អ្នក​ស្រុក​វាលវែង​មួយ​ចំនួន​ប្រកប​របរ​ឡើង​ភ្នំ​បេះ​ផ្កា​លក់​ដើម្បី​រក​កម្រៃ​បន្ថែម

ដោយ ជិន ជេដ្ឋា
2017-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រភេទ​ផ្កា​ព្រៃ​ដែល​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ឡើង​បេះ​ពី​ដើម​ឈើ​នៃ​ជួរ​ភ្នំ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ទុក​លក់​យក​កម្រៃ​បន្ថែម​លើ​របរ​ធ្វើ​ស្រែចម្ការ កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧។ RFA/Chin Chetha
ប្រភេទ​ផ្កា​ព្រៃ​ដែល​ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ឡើង​បេះ​ពី​ដើម​ឈើ​នៃ​ជួរ​ភ្នំ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ទុក​លក់​យក​កម្រៃ​បន្ថែម​លើ​របរ​ធ្វើ​ស្រែចម្ការ កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

អ្នក​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​រស់​នៅ​ជិត​ព្រំដែន​ថៃ នាំ​គ្នា​ឡើង​ភ្នំ ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​ទៅ​លក់​នៅ​ប្រទេស​ថៃ បន្ថែម​លើ​មុខ​របរ​ធ្វើ​ស្រែចម្ការ។ អ្នក​ចូល​ព្រៃ​ភាគ​ច្រើន រក​បេះ​ផ្កា ឬ​រុក្ខជាតិ​ដែល​ដុះ​បញ្ញើ​លើ​ដើម​ឈើ និង​ល្បាក់​ភ្នំ។

ពលរដ្ឋ​រស់​នៅ​ឃុំ​អន្លង់រាប ប្រមោយ និង​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​ប្រកប​របរ​ពឹង​ផ្អែក​ពី​អនុផល​ព្រៃ​ឈើ​​នៅ​តាម​ជួរ​ភ្នំ សុទ្ធ​តែ​ធ្លាប់​មាន​ប្រវត្តិ​ពស់​ចឹក ជាន់​មីន និង​ធ្លាក់​ពី​លើ​ដើម​ឈើ​ជា​ដើម។

ថ្វីត្បិតតែ​របរ​នេះ​ប្រកប​ដោយ​គ្រោះថ្នាក់​ក្ដី ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តំបន់​នេះ នៅ​តែ​បន្ត​លះបង់ និង​ប្រថុយប្រថាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

កសិករ​ធ្វើ​ចម្ការ និង​បេះ​ផ្កា​ព្រៃ​លក់ នៅ​ឃុំ​អន្លង់រាប លោក រស់ ភ័ណ្ឌ ធ្លាប់​ពស់​ចឹក​ពេល​ចូល​ព្រៃ​រក​ផ្កា​ឲ្យ​ដឹង​ថា ដើម​រុក្ខជាតិ ឬ​ផ្កា​ដែល​ជនជាតិ​ថៃ និយម​ទិញ​ទៅ​ដាក់​តាំង​លម្អ​ផ្ទះ គឺ​មាន​ដុះ​តែ​នៅ​ល្បាក់​ថ្ម​ភ្នំ ឬ​ដើម​ឈើ​ខ្ពស់ៗ។ ក្នុង​១​សប្ដាហ៍​លោក​ឡើង​ភ្នំ​បេះ​ផ្កា​បាន​តែ​ពីរ ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​លោក​រវល់​ធ្វើ​ចម្ការ។ មុខ​របរ​លក់​ផ្កា ដែល​ខ្លួន​ខំ​ឡើង​បេះ​ពី​ភ្នំ និង​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​ដើម្បី​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ជា​រៀងរាល់​ចុង​សប្ដាហ៍​នោះ បាន​ប្រាក់​ចំណេញ​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព ប៉ុន្តែ​បច្ចុប្បន្ន​ផ្កា​ព្រៃ​កាន់​តែ​អស់​ទៅៗ៖ «ផ្កា​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ផុត​ពី​ចម្ការ វាលៗ​អស់​ទៅ មាន​ព្រៃ​ធំៗ តាម​ព្រៃ​គេ​ដឹក​ឈើ យើង​ជិះ​ម៉ូតូ​ទៅ​ដល់​សម្លឹង​ឃើញ​ទៅ​ឡើង​យក​ចង​ខ្សែ​សម្រូត​វា​ចុះ​ក្រោម​មក។ ខ្ញុំ​ព្រួយ​ខ្លាំង​ដែរ​ហ្នឹង ពេល​រក​ខ្លួន​ឯង ឡើង​ដើម​ឈើ​ខ្លាច​ធ្លាក់ ខែ​នេះ​មេឃ​ធ្លាក់​មក រអិល​ឡើង​ដើម​ឈើ​ស្លែ​ច្រើន​ណាស់»

លោក រស់ ភ័ណ្ឌ ប្រាប់​ពី​មូលហេតុ​ផ្កា​ព្រៃ ឬ​រុក្ខជាតិ​ផ្ញើ​ខ្លួន​លើ​ដើម​ឈើ​កាន់​តែ​ខ្សត់​ទៅ គឺ​ដោយសារ​មនុស្ស​ឡើង​ភ្នំ​ដើរ​រក​វា​កាន់​តែ​ច្រើន ស្រប​ពេល​ដែល​ដើម​ឈើ​ខ្ពស់ៗ ដែល​ផ្កា​ដុះ​លើ​នោះ ត្រូវ​បាន​គេ​កាប់​បំផ្លាញ។ អ្នក​ស្រុក​វាលវែង ដែល​ប្រកប​មុខ​របរ​នេះ​ភាគ​ច្រើន​ឡើង​ភ្នំ​ខ្ពស់ និង​ចូលព្រៃ​ជ្រៅៗ ដើម្បី​បេះ​វា​ដូច​ជា​នៅ​លើ​ភ្នំ​១៤០០ ភ្នំ​១៥០០ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្បែរ​ព្រំដែន​ខ្មែរ-​ថៃ ឋិត​នៅ​ស្រុក​វាលវែង។

បន្ទាប់​ពី​ឡើង​ភ្នំ​រក​ផ្កា​ស្ទើរ​ពេញ​មួយ​ថ្ងៃ អ្នក​ខ្លះ​ប្រមូល​ទិញ​ផ្កា​ពី​អ្នក​ស្រុក​បន្ថែម​លើ​ផ្កា​ដែល​ខ្លួន​រក​បាន កាត់​រំលែក​ផ្កា ឬ​ដើម​រុក្ខជាតិ​ដែល​រក​បាន​នោះ​ចង​ជា​ដុំៗ និង​ស្រោច​ទឹក​ឲ្យ​ស្រស់ ដើម្បី​ត្រៀម​ដឹក​តាម​ម៉ូតូ​ទៅ​លក់​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ។ រៀងរាល់​ថ្ងៃ​សៅរ៍ នៃ​សប្ដាហ៍​នីមួយៗ​ភាគី​ថៃ បាន​បើក​ច្រក​របៀង​ថ្ម​ដា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លក់​ផ្កា និង​របស់​របរ​ផ្សេងៗ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ម្នាក់​បង់​លុយ​ជូន​មន្ត្រី​ច្រក​ទ្វារ នៃ​ខេត្ត​ទាំង​ពីរ​អស់ ៧០​បាត។

លោក រស់ ភ័ណ្ឌ ថា ស្ថានភាព​លក់ដូរ​ផ្កា និង​រុក្ខជាតិ​ដាក់​តាំង​លម្អ​ផ្ទះ​នៅ​ក្នុង​ទឹក​ដី​ថៃ បច្ចុប្បន្ន​មិន​សូវ​ដាច់ និង​លក់​បាន​ថ្លៃ​ដូច​មុន​ទេ ដោយសារ​តែ​ម៉ូយ​ទទួល​ទិញ​យក​ទៅ​លក់​បន្ត​នោះ​មិន​យក​រាល់​សប្ដាហ៍​នោះ​ទេ៖ «ខ្ញុំ​ទិញ​ពី​គេ ជួន​ទិញ​បាន​បី​គីឡូក្រាម ជួន​ដប់​គីឡូក្រាម តាម​តិច​តាម​ច្រើន​គេ​យក​មក​លក់​ឲ្យ។ គិត​ទៅ​ក្នុង ១​គីឡូ ២​ម៉ឺន ៥​ពាន់​រៀល ចំពោះ​ផ្កា​លឿង​ចាន់។ ...​ចំណេញ​បាន ១​គីឡូក្រាម ៥០​បាត អត់​ទៀង​ជួន​កាល​បាន ១០០​បាត»

ប្រភេទ​ផ្កា និង​ដើម​រុក្ខជាតិ​សំខាន់ៗ ដែល​ជនជាតិ​ថៃ និយម​ទិញ​យក​ទៅ​លក់​បន្ត ឬ​ដាក់​តាំង​លម្អ​ផ្ទះ មាន​ជា​ច្រើន​មុខ​ដូចជា ផ្កា​លឿងចាន់ ឆាងម៉ាងឃ្លី ពុកមាត់នាគ រំសាយសក់ និង​ផ្កា​បី​សន្លឹក​ជាដើម។ ចំពោះ​តម្លៃ​ផ្កា​កម្រ​ដូច​ជា លឿងចាន់ និង​ពុកមាត់នាគ គេ​ថ្លឹង​គីឡូ​លក់ គឺ ១​គីឡូក្រាម​តម្លៃ ៤៥០​បាត ឬ​ស្មើ​នឹង​ជាង ៥​ម៉ឺន​រៀល។ ចំណែក​ផ្កា​ផ្សេងៗ ចង​បាច់​ប៉ុនៗ​កដៃ លក់​បាន​ចន្លោះ​ពី ៧ ទៅ​ជាង ១០​បាត។

អតីត​អ្នក​ឡើង​ភ្នំ​ចូល​ព្រៃ​បេះ​ផ្កា​លក់ គឺ​លោក ស៊ីម ណុល ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ចម្ការជ្រៃខាងជើង ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Chin Chetha
អតីត​អ្នក​ឡើង​ភ្នំ​ចូល​ព្រៃ​បេះ​ផ្កា​លក់ គឺ​លោក ស៊ីម ណុល ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ចម្ការជ្រៃខាងជើង ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Chin Chetha RFA/Chin Chetha

បើ​ទោះ​បី​ជា​របរ​នេះ​បាន​នាំ​ឲ្យ​ពួកគាត់​អាច​រក​ប្រាក់​ចំណូល​សមរម្យ​ក្ដី ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​បាន​បោះបង់​ចោល​របរ​ដ៏​ប្រឈម​នេះ។

បុរស​វ័យ​កណ្ដាល​ម្នាក់​ដែល​បាក់​ឆ្អឹង​ត្រគាក​ខាង​ស្ដាំ​ដោយសារ​ឡើង​ដើម​ឈើ​បេះ​ផ្កា​យក​ទៅ​លក់ គឺ​លោក ស៊ីម ណុល មាន​ប្រសាសន៍​ថា រូប​លោក និង​អ្នក​រក​ផ្កា​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់​គ្រប់​វិនាទី​បើ​ហ៊ាន​ធ្វេសប្រហែស ទើប​លោក និង​អ្នក​ធ្លាប់​រក​ផ្កា​ជាមួយ​គ្នា​ខ្លះ​ឈប់​រក​របរ​នេះ។

លោក​រំលឹក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៤ ​លោក​បាន​ប្រកប​មុខ​របរ​បេះ​ផ្កា​លក់ គឺ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ២៥​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ក្នុង​១​សប្ដាហ៍ ព្រោះ​ក្នុង ១​សប្ដាហ៍ ​ភាគី​ថៃ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លក់​ដូរ ឬ​ទិញ​ទំនិញ​នៅ​ទឹក​ដី​គេ​ម្ដង។ ប៉ុន្តែ​ជា​អកុសល​ លោក​ធ្លាក់​ពី​លើ​ដើម​ឈើ​កម្ពស់​ជាង ២០​ម៉ែត្រ ធ្វើ​ឲ្យ​លោក​ស្អប់​មុខ​របរ​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​សុខ​ចិត្ត​ធ្វើ​ស្រែចម្ការ​ជំនួស​វិញ៖ «ធ្លាក់​មក​មាន​ដឹង​ខ្លួន​ណា សន្លប់​ប្រហែល​បី​ម៉ោង ដឹង​ខ្លួន​មក​វា​យប់​ហើយ​ព្រិលៗ មក​ផ្ទះ​មាន​រួច​ណា យើង​ងើប​ក៏​មិន​រួច​អី​ក៏​មិន​រួច​ស្ពឹក​អស់​រលីង​ហើយ​ហ្នឹង​ខ្លួន អត់​ដឹង​ថា​សាច់​យើង​នៅ​ត្រង់​ណា​អី​ត្រង់​ណា​អត់​ដឹង​ទេ​មួយ​កំណាត់​ក្រោម​ស្ពឹក​ទាំង​អស់។ បាន​ព្យាបាល​យ៉ាង​ម៉េច​ហើយ​ឥឡូវ​នេះ? ខ្ញុំ​ព្យាបាល​ដោយ​គ្រូ​ខ្មែរ ត​ឆ្អឹង​ត​អី​ឲ្យ​យើង​បាន​ដើរ​រួច​វិញ តែ​ដើរ​អត់​មាន​ជំហរ​ដូច​ពី​មុន​ដូច​រាង​ខើចៗ​ម្ខាង។ តូច​ចិត្ត​ចេះ​តែ​តូច​ចិត្ត​ហើយ តែ​អា​នេះ​ធ្វើ​ម៉េច​ដើម្បី​ជីវភាព​គ្រួសារ យើង​ចេះ​តែ​ខំ​ប្រឹង​ទៅ»

បច្ចុប្បន្ន​របួស​ឆ្អឹង​ត្រគាក​របស់​លោក​បាន​ជា​សះ​ស្បើយ​ហើយ ប៉ុន្តែ​នៅ​ឈឺ​ចាប់​ម្ដងៗ ​ពេល​មេឃ​ត្រជាក់ និង​មិន​អាច​ដើរ​ផ្លូវ​​ឆ្ងាយ​បាន ព្រោះ​របួស​ឆ្អឹង​ត្រគាក​នោះ​ បាន​បណ្ដាល​ឲ្យ​ជើង​ខាង​ស្ដាំ​ខ្លី​ជាង​ជើង​ខាង​ឆ្វេង។ របរ​​ឡើង​ភ្នំ​បេះ​ផ្កា​លក់​នេះ បាន​បន្សល់​នូវ​វិប្បដិសារី​ដល់​គាត់​ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល