្រូវ​បង់​ឲ្យ​គយ​ថៃ​មួយ​កន្លែង​និង​មន្ត្រី​ជលផល​​ថៃ​មួយ​កន្លែង​ ដែល​ខុស​ពី​កាល​មិន​ទាន់​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ដែល​គយ​ថៃ​យក​ពន្ធ​មួយ​បាត​កន្លះ ឬ​ប្រមាណ ២០០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «អ្នក​ដែល​យក​ទំនិញ​ទៅ​លក់​ឲ្យ​ថៃ​រាប់​រយ​នាក់​ ហើយ​ភាគ​ច្រើន​នាំ​ទំនិញ​ប្រមាណ​ពី ២០០​គីឡូក្រាម​ទៅ​ជាង​១តោន​ក្នុង​មួយ​ថ្ងៃ​។ពួក​ខ្ញុំ​សុទ្ធតែ​ប៉ះពាល់​គ្រប់​គ្នា​ហើយ​បាន​ផ្ដិត​ស្នាម​មេដៃ​សុំ​តវ៉ា​ទៀត​ផង ហើយ​ខាង​សមត្ថកិច្ច​គេ​ថាបើ​ពួក​ខ្ញុំ​តវ៉ា​គេ​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ហើយ​ពួក​ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត»

បន្ថែម​លើ​នេះ​ទៀត អាជីវករ​លក់​បន្លែ​និង​ត្រី​ស្រស់​នៅ​ផ្សារ​ខៅ​ឌិន​ម្នាក់​ទៀត​ អ្នក​ស្រី សុខ ស៊ីនួន លើក​ឡើង​ថា សមត្ថកិច្ច​ថៃ​រឹត​បន្តឹង​ពន្ធ​នេះ​ គឺ​ប្រៀប​ដូច​ជា​ច្របាច់ក​អាជីវករ​ខ្មែរ​ឲ្យ​លៀនអណ្ដាត​ទៅ​ហើយ​ ព្រោះ​ពួកគាត់​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ«ខ្ញុំ​ដឹក​ចូល​ទៅ​អីវ៉ាន់​ខ្ញុំ​ប្រហែល​៧០០​គីឡូក្រាម​ត្រូវ​បង់ពន្ធ​ឲ្យ​ថៃ​ប្រមាណ​៣០​ម៉ឺន​រៀល​ ហើយ​ខ្ញុំ​នៅ​ថ្លៃ​ដឹក​ជញ្ជូន​និង​ថ្លៃ​ឈ្នួល​ផ្សេងៗ​ទៀត​ខ្ញុំ​មិន​បាន​ចំណេញ​ទេ ហើយ​បើ​ខាង​ថៃ​គេ​ដឹក​ត្រី​ចូល​មក​ខ្មែរ​វិញ​​ក្នុង​មួយ​តោន​គេ​យក​តែ​៥០០​បាត​ទេ»

អ្នក​បន្ថែម​ទៀត​ថា សមត្ថកិច្ច​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ភ្នំដី​រឹត​បន្ត​ចំពោះ​តែ​ទំនិញ​របស់​កសិករ​ដែល​នាំ​ចេញ​ពី​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ ប៉ុន្តែ​ទំនិញ​របស់​ថៃ​បាន​​​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​មាន​ចំនួន​​ច្រើន​លើស​លុប​​ ហើយ​​សមត្ថកិច្ច​ខ្មែរ​ក៏​មិន​បាន​រឹត​បន្តឹង​ដូច​ខាង​​ថៃ​នោះ​ឡើយ។

អភិបាល​ស្រុក​សំពៅ​លូន លោក ងាវ ប៊ុន​យាង មាន​ប្រសាសន៍​ថា បញ្ហា​នេះ​អាជ្ញាធរ​ព្រំដែន​របស់​ខ្មែរ​បាន​ទៅ​ជួប​ពិភាក្សា​ជា​មួយ​ភាគី​ថៃ​ហើយ តែ​​ខាង​ថៃ​មិន​អាច​អនុគ្រោះ​ឲ្យ​​នោះ​​ទេ ព្រោះ​គេ​អនុវត្តន៍​តាម​ច្បាប់​របស់​ប្រទេស​គេ៖ «ព្រោះ​គេ​តម្រូវ​ឲ្យ​មាន​ច្បាប់​ពី​ក្រសួង​កសិកម្ម​និង​ពី​ក្រសួង​ពាណិជ្ជកម្ម​​ទៅ​ទើប​តម្លៃ​ថោក។បាទ​មាន​មួយ​ចំនួន​ហាម​ឃាត់​និង​មួយ​ចំនួន​អនុគ្រោះ​ ហើយ​ដែល​ហាមឃាត់​ដូច​ជា​ត្រី​រស់​គេ​ទាមទារ​ឲ្យ​ធ្វើ​ដូច​នៅ​ច្រក​ប៉ោយប៉ែត»

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើក​ឡើង​ថា​បញ្ហា​នេះ​ដោយសារ​ភាព​កម្សោយ​នៃ​ប្រព័ន្ធ​ការ​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា។លោក​បន្ថែម​ទៀត​ថា​ របប​លោក​ហ៊ុន​ សែន គួរតែ​រឹត​បន្តឹង​លើ​ពន្ធ​ទំនិញ​នាំ​ចូល​ដូច​ប្រទេស​ជិត​ខាង​ដែរ ទើប​អាច​ជួយ​ដល់​ជីវភាព​របស់​កសិករ​ខ្មែរ​បាន​ប្រសើរ​ឡើង៖ «ហើយ​នេះ​ជា​បន្ទុក​បន្ថែម​ច្រើន​ទៀត សម្រាប់​កសិករ​ដែល​រក​ស៊ី​តូចតាច​ ពួកគាត់​អាច​ខាត ប៉ុន្តែ​ឈ្មួញ​ធំៗ​មិន​សូវ​អី​ទេ ព្រោះ​គេ​មាន​ដើម​ទុន​ច្រើន»

អាជ្ញាធរ​កម្ពុជា​-ថៃ​បាន​សហការ​គ្នា​​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដី​ ស្ថិតនៅ​ស្រុក​សំពៅលូន​ខេត្ត​បាត់ដំបង​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ​២០១៨ ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​នៃ​ប្រទេស​ទាំង​២។ ប៉ុន្តែ​ពលរដ្ឋ​ដែល​ឆ្លង​ដែល​ទៅ​លក់​ដូរ​នៅ​ច្រក​ព្រំដែន​មួយ​នេះ អះអាង​ថា​ចាប់​ពី​ពង្រីក​ច្រក​នេះ​​ទៅ​ជា​ច្រក​អន្តរជាតិ​​មក គឺ​បាន​ប៉ះពាល់​ខ្លាំង​ដល់​ការ​នាំ​ទំនិញ​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ថៃ។ ក្រុម​អាជីវករ​លើក​ឡើង​ថា​ប្រសិន​បើ​សមត្ថកិច្ច​​ថៃ​មិន​ព្រម​អនុគ្រោះ​ដល់​ការ​នាំ​ទំនិញ​ចេញ​ទៅ​លក់​នៅ​ប្រទេស​នេះ​ដូច​ពេល​មុន​ទេ ពួកគាត់​នឹង​នាំគ្នា​តវ៉ា​បិទ​ច្រក​មួយ​នេះ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល