លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​សាជាថ្មី​ឲ្យ​ពលរដ្ឋ​និង​ឈ្មួញ​ជួយ​ទិញ​ស្រូវ​អង្ករ​ក្នុង​ស្រុក

ដោយ សាន សែល
2016-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ ទី​៣ តុលា បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ​ស្រូវ និង​អង្ករ​ក្នុង​ស្រុក ខណៈ​ស្រូវ​គ្មាន​ទីផ្សារ​លក់​មិន​បាន​ថ្លៃ ក៏ប៉ុន្តែ​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​ខ្វះ​ការ​គ្រប់គ្រង​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ។

ការ​ប្រកាស​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ស្ថានភាព​ទីផ្សារ​ស្រូវ​បច្ចុប្បន្ន ជា​វិបត្តិ​ទីផ្សារ​ស្រូវ។ លោក​ថា តម្លៃ​ស្រូវ​ចុះ​ថោក​នេះ​អាច​មក​ពី​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវ​ការ នៅ​ពេល​ដែល​កសិករ​សម្រុក​ធ្វើ​ស្រូវ​សែន​ក្រអូប។ លោក​បន្ត​ថា ប្រទេស​ថៃ និង​វៀតណាម ដែល​ធ្លាប់​ទិញ​ស្រូវ​ពី​កម្ពុជា ក៏​កំពុង​ជួប​វិបត្តិ​ដូចជា​នៅ​ថៃ ស្រូវ​ក្នុង​ស្រុក​នៅ​សល់ ហើយ​នៅ​វៀតណាម វិញ អត្រា​នាំ​ចេញ​ស្រូវ​ថយ​ចុះ។

លោក​នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នក​មាន​ប្រាក់ ជួយ​ទិញ​ស្រូវ​កសិករ​កម្ពុជា៖ «ចឹង​សូម​បន្ត​ជួយ​ទិញ​ស្រូវ​ប្រជាពលរដ្ឋ។ រោង​ម៉ាស៊ីន​កិន​ស្រូវ​បន្ត​ទិញ​តាម​រយៈ​ការ​បង្ហូរ​ទុន​របស់​រដ្ឋ តែ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខ្លះ ក៏​មិន​ត្រូវ​ការ​ទុន​របស់​រដ្ឋ​ទេ ដែល​ទិញ​ក្នុង​តម្លៃ​លើស ៨៤០​រៀល យក​មក​លក់​ដល់​កន្លែង​លក់»

លោក ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ពី​គុណ​សម្បត្តិ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​លោក​គ្រប់គ្រង​ជាង ៣០​ឆ្នាំ​ថា ប្រទេស​កម្ពុជា បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ទិញ​ស្រូវ​អង្ករ​ពី​បរទេស​មក​ជា​ប្រទេស​នាំ​អង្ករ​ចេញ។

ដោយឡែក​កសិករ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​វិស័យ​កសិកម្ម ដោយ​មិន​មាន​ការ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​គ្រប់គ្រាន់ ខណៈ​កម្ពុជា សម្បូរ​ប្រភព​ទឹក ហើយ​កសិករ​ត្អូញត្អែរ​ពី​កង្វះ​ទីផ្សារ​កសិកម្ម ដែល​ពេល​ផលិត​ហើយ គ្មាន​អ្នក​ទិញ។ គោល​នយោបាយ​នាំ​ចេញ​អង្ករ ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​របស់​រដ្ឋាភិបាល បាន​បរាជ័យ​កាល​ពី​ឆ្នាំ​២០១៥។

តម្លៃ​ស្រូវ​បាន​ធ្លាក់​ថ្លៃ​ក្រោម ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ដែល​កសិករ​ថា​តម្លៃ​នេះ​មិន​អាច​រួច​ថ្លៃ​ដើម។ ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ មាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់។

កសិករ​បាន​បញ្ចេញ​កំហឹង​រឿង​ស្រូវ​ធ្លាក់​ថ្លៃ​នេះ។ នៅ​ខេត្ត​បាត់ដំបង កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កសិករ​ប្រមាណ ១​ពាន់​នាក់ បាន​ចាក់​ស្រូវ​បិទ​ផ្លូវ។

រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ប្រាក់​បម្រុង​របស់​រាជ​រដ្ឋាភិបាល​ចំនួន ២០​លាន​ដុល្លារ និង​ប្រើប្រាស់​ទុន​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) ចំនួន ៧​លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​ទិញ​ស្រូវ​នៅ​ក្នុង​ប្រទេស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​តម្លៃ​ស្រូវ​ប្រភេទ​លេខ​មួយ ថ្លៃ​ទាប​បំផុត ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ធនាគារ​ស្រូវ​កម្ពុជា ក៏​បាន​ប្រកាស​ថា ធនាគារ​បាន​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​របស់​រដ្ឋាភិបាល ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​តម្លៃ​លើស​ពី ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ។

ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កញ្ញា កសិករ​នៅ​ខេត្ត​បាត់ដំបង អះអាង​ថា ទិន្នផល​ស្រូវ​របស់​ពួក​គាត់​ជាច្រើន​តោន គ្មាន​ឈ្មួញ​ណា​ហ៊ាន​ទិញ​ឲ្យ​តម្លៃ​ខ្ពស់​ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់ គឺ​តម្លៃ ៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ​ឡើយ។ ឈ្មួញ​ឲ្យ​ថ្លៃ​ចន្លោះ​ពី ៦០០​រៀល​ទៅ ៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ ក៏​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ឲ្យ​ប្រាក់​កសិករ​ខ្ចី យោគយល់​ពន្យារ​ពេល​សង ហើយ​បើ​អាច​ធ្វើ​ទៅ​រួច មិន​យក​ការប្រាក់ ឬ​បន្ថយ​ការប្រាក់​ចំពោះ​កសិករ។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​គំហុក​មួយ​រយៈពេល​កន្លង​ទៅ​នេះ មក​ពី​កត្តា​ពីរ​សំខាន់ គឺ​ដោយសារ​កាល​ពី​ដើម​ឆ្នាំ កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ការ​ផលិត​ស្រូវ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ចិន បាន​ទាន់​ពេលវេលា ហើយ​ប្រទេស​ថៃ ក៏​បាន​ទម្លាក់​តម្លៃ​អង្ករ​ទាប​ជាង​កម្ពុជា និង​មូលហេតុ​ទី​២ លំហូរ​អង្ករ​ពី​ប្រទេស​វៀតណាម មក​កាន់​កម្ពុជា មាន​ចំនួន​ច្រើន។

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា រដ្ឋាភិបាល​ខ្វះ​ការ​គ្រប់គ្រង​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​កណ្ដាល​ចាប់​ដៃ​គ្នា​ទម្លាក់​តម្លៃ​ស្រូវ​របស់​កសិករ ហើយ​ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ចេញ​ច្បាប់​ប្រឆាំង​នឹង​ការ​ទិញ ឬ​លក់​ផ្ដាច់មុខ​របស់​ឈ្មួញ​កណ្ដាល ដើម្បី​កុំ​ឲ្យ​បង្ក​ការ​លំបាក​ដល់​ប្រជា​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំសូមជួនដំណឹងថា បន្ទាប់ពីមានការធ្វើបាតុកម្ម ដំណោះស្រាសធនាគារស្រូវ របស់ឧកញ្ញា ភូ ពុយ គឺបានឲ្យភ្នាក់ងារដើរទិញ ១ថ្ងៃចំនួន៨០តោន​/១ឃុំ តំលៃ ៨៤០រ/១គក្រ ហើយ អំពាវនាវឲ្យប្រជាពលរដ្ឋដឹកដល់ទីតាំងគាត់ តំលៃ៩០០រ/គក្រ ប៉ុន្តែជាក់ស្ដែង ពេលប្រជាពលរដ្ឋដឹកទៅដល់ ពន្យាពេលមិនឲ្យចូលថ្លឹងរហូតដល់ ២ ទៅ ៣យប់​ ដល់ស្រូវខូចអស់ បដិសេដ្ឋមិនយក។ នេះជាសម្ដីប្រជាពលរដ្ឋនៅឃុំកំពង់ព្រៀង ខេត្តបាត់ដំបង ដែលខ្ញុំបានសូរផ្ទាល់។ ម្យ៉ាងទៀត សម្រាប់ឈ្មួញផ្សេងដើរទិញ គឺតំលៃ ពី៦៥០រ ទៅ ៧០០រ/១គក្រ។

សំណូមពរដល់េវិទ្យុអាសីសេរី យកពតមានឲ្យច្បាស់ ដើម្បីផ្សព្វផ្សាយ។

Oct 03, 2016 10:10 PM

គេហទំព័រ​ទាំងមូល