រថភ្លើង​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​

Radio Free Asia
2018-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថភ្លើង​​ឆ្លងកាត់​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​ដំណើរការ​សាក​ល្បង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨។
រថភ្លើង​​ឆ្លងកាត់​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​ដំណើរការ​សាក​ល្បង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨។
រូប​ថត​ពី​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​១០ មេសា ដាក់​ឱ្យ​ដំណើរ​ការ​សាក​ល្បង​ខ្សែ​រថភ្លើងពី​​​​ស្ថានីយ៍​រថភ្លើង​ក្រុង​ភ្នំពេញទៅ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ។ ក្នុង​ដំណើរការ​បណ្តោះអាសន្ន​នេះ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​ខ្សែ​រថភ្លើង​នេះ​ដោយ​ឥតគិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​១០ មេសា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់​ថុល ថ្លែង​ថា រថ​ភ្លើង​ដែល​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ពេល​នេះ​មាន​ចំនួន ៣​គ្រឿង ហើយ​លោក​រំពឹង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ថ្មី​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​ទៅ​ព្រលាន​យន្តហោះ មិន​មាន​ការ​បារម្ភ​អំពី​ការ​កក​ស្ទះ​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ។ លើសពី​នេះទៅ​ទៀត ក្រសួងបាន​រៀប​ចំ​ឱ្យ​មាន​ជា​បញ្ជរ​ត្រួត​ពិនិត្យ​ទំនិញ (Check-In) សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្ត​ហោះនៅ​ស្ថានីយ៍​រថភ្លើង​តែ​ម្តង ដោយ​មិន​ចាំបាច់​ត្រូវទៅ​​ត្រួត​ពិនិត្យ​ទំនិញ​នៅ​ព្រះលាន​យន្ត​ហោះ​ទៀត​ឡើយ។

ខ្សែ​រថភ្លើង​ថ្មី​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រមាណ ១០០​នាក់ និង​ចំណាយ​ពេល​ប្រហែល ៣០​នាទី ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ស្ថានីយ៍​ទៅ​ព្រលាន​យន្ត​ហោះ ហើយ​ពលរដ្ឋ​ដែល​ចង់​ធ្វើ​ដំណើរ​ពី​ព្រះលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ស្ថានីយ៍​រថភ្លើង​វិញ ក៏​បាន​ដូច​គ្នា។ កាល​ពី​សប្ដាហ៍​មុន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រថភ្លើង​មួយ​ខ្សែ​ដែរ រវាង​ក្រុង​ប៉ោយប៉ែត និង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល