តម្លៃ​ម្រេច​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ខណៈ​រដូវ​​ប្រមូល​ផល​ត្រូវ​អូស​បន្លាយ​យូរ​ជាង​មុន

ដោយ​ វ៉ែន សុមេធ
2018-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) ម្រេច​ស ម្រេច​ខ្មៅ ម្រេច​ក្រហម និង​ម្រេច​ខៀវ។
(ពី​ឆ្វេង) ម្រេច​ស ម្រេច​ខ្មៅ ម្រេច​ក្រហម និង​ម្រេច​ខៀវ។
Photo: RFA

កសិករ​ដាំដុះ​ម្រេច​នៅ​ឆ្នាំ​នេះ នាំគ្នា​ត្អូញត្អែរ​អំពី​ទិន្នផល​ធ្លាក់​ចុះ និង​តម្លៃ​លក់​ចេញ​ថោក ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទទួល​បាន​ប្រាក់​ចំណេញ។ អ្នក​ជំនាញ​ខាង​កសិកម្ម និង​អ្នក​ជំនួញ​ម្រេច​យល់​ឃើញ​ស្រប​គ្នា​ថា រដ្ឋាភិបាល​ត្រូវ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ មិន​អាច​បណ្ដែត​បណ្ដោយ ឬ​ឈរ​មើល​កសិករ​ត្រូវ​រង​ការ​ខាត​បង់​ពី​ការ​ដាំដុះ​ដំណាំឧស្សាហកម្ម​ម្រេច​នេះ​ឡើយ។

ប្រធាន​សហគមន៍​ម្រេច​សរីរាង្គ​គគីរ​មេមង ដែល​ស្ថិត​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ លោក ភុំ សុវឌ្ឍន់ ប្រាប់​អាស៊ី​សេរី​ថា នៅ​ឆ្នាំ​នេះ កសិករ​ដាំ​ម្រេច​ក្នុង​សហគមន៍​របស់​លោក​ជួប​ប្រទះ​បញ្ហា​ធំ​ពីរ គឺ​ការ​ធ្លាក់​ចុះ​ទិន្នផល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​បញ្ហា​តម្លៃ​ម្រេច​ថោក​ពិបាក​រក​ទីផ្សារ​លក់​ចេញ។ លោក​​​ថា​ម្រេច​ធ្លាប់​តែ​លក់​បាន​យ៉ាង​តិច​បំផុត​ក៏​ជាង ២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​ជាង ១​ម៉ឺន​រៀល ហើយ​ស្ទើរ​តែ​គ្មាន​ឈ្មួញ ឬ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទៅ​ទៀត។ លោក​ព្រួយ​បារម្ភ​ថា នៅ​រដូវ​ប្រមូល​ផល​ខាង​មុខ តម្លៃ​នេះ​អាច​នឹង​​ធ្លាក់​ចុះ​ទៀត​ក៏​ថា​បាន ព្រោះ​កសិករ​នឹង​សម្រុក​លក់​ម្រេច​របស់​ខ្លួន៖ «ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​យើង​មិន​នឹកស្មាន​ថា តម្លៃ​ធ្លាក់​ដល់​ថ្នាក់​ហ្នឹង។ កាល​ពី​មុន​យើង​រំពឹង​ទុក​ថា ទោះបី​វា​ធ្លាក់​ប៉ុនណា​ក៏​វា​នៅសល់​មួយ​គី​ឡូ ២ ​ម៉ឺន​ ឬ​ក៏ ២​ម៉ឺន ៥​ពាន់​រៀល​ដែរ។ ប៉ុន្តែ​យើ​ង​ស្មាន​មិនដល់​ថា​វា​​ធ្លាក់ ២​ឆ្នាំ​ចុង​ក្រោយ​នេះ ​ធ្លាក់​នៅ​សល់​ត្រឹម​ជាង ១ ​ម៉ឺន​រៀល កាល​ពី​អំឡុង​ខែ​១១ ខែ​១២ ហើយ​នៅ​ខែ​១ ធ្លាក់​នៅ​សល់ ៩​ពាន់​រៀល​ទៀត​ផង»

ប្រធាន​សហគមន៍​រូប​នេះ អះអាង​ថា តម្លៃ​ជាង ៣​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នេះ បើ​ក្នុង​ករណី​កសិករ​ធ្វើ​ដោយ​ខ្លួន​ឯង គឺ​កសិករ​អាច​នៅ​ចំណេញ​បាន​បន្តិច​បន្តួច តែ​បើ​ប្រើ​កម្លាំង​ពលកម្ម​ជួល​គេ​វិញ គឺ​​ពួក​គាត់​នឹង​មិន​ចំណេញ​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា តម្លៃ​ម្រេច​ចុះ​ថោក​ខ្លាំង​នេះ បាន​កើត​ឡើង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​កសិករ​ជា​ច្រើន​ត្អូញត្អែរ និង​ខាត​បង់​ប្រាក់​ចំណូល។

ប្រធាន​សហគមន៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ការ​បង្កបង្កើន​ផល​ម្រេច​នៅ​ឆ្នាំ​នេះ ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ខ្លាំង​រឿង​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ គឺ​រដូវ​ប្រមូល​ផល​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ទៅ​​ពីរ​ខែ។ លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុនៗ ម្រេច​ពេញ​ប្រមូល​ផល​នៅ​អំឡុង​ខែ​មេសា ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ដល់​ខែ​មេសា​ទៅ​ហើយ ម្រេច​ទើប​តែ​ប្រមូល​ផល​បាន​ប្រហែល​ ២០​ភាគរយ​ប៉ុណ្ណោះ។ ដូច្នេះ​រដូវ​ប្រមូល​ផល នឹង​ត្រូវ​អូស​បន្លាយ​ដល់​ខែ​ឧសភា និង​មិថុនា​ខាង​មុខ៖ «កាល​ពី​ឆ្នាំ​មុនៗ យើង​ចាប់​​ផ្ដើម​ប្រមូល​ផល​នៅ​ខែ​៣ ទៅ​ខែ​៤ ហើយ​នៅ​ខែ​ចូល​ឆ្នាំ​ហ្នឹង វា​ពេញ​ប្រ​មូល​ផល​ហើយ ហើយ​នៅ​ខែ​៥ ហ្នឹង មាន​អ្នក​ខ្លះ​ក៏​ប្រមូល​ផល​បង្ហើយ​គេ​ហៅ​បេះ​បូត។ ប៉ុន្តែ​ឥឡូវ​នេះ មាន​ការ​ប្រែប្រួល​អាកាស​ធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក កាល​ពី​ដើម​ឆ្នាំ ធ្វើ​ឱ្យ​ម្រេច​អត់​ចេញ​ផ្កា។ វា​ចេញ​នៅ​ខែ​៩ និង​ខែ​១០។ ដល់​ពេល​អញ្ចឹង​​យើង​អូស​បន្លាយ​​​​​ការ​ប្រមូល​ផល​ទៅ​តាម​នោះ​ដែរ ដោយ​សា​រ​ធម្ម​ជាតិ​​វា​មិន​អំណោយ​​ផល»

លោក​ ភុំ សុវឌ្ឍន់ ថ្លែង​ថា បញ្ហា​ប្រឈម​ទាំង​នេះ​មិន​មែន​កើត​មាន​តែ​សម្រាប់​​សហគមន៍​របស់​លោក​នោះ​ទេ ពោល​គឺ​កសិករ​អ្នក​​ដាំ​ម្រេច​នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​ដូច​គ្នា។

អ្នក​ជំនាញ​ខាង​កសិកម្ម​ បណ្ឌិត យ៉ង សាំងកុមារ កត់សម្គាល់​ថា តម្រូវ​ការ​ម្រេច​នៅ​លើ​ទីផ្សារ​ពិភព​លោក​នៅ​តែ​ច្រើន​ដដែល ក៏​ប៉ុន្តែ​ម្រេច​ដែល​កម្ពុជា​ផលិត​បាន​ភាគ​ច្រើន​ មិន​បាន​នាំ​ទៅដល់​ទីផ្សារ​អន្តរជាតិ​នោះ​ឡើយ​។ លោក​បន្ត​ថា ទីផ្សារ​ធំ​បំផុត​របស់​ម្រេច​កម្ពុជា​ គឺ​​វៀតណាម ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វៀតណាម​ផលិត​ម្រេច​លើស​ពី​តម្រូវ​ការ​ ដូច្នេះ​វៀតណាម​បាន​កាត់​បន្ថយ​ការ​ទិញ​ម្រេច​ពី​កសិករ​កម្ពុជា ហេតុ​ដូច​នេះ​ហើយ​ទើប​ម្រេច​កម្ពុជា​ជួប​ប្រទះ​បញ្ហា​ទីផ្សារ និង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ដូច្នេះ៖ «ផ្សារ​របស់​យើង​អាស្រ័យ​ទៅ​លើ​វៀតណាម​ខ្លាំង​ពេក។ គេ​ប្រមូល​ទិញ​ពី​យើង​ហើយ បាន​គេ​នាំ​ចេញ ហើយ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ផ្ទាល់​តែ​ម្ដង​នោះ វា​នៅ​មាន​កម្រិត។ ខ្ញុំ​យល់​ថា បញ្ហា​នេះ គឺ​យើង​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​ឆ្នាំ​នេះ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ហើយ​ខាត​បង់​ខ្លាំង​ដល់​អ្នក​ដាំ និង​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ផង​ដែរ»

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ ដើម្បី​កុំ​ឱ្យ​ប្រជា​កសិករ និង​ផលិតករ​ម្រេច បាក់​ទឹក​ចិត្ត​បោះបង់​ចោល​ការ​ដាំដុះ​ដំណាំឧស្សាហកម្ម​មួយ​នេះ។ លោក​អះ​អាង​ថា កម្ពុជា​មាន​សក្ដានុពល​ក្នុង​ការ​ដាំ​ម្រេច ហើយ​បើ​មាន​ការ​រៀប​ចំ​ត្រឹម​ត្រូវ​ ម្រេច​កម្ពុជា​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​ម្រេច​ប្រទេស​ដទៃ​បាន ជាពិសេស ជាមួយ​ម្រេច​វៀតណាម​។ ម្យ៉ាង​វិញ​ទៀត លោក​សង្កេត​ឃើញ​ថា កសិករ​ខ្មែរ​បាន​វិនិយោគ​ធនធាន​ និង​ថវិកា​ច្រើន​លាន​ដុល្លារ​រួច​ទៅ​ហើយ ក្នុង​ការ​ដាំដុះ​ម្រេច​នៅ​ទូទាំង​ប្រទេស ដូច្នេះ​វា​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​បំផុត​ប្រសិន​បើ​ការ​វិនិយោគ​នោះ​ត្រូវ​ទទួល​បរាជ័យ ដោយ​មិន​មាន​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋ៖ «រដ្ឋាភិបាល​គួរ​តែ​លូក​ដៃ​ជួយ​ពួក​គាត់​ក្នុង​កម្រិត​ណា​មួយ ដើម្បី​ឱ្យ​ពួក​គាត់​អាច​បន្ត​និរន្តរភាព​ក្នុង​វិស័យ​ហ្នឹង។ ឧទាហរណ៍​ជួយ​សម្រួល​ក្នុង​ការ​ផ្ដល់​ទុន ឬ​ប្រាក់​កម្ចី ដែល​មាន​ការ​ប្រាក់​ទាប ដើម្បី​ឱ្យ​គាត់​យក​ទៅ​ដោះ​ស្រាយ​ទប់​ទល់​នឹង​លំហូរ​សាច់​ប្រាក់​របស់​ពួក​គាត់ និង​គាំទ្រ​ដល់​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច​​ទៅ​ទីផ្សារ​អន្តរជាតិ តាម​រយៈ​ការ​ឧបត្ថម្ភ​ទុន​ក្នុង​ការ​នាំ​ចេញ និង​ស្វែង​រក​ទីផ្សារ​ ឬ​ក៏​ជួយ​ទិញ​ម្រេច​ក្នុង​បរិមាណ​ណា​មួយ ហើយ​យក​ម្រេច​នោះ​​ទៅ​​វេច​ខ្ចប់​ឱ្យ​បាន​ស្អាត​ល្អ ឬ​ក៏​ជួយ​ឧបត្ថម្ភ​ដល់​ក្នុង​ហ៊ុន ដើម្បី​យក​ទៅ​ឱ្យ​ដៃ​គូ​ផ្សេងៗ នៅ​ក្រៅ​ប្រទេស ​បាន​ភ្លក្ស និង​​បាន​ស្គាល់​ម្រេច​ខ្មែរ​ជា​ដើម»

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​ ប៉ាន់​ស្មាន​ថា ប្រសិន​បើ​មាន​គោល​នយោបាយ​ត្រឹម​ត្រូវ និង​មាន​ការ​រៀបចំ​ទីផ្សារ​ច្បាស់លាស់ កម្ពុជា​អាច​នឹង​រក​ចំណូល​បាន​ចន្លោះ​ពី​ ៣​រយ​ទៅ ៥​រយលានដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ពី​ដំណាំ​ម្រេច។

លោក​វេជ្ជបណ្ឌិត ហៃ លីអៀង គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន ខុនហ្វីរែល (Confirel) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​ម្រេច​​ដ៏​ធំ​មួយ​ពី​កម្ពុជា​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ លោក​ថ្លែង​ថា កសិករ​កម្ពុជា​រង​ហានិភ័យ​រាល់​ឆ្នាំ ចំពោះ​ការ​លក់​ដូរ​ផលិតផល​កសិកម្ម​របស់​ខ្លួន ដោយសារ​កម្ពុជា​មិន​អាច​គ្រប់គ្រង​ទីផ្សារ​បាន​ដោយ​ខ្លួន​ឯង។ លោក​បន្ត​ថា ម្រេច​កម្ពុជា​ត្រូវ​ពឹង​ផ្អែក​ស្ទើរតែ​ទាំង​ស្រុង​ទៅលើ​ទីផ្សារ​វៀតណាម ដែល​ជួយ​ឱ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ម្រេច​លេខ ១ លើ​ពិភព​លោក។ ប៉ុន្តែ​បើ​ក្រឡេក​មើល​កម្ពុជា​មិនទាន់​​បាន​រៀប​ចំ​ខ្លួន​ទាំង​ទៅលើ​គុណភាព ស្លាក​សញ្ញា ការ​កែច្នៃ និង​បណ្ដាញ​ទីផ្សារ​ឱ្យ​បាន​ទូលំ​ទូលាយ ដើម្បី​នាំ​ចេញ​ម្រេច​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា កសិករ​ខ្មែរ​មិន​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ទេ៖ «គេ​ស្គាល់​ម្រេច​វៀតណាម ​ប៉ុន្តែ​គេ​អត់​ដឹង​ថា វៀតណាម​គេ​ទិញ​​ពី​ខ្មែរ​ទៅ​ទេ ហើយ​គេ​អត់​ដឹង​ថា ខ្មែរ​យើង​សឹង​តែ​លក់​ផលិតផល​កសិកម្ម​ទាំង​អស់​ទៅ​ឱ្យ​វៀតណាម​ក៏​គេ​មិន​ដឹង​ដែរ។ អញ្ចឹង​ម្រេច​យើង​ចូល​ទៅ​ក៏​ក្លាយ​ជា​ម្រេច​របស់​វៀតណាម។ យើង​​អត់​មាន​ម៉ាក​សម្គាល់។ ដូច្នេះ យើង​អត់​មាន​ទីផ្សារ​ទេ ពី​ព្រោះ​គេ​មិន​ដែល​ស្គាល់​ផលិតផល​យើង។ អ៊ីចឹង​ត្រូវ​ការ​ការ​រៀប​ចំ។ យើង​អត់​បែប​នេះ អ៊ីចឹង​កសិករ​យើង​គ្មាន​អ្វី​ក្រៅពី​បន់​ព្រះ​សំពះ​ទេវតា​ប៉ុណ្ណឹង​ទេ ពី​ព្រោះ​វា​ហួស​ពី​សមត្ថភាព​កសិករ​ហើយ។ ពួក​គាត់​គ្មាន​លទ្ធភាព​ទេ ទាល់​តែ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ»

កាល​ពី​ឆ្នាំ​២០១៧ កន្លងទៅ​ ផ្ទៃ​ដី​ដាំ​ដុះ​ម្រេច​នៅ​ទូ​ទាំង​ប្រទេស​​ មាន​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦៦៧៨) ដែល​ផ្ដល់​​ផល​សរុប​ជាង ២​ម៉ឺន​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល