ប្រទេស​​មហា​អនុ​តំបន់​មេគង្គ​ព្រមព្រៀង​ផែនការ​វិនិយោគ ៦៦​ពាន់​លាន​ដុល្លារ​សម្រាប់​៥​ឆ្នាំ

ដោយ ម៉ៅ សុធានី
2018-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។
មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។
Photo of SPM Page

មេដឹកនាំ​ប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ នៅ​ថ្ងៃ​សៅរ៍​ទី ៣១ ខែ​មីនា បាន​ព្រមព្រៀងគ្នា​អំពី​ផែនការ​វិនិយោគ​ចំនួន ៦៦​ពាន់​លាន​ដុល្លារ សំរាប់​រយៈពេល​៥​ឆ្នាំ។ កិច្ច​ព្រមព្រៀង​នេះ ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៦ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម។ ទីភ្នាក់ងារ​ពត៌មាន​អេភី (AP) ឲ្យ​ដឹងថា ទឹកប្រាក់​សរុប ៦៦​ពាន់​លាន​ដុល្លារ​នេះ គឺ​៧​ពាន់​លាន នឹង​បាន​មក​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​ជិត​៦០​ពាន់​លាន​ទៀត គឺ​បានមកពី​រដ្ឋាភិបាល​ប្រទេស​ទាំង​៦ និង​វិស័យ​ឯកជន។ ប្រទេស​ទាំង​៦ ជា​សមាជិក​អនុតំបន់​មេគង្គ រួមមាន ប្រទេស​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា ថៃ និង​វៀតណាម។

ប្រភព​ដដែល​បន្ត​ថា កម្មវិធី​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​នេះ គឺជា​ការផ្តើមគំនិត​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ឆ្នាំ​១៩៩២ ហើយ​ចាប់ពីពេលនោះ​មក គេ​បាន​ចំណាយ​ប្រាក់ ២១​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្លែង​នៅ​ថ្ងៃ​សៅរ៍នេះ ថា ប្រទេស​មហា​អនុតំបន់​មេគង្គ នឹង​ប្តេជ្ញា​បន្ត​សាមគ្គីភាព និង​សហប្រតិបត្តិការ​រួមគ្នា ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ពង្រឹង​សុខ​សន្តិភាព និង​ស្ថេរភាព ក្នុង​តំបន់។

នៅ​ទន្ទឹមនេះដែរ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ក៏បាន​លើកឡើងថា ប្រទេស​ចិន ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​លេខ​២ នឹង​គាំទ្រ​ឲ្យ​មាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​បើកចំហ និង​ផ្តល់​ផលប្រយោជន៍​រួម ដល់​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល