កូនប្រុសពៅរបស់លោក ហ៊ុន សែន ដែលសម្បូរដោយរឿងអាស្រូវផ្លូវភេទ និងមានបំណងចង់ធ្វើជាអនាគតនាយករដ្ឋមន្ត្រីបន្តវេនពីឳពុករបស់លោក គឺលោក ហ៊ុន ម៉ានី ថ្លែងថា កម្ពុជា ឬអាស៊ានទាំងមូលទំនងជាត្រូវសម្រេចចិត្តនៅថ្ងៃណាមួយ ថាតើត្រូវចាប់យកសហរដ្ឋអាមេរិក ឬចិន ដោយសារតែបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក ឬចិន។ អ្នកជំនាញខាងកិច្ចការទំនាក់ទំនងអន្តរជាតិថា ក្នុងកាលៈទេសៈបែបនេះ ការទៅចាប់យកមហាអំណាចណាមួយ ចោលមហាអំណាចមួយទៀត គឺជាការសម្រេចចិត្តខុស និងប្រកបដោយគ្រោះថ្នាក់។
លោក ហ៊ុន ម៉ានី សំអាងថា ដោយសារតែបញ្ហានៃការរីករាលដាល ឬហៀរចូលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់ បញ្ហានេះ អាចនឹងក្លាយជាសម្ពាធដល់សមាជិកនីមួយៗនៃប្រទេសអាស៊ាន ឬសមាគមអាស៊ានទាំងមូល ឲ្យសម្រេចចិត្តចាប់យកមហាអំណាចមួយជាក់លាក់។ លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២១ វិច្ឆិកា ពីទីក្រុងបាងកក ប្រទេសថៃ ទីដែលលោកទៅចូលរួមធ្វើបាឋកថាមួយស្ដីពី «អាស៊ីក្នុងភាពប្រែប្រួល៖ កម្ពុជា និងអាស៊ាន» រៀបចំឡើងដោយកាសែត បាងកក ប៉ុស្តិ៍ របស់ថៃ។
ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ ( AFP ) ស្រង់ប្រសាសន៍លោក ហ៊ុន ម៉ានី ថា នៅពេលដែលអ្នកកាសែតចោទសួរ ថាតើកម្ពុជា នឹងចាប់យកមហាអំណាចមួយណាឲ្យពិតប្រាកដ រវាងសហរដ្ឋអាមេរិក និងចិន លោក ហ៊ុន ម៉ានី ព្យាយាមមិនផ្ដល់ចម្លើយចំៗ ដោយលោកគ្រាន់តែអះអាងថា នៅទីបំផុតទៅ វាអាស្រ័យទៅលើមហាអំណាចខ្លួនឯង ដែលត្រូវតែទទួលខុសត្រូវច្រើនជាងគេ ចំពោះការសម្រេចចិត្តរបស់ខ្លួន ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល។
អ្នកជំនាញខាងកិច្ចការទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ថា សម្រាប់កាលៈទេសៈបច្ចុប្បន្ន ជុំវិញបញ្ហាប្រឈមនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិននេះ ការសម្រេចចិត្តទៅចាប់យកមហាអំណាចមួយចោលមហាអំណាចមួយទៀត គឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់អនាគតស្ថិរភាពក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ទាំងមូល៖ «និយាយឲ្យចំទៅការចាប់យកខាងណាមួយក៏ខុសដែរ។ ប្រវត្តិសាស្ត្រនៅក្នុងតំបន់នេះ យើងឃើញថា ប្រទេសដែលមានភាពបត់បែនដូចជាប្រទេសថៃ ទទួលបានជោគជ័យ។ គេអត់ចាប់ទៅខាងណាខាងណីទេ។ ប្រទេសសិង្ហបុរីផ្នែកសន្តិសុខ ចាប់យកអាមេរិក ក៏ប៉ុន្តែផ្នែកសេដ្ឋកិច្ចនៅចាប់យកចិន។ អ៊ីចឹងទេ គេខំឲ្យមានតុល្យភាព។ ដូច្នេះ សម្រាប់កម្ពុជាយើង ធ្វើយ៉ាងណាឲ្យមានតុល្យភាពនៅក្នុងទំនាក់ទំនងហ្នឹង សូម្បីតែភាពតានតឹងហ្នឹង កាន់តែឡើងក៏ដោយ ក៏ប៉ុន្តែ យើងត្រូវយកនូវផ្លូវអព្យាក្រឹត្យមួយ បើមិនដូច្នេះទេ យើងអាចក្លាយជាកូនអុករបស់ប្រទេសមហាអំណាច»។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់លើកឡើងពីបញ្ហាប្រឈមសម្រាប់កម្ពុជា នៅចំពោះមុខសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននេះផងដែរ។ ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ កាលពីថ្ងៃទី១៥ វិច្ឆិកា នៅប្រទេសសិង្ហបុរី លោក ហ៊ុន សែន ថា សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមានឡើងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសាកល ជាពិសេសលោកថា បញ្ហានេះ បង្កជាហានិភ័យខ្ពស់ដែលរារាំងដល់ការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ឆ្នាំ២០៣០ របស់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតទៀត។ លោកបានស្នើឲ្យប្រទេសក្នុងតំបន់ ពង្រឹងនូវយន្តការកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីសុឆន្ទៈ និងការប្តេជ្ញាខ្ពស់ក្នុងការឆ្លើយតបនឹងបញ្ហានេះ ដើម្បីរក្សាបរិយាកាសវិនិយោគ និងបង្កើនការទុកចិត្តក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងឧស្សាហកម្ម។
កាលពីពេលថ្មីៗនេះ ក្រោយពីមានព័ត៌មានពីលទ្ធភាពដែលចិនអាចនឹងសាងសង់មូលដ្ឋានយោធានៅកម្ពុជា សហរដ្ឋអាមេរិកបានព្រមានកម្ពុជាចំៗរួចទៅហើយថា ប្រសិនបើរឿងនេះកើតមានឡើងពិតមែននោះ ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ពន្យល់ថា សង្គ្រាមពាណិជ្ជកម្មនេះ អាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងតំបន់ទាំងមូល និងថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនេះ ឈានទៅដល់សង្គ្រាមហិរញ្ញវត្ថុ នោះបញ្ហានេះនឹងរីករាលដាលកាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យទីផ្សារហិរញ្ញវត្ថុក្នុងតំបន់មានការប្រែប្រួល។ លោកថា ការវិវត្តនៃសង្គ្រាមនេះ អាចនឹងឈានទៅដល់វិបត្តិហិរញ្ញវត្ថុ និងវិបត្តិភូមិសាស្ត្រនយោបាយ ដែលក្លាយទៅជាសង្គ្រាមត្រជាក់សាជាថ្មី។ លោកព្រមានថា ក្នុងស្ថានភាពដែលកើតមានសង្គ្រាមត្រជាក់សាជាថ្មី នោះប្រទេសតូចតាចដូចកម្ពុជា អាចនឹងទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។