"ថវិកា​២៧​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ទម្លាក់​ឲ្យ​ដោះស្រាយ​វិបត្តិ​ស្រូវ​មិន​ទាន់​មាន​ប្រសិទ្ធភាព"

ដោយ អ៊ុំ រង្សី
2016-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ដាក់​ស្រូវ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
កសិករ​ដាក់​ស្រូវ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចេញ​ថវិកា​ប្រមាណ ២៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​បច្ចុប្បន្ន ដែល​ប្រើប្រាស់​ដោយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB)។ ទន្ទឹម​គ្នា​នេះ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ យល់​ថា ការ​ទម្លាក់​ថវិកា ២៧​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​តម្លៃ​ស្រូវ មិន​ទាន់​មាន​ប្រសិទ្ធភាព និង​ជួយ​ស្រោចស្រង់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នៅ​ឡើយ​ទេ។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​យល់​ថា ការ​ទម្លាក់​ថវិកា ២៧​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​វិបត្តិ​តម្លៃ​ស្រូវ​មិន​ទាន់​មាន​ប្រសិទ្ធភាព ដោយសារ​តែ​លក្ខខណ្ឌ​ខ្ចី​មាន​អត្រា​ការប្រាក់​ខ្ពស់ និង​ការ​កំណត់​តម្លៃ​ទិញ​ស្រូវ​ពី​កសិករ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ខ្ពស់​ពេក។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន បាន​ប្រាប់​អាស៊ីសេរី​ថា រហូត​មក​ដល់​ពេល​នេះ លោក​សង្កេត​ឃើញ​ថា រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាច្រើន​លើសលប់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ខ្ចី​ទុន ២៧​លាន​ដុល្លារ​នេះ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដោយសារ​កត្តា​ការប្រាក់ និង​ការ​កំណត់​តម្លៃ​ទិញ​ស្រូវ​ពី​កសិករ​ខ្ពស់​លើស​ពី​តម្លៃ​ទីផ្សារ ដែល​ក្នុង​តម្លៃ​មួយ​គីឡូក្រាម​មិន​ក្រោម ៨៤០​រៀល៖ «តម្លៃ​ទីផ្សារ​គេ​ទិញ​អង្ករ​តែ ៧០០​រៀល​ទៅ ៧៣០​រៀល​ទេ តែ​បើ​យើង​ទិញ​ស្រូវ​រហូត​ដល់ ៨៤០​រៀល ចឹង ១​តោន​ខុស​គេ ៣០​រៀល​ហើយ​ហ្នឹង។ ដូច្នេះ តើ​យើង​ទៅ​លក់​ឲ្យ​ណា? ហើយ​វា​អត្រា​ការប្រាក់​ខ្ពស់​ទៀត។ ចឹង​ហើយ​បាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាច្រើន​ហ្នឹង សុខ​ចិត្ត​ប្រើប្រាស់​ទុន​ខ្លួន​ឯង​ដើម្បី​ឲ្យ​មាន​សេរីភាព។ ហេតុ​នេះ ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ពិភាក្សា​បញ្ហា​នេះ​ដើម្បី​កុំ​ប៉ះពាល់​ដល់​កសិករ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​បន្ត​ទៀត»

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ គួរ​តែ​ពិភាក្សា​ឡើង​វិញ​លើ​ការ​ប្រើប្រាស់​ថវិកា ២៧​លាន​ដុល្លារ​នេះ ដែល​សមស្រប​នឹង​លទ្ធភាព​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ថវិកា ២៧​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋាភិបាល​នេះ​ដែរ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី ឲ្យ​ដឹង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ស្នើ​ដល់​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ឥណទាន​ចម្រុះ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​ពាណិជ្ជ​ឯកជន ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ស្វែងរក​យន្តការ និង​នីតិវិធី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល នឹង​ទៅ​ដល់​ដៃ​របស់​ប្រជា​កសិករ​ដោយ​ផ្ទាល់ និង​ប្រើប្រាស់​មាន​ប្រសិទ្ធភាព៖ «ចង់​បង្កើត​គណៈកម្មាធិការ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​បាត់​លុយ​របស់​រដ្ឋាភិបាល និង​លុយ​ធ្លាក់​ទៅ​ឲ្យ​ដល់​ដៃ​កសិករ នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រយៈពេល​វែង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ដែរ សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឲ្យ​ដឹង​ថា មាន​រោង​ម៉ាស៊ីន​ភាគច្រើន​លើសលប់ កំពុង​ប្រើប្រាស់​ទុន​ផ្ទាល់​ខ្លួន​មិន​ទាន់​អស់​ក្នុង​ការ​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ពិសេស ២៧​លាន​ដុល្លារ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ផ្តល់​ឥណទាន​អស់​ត្រឹម​តែ​ជាង ៨០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ធនាគារ​អភិវឌ្ឍន៍​ជនបទ ក៏​បញ្ជាក់​ថា សម្រាប់​ការ​ប្រមូល​ផល​ស្រូវ​វស្សា​នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ធនាគារ​បាន​ត្រៀម​ថវិកា​ដែល​ជា​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល សម្រាប់​ផ្តល់​ឥណទាន​ដល់​បណ្ដា​រោង​ម៉ាស៊ីន​ទាំងឡាយ​ណា​ដែល​មាន​តម្រូវ​ការ​ក្នុង​អត្រា​ការប្រាក់ ៧% ក្នុង​មួយ​ឆ្នាំ។ ធនាគារ​អភិវឌ្ឍន៍​ជនបទ រំពឹង​ថា បញ្ហា​ខាង​លើ​នេះ​នឹង​អាច​ដោះស្រាយ​បាន។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ប្រាក់​បម្រុង​របស់​រាជ​រដ្ឋាភិបាល​ចំនួន ២០​លាន​ដុល្លារ និង​ប្រើប្រាស់​ទុន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។

ការ​ប្រកាស​បញ្ចេញ​ថវិកា ២៧​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ទិញ​ស្រូវ​កសិករ​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោយ​មាន​របាយការណ៍​ជាច្រើន​ពី​កសិផល​ដែល​កសិករ​ផលិត​បាន តែ​គ្មាន​ទីផ្សារ​លក់ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក មិន​រួច​ថ្លៃ​ដើម​ផលិត រហូត​ផ្ទុះ​កំហឹង​ឈាន​ដល់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍។

បញ្ហា​នេះ ក៏​ត្រូវ​បាន​កសិករ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ជាច្រើន ព្រម​ទាំង​បណ្ដា​សារព័ត៌មាន​បន្ត​ចែកចាយ​តៗ​គ្នា និង​រិះគន់​រដ្ឋាភិបាល​ថា គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចូលហោប៉ៅ អស់បាត់ទៅហើយ

Oct 06, 2016 07:31 AM

គេហទំព័រ​ទាំងមូល