កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​កើន​៥%​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៦

ដោយ អ៊ុំ រង្សី
2016-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
ប្រជា​កសិករ​លើក​ស្រូវ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ម្ដុំ​មុខ​សាលាឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

ការ​នាំ​ចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៦ បាន​ជាង ៤៧​ម៉ឺន​តោន។ របាយការណ៍​របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា បរិមាណ​នាំ​ចេញ​នេះ គឺ​កើន​ឡើង ៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​យល់​ថា ចំនួន​នេះ​នៅ​តែ​តិចតួច​នៅ​ឡើយ និង​នៅ​តែ​ប៉ះពាល់​ដល់​ការ​វិនិយោគ ប៉ះពាល់​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​កសិករ។

ថ្វីត្បិតតែ​វិស័យ​ស្រូវ​អង្ករ​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​មិន​ទាន់​រីក​លូតលាស់​ធំធាត់​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ឡើយ ជាពិសេស​បរិមាណ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា នៅ​រយៈពេល ១១​ខែ​ឆ្នាំ​២០១៦ នេះ កម្ពុជា នាំ​ចេញ​អង្ករ​បាន​ជាង ៤៧​ម៉ឺន​តោន (៤៧៩.៦៨៩​តោន) គឺ​កើន​ឡើង ៥% លើស​បរិមាណ​នាំ​ចេញ​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ជាង ៤៥​ម៉ឺន​តោន (៤៥៦.៩១៧​តោន) គឺ​កើន​ជាង ២​ម៉ឺន​តោន (២២.៧៧២​តោន) បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

របាយការណ៍​នេះ​ក៏​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​នេះ មាន​ការ​នាំ​ចេញ​ទៅ​កាន់​ទិសដៅ​ចំនួន ៦៤​ប្រទេស តាម​រយៈ​ក្រុមហ៊ុន​ចំនួន​៨៣។ ក្នុង​ចំណោម​ទិសដៅ​នាំ​ចេញ​ទាំងនោះ ឃើញ​មាន​កំណើន​ខ្ពស់​បំផុត​ក្នុង​លំដាប់​លេខ​១ គឺ​ប្រទេស​ចិន លេខ​២ ប្រទេស​បារាំង លេខ​៣ ប្រទេស​ប៉ូឡូញ លេខ​៤ ប្រទេស​ម៉ាឡេស៊ី និង​លេខ​៥ បែលហ្ស៊ិក (Belgium)

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​កើន​ឡើង​នេះ។ ប៉ុន្តែ​លោក​ថា បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ និង​ប៉ះពាល់​ដល់​ជីវភាព​កសិករ​ដែល​ពុំ​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ជាដើម។

លោក​ក៏​ព្យាករ​ថា វិស័យ​ស្រូវ​អង្ករ​នឹង​ជួប​ហានិភ័យ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​ធូរស្រាល។ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្តល់​បច្ចេកទេស និង​ទីផ្សារ​ជូន​កសិករ៖ «រដ្ឋាភិបាល​ត្រូវ​តែ​បញ្ជូន​មន្ត្រី​ជំនាញ ឬ​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម ផ្តល់​ប្រាក់​ខែ​សមរម្យ​ទៅ​បង្រៀន​កសិករ​ឲ្យ​កសិករ​ចេះ​ផលិត ចេះ​សហការ អា​ហ្នឹង​ហើយ​វា​ជា​គន្លឹះ​សំខាន់​ជួយ​កសិករ​កម្ពុជា និង​សង្គ្រោះ​ដល់​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ។ មិន​តែ​ប៉ុណ្ណោះ វា​ជួយ​ឲ្យ​កសិករ​លុប​បំបាត់​បំណុល​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ»

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ធ្លាប់​ឲ្យ​ដឹង​ថា ក្រៅ​ពី​បញ្ហា​ខ្ចី​បុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម បញ្ហា​ទិន្នផល​ផលិតកម្ម​ទាប ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់ បញ្ហា​ខ្វះខាត​ទឹក ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ថ្លៃ​អគ្គិសនី​ខ្ពស់ ខ្វះខាត​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ខ្ពស់ កំពង់ផែ​នាំ​ចេញ​នៅ​ឆ្ងាយ​ពី​ប្រភព​ផលិតកម្ម ជាដើម។

រដ្ឋាភិបាល​តែងតែ​សន្យា​ថា នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ទាំង​បរិមាណ និង​គុណភាព ដូចជា​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​អនុគ្រោះ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ស្វែងរក​ពូជ​ស្រូវ​ល្អៗ បង្កើន​ឃ្លាំង​ស្តុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ។ លើស​ពី​នេះ សន្យា​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទីផ្សារ ព្រម​ទាំង​អនុគ្រោះ​ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​វិស័យ​កសិកម្ម​បាន​ទេ បើ​សិន​គ្រាន់​តែ​ប្រកាស​ជួយ តែ​មិន​មាន​សកម្មភាព​នោះ។

កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង កម្ពុជា នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ ៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល