កសិករ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃ​ស្ពៃក្ដោប​ចុះ​ថោក​លក់​មិន​បាន​ប្រាក់​កម្រៃ

ដោយ អូន ភាព
2019-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
ចម្ការ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ភូមិ​រហាលសួង ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រជាកសិករ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ស្ពៃ​ក្ដោប​ចុះថោក​ ធ្វើ​ឱ្យ​ពួកគាត់​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះ​ស្រាយ​​ជីវភាព​​គ្រួសារ។ ពួក​គាត់​​អះអាង​​ថា សព្វ​ថ្ងៃ​ស្ពៃ​ក្ដោប​ដែល​ឈ្មួញ​ប្រមូល​​ទិញ​​ពី​កសិករ​តម្លៃ ៥០០រៀល​ក្នុង​មួយ​គីឡូក្រាម​​ប៉ុណ្ណោះ។

ប្រជាកសិករ​នៅ​ភូមិ​ពង្រ ឃុំ​ក្ដុល​តាហែន ស្រុក​បវេល លោក ប៉ោ យ៉ុន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ធ្នូ​ថា ស្ពៃ​ក្ដោប​ចាប់​ផ្ដើម​ចុះ​ថោក ប្រមាណ ២សប្ដាហ៍​ហើយ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជួន​ពួកគាត់​នៅ​ឡើយ​ទេ។ កសិករ​រូប​នេះ​ បន្ត​ថា លោក​ខ្ចី​​ប្រាក់​​​ពី​ធនាគារ​ប្រមាណ ៣ពាន់​ដុល្លារ​អាមេរិក​ធ្វើ​ដើម​ទុន​​ដាំ​ស្ពៃ​ក្ដោប​នៅ​លើ​ផ្ទៃ ១ហិកតារ ដោយ​រំពឹង​ថា​នឹង​សង​គេ​វិញ​នៅ​ពេល​ប្រមូល​ផល។ លោក​បន្ត​ថា អ្វីៗ ​មិន​បាន​ដូច​ក្ដី​ស្រមៃ​ឡើយ​ ព្រោះ​តម្លៃ​ស្ពៃ​ក្ដោប​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​កសិករ​ ចន្លោះ​ពី ៤០០ ទៅ ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។ លោក​ថា តម្លៃ​នេះ​លក់​មិន​បាន​ប្រាក់​កម្រៃ​នោះ​ទេ ព្រោះ​ផ្ទៃ​ដី ១ហិកតារ​ដែល​លោក​ដាំ​ស្ពៃ​នោះ ចំណាយ​កម្លាំង​មនុស្ស ៣នាក់ ក្នុង​រយៈ​ពេល​ជាង ៣ខែ​ទើប​ប្រមូល​ផល​។លោក​បញ្ជាក់​ថា តម្លៃ​ស្ពៃ​ក្ដោប​អាច​នឹង​ចុះ​ថោក​ជាង​នេះ​ទៀត ព្រោះ​សព្វ​ថ្ងៃ​កសិករ​ទើប​តែ​ចាប់​ផ្ដើម​ប្រមូល៖ «មិន​បាច់​ថា​តែ​ស្ពៃ​ក្ដោប​ទេ​ ត្រសក់​ននោង​ ត្រឡាច​ អី​ក៏​ថោក​ទាំង​អស់​ ហើយ​ដល់​ពេល​ស្ពៃ​ធ្លាក់​អីចឹង​មិន​សូវ​មាន​ឈ្មួញ​មក​ទិញ​ទៀត។ កសិករ​ត្អូញត្អែរ​គ្រប់​គ្នា​ហ្នឹង​ឯង​ ឥឡូវ​ម្នាក់ៗ ដាំ​ហើយ​ខាត​ ហើយ​អ្នក​ខ្លះ​បម្រុង​រត់​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ ព្រោះ​យើង​ចង​ការ​លុយ​គេ​មក​ធ្វើ​ដំណាំ​ ដល់​ពេល​បាន​ផល​ចុះថោក​លក់​មិន​បាន​ប្រាក់​ទេ​។ខ្ញុំ​ចង់​ឱ្យ​លោក​ ហ៊ុន សែន​ ជួយ​ឱ្យ​ស្ពៃ​ក្ដោប​ឡើង​ថ្លៃ​ និង​បន្លែ​ស្រុក​ខ្មែរ​យើង​សុំ​ឱ្យ​ឡើង​ថ្លៃ​ទាំង​អស់​ បើ​តម្លៃ​ទាប​ដូច​សព្វ​ថ្ងៃ​ពួក​ខ្ញុំ​នឹង​រត់​ទៅ​ស្រុក​គេ​អស់​ហើយ»

លោក​បន្ត​ថា ​ប្រសិន​បើ​តម្លៃ​ស្ពៃ​ក្ដោប​នៅ​តែ​បន្ត​ចុះ​ថោក នឹង​ធ្វើ​កសិករ​តំបន់​ពួកគាត់​ប្រមាណ ​១០០​គ្រួសារ​ ប្រឈម​នឹង​គ្មាន​អង្ករ​ច្រក​ឆ្នាំ​ ដោយសារ​​ខាត​ដើម​ទុន​ពី​ការ​ដាំដុះ និង​គ្មាន​របរ​ផ្សេង​ក្រៅ​អំពី​ការ​ធ្វើ​កសិកម្ម​នោះ​ឡើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតនៈ​ ប្រាប់​អាស៊ី​សេរី​ថា ​លោក​មិន​ទាន់​ទទួល​ដំណឹង​អំពី​តម្លៃ​ស្ពៃក្ដោប​ចុះ​ថោក​នេះ​នៅ​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា តម្លៃ​ស្ពៃ​ចុះ​ថោក​បណ្ដាល​មក​ពី​កសិករ​ប្រមូល​ផល​ព្រម​គ្នា​ជា​ច្រើន​កន្លែង ក្នុង​​រដូវ​ប្រមូល​របស់​កសិករ៖ «ព័ត៌មាន​ហ្នឹង​បើ​ថ្ងៃ​ក្រោយ​យើង​អាច​ដោះ​ស្រាយ​បាន​យើង​ហ្នឹង​ជួយ​គាត់​ហើយ​។ត្រសក់​ក៏​អីចឹង​ដែរ​ យើង​មិន​អាច​ទុក​យូរ​បាន​ទេ​ ឱ្យ​តែ​វា​ចាស់​បន្តិច​ទៅ​គេ​លែង​ញាំ​ហើយ​។ថ្ងៃ​មុន​ចុះ​ថោក​តែ ៣ថ្ងៃ​ទេ ដល់ ៣ថ្ងៃ​ក្រោយ​មក តម្លៃ​ត្រសក់​ឡើង​ដល់ ៧០០រៀល​ក្នុង​មួយ​គីឡូក្រាម​ ហើយ​មក​ដល់​ស្ពៃក្ដោប​ទៀត​ ចាំ​មើល​ខ្ញុំ​ស្វែង​យល់​រឿង​ហ្នឹង​ទៀត​។នៅ​សហគមន៍​ចំណុច​ណា​ ដើម្បី​ឱ្យ​អ្នក​ទីផ្សារ​ទៅ​ជម្រាប​គាត់​កុំ​ឱ្យ​ទាន់​កាត់​ឱ្យ​ព្រម​គ្នា​អី»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សារឿន​ មាន​ប្រសាសន៍​ថា នៅ​ពេល​ដល់​រដូវ​ប្រមូល​ដំណាំ​ម្ដងៗ ប្រជាកសិករ​តែង​ជួប​បញ្ហា​តម្លៃ​ចុះ​ថោក​ជា​រៀង​រាល់​ឆ្នាំ។ លោក​បន្ត​ថា មូលហេតុ​ដែល​បន្លែ​ចុះ​ថោក​ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​​មិន​មាន​ផែនការ​ច្បាប់​ ដើម្បី​ជួយ​​​រក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ​ ស្រប​ពេល​ដែល​បន្លែ​ពី​ប្រទេស​ជិត​ខាង​នាំ​ចូល​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆាប់​ជួយ​ដល់​កសិករ​ទេ​ នឹង​ធ្វើ​ឱ្យ​ពួក​គាត់​​បោះ​បង់​ការ​ដាំដុះ​ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​​កាន់​តែ​ច្រើន​ ដើម្បី​រក​ប្រាក់​សង​​ធនាគារ៖ «អីចឹង​កសិករ​ហ្នឹង​ខាត ហើយ​ពួក​គាត់​នឹង​ជំពាក់​បំណុល​ធនាគារ ដែល​បាន​ខ្ចី​ប្រាក់​ធ្វើ​ដើម​ទុន​នោះ ពី​ព្រោះ​រដ្ឋ​មិន​បាន​ផ្ដល់​ថវិកា​ជួយ​ដល់​ពួកគាត់​ទេ។ អ៊ីចឹង​ខ្ញុំ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​កសិករ​ហ្នឹង ហើយ​ត្រូវ​តែ​មាន​ផែនការ​ជាក់លាក់​​ដោះ​ស្រាយ​បញ្ហា​រយៈ​ពេល​វែង​តែ​ម្ដង មិន​ចាំ​តែ​មាន​បញ្ហា​កើត​ឡើង​បាន​ចុះ​ទៅ​ជួប​ពួក​គាត់​នោះ​ទេ​»

រដ្ឋធម្មនុញ្ញ មាត្រា​៦២ ចែងថា រដ្ឋ​យក​ចិត្ត​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល ជូន​កសិករ​ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល។

កសិករ​នៅ​ស្រុក​បវេល​ឱ្យ​ដឹង​ថា កសិករ​​នៅ​ឃុំ​ក្ដុលតាហែន​​​ និយម​ដាំ​ស្ពៃក្ដោប​​ប្រមាណ ១០០គ្រួសារ ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ជិត ២០០​ហិកតារ ហើយ​បាន​ទិន្នផល​ចន្លោះ​ពី ៥០ ទៅ ៦០​តោន​ក្នុង​មួយ​ហិកតារ។ ដំណាំ​ស្ពៃក្ដោប​របស់​កសិករ​នៅ​ស្រុក​បវេល​ នឹង​ដល់​ពេល​​ប្រមូល​ផល​ព្រមៗ គ្នា​យ៉ាង​យូរ​ ២សប្ដាណ៍​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល