​អ្នក​រត់​តាក់ស៊ី​៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​អង្គរវត្ត​ខេត្ត​សៀមរាប​ធ្លាក់​ចុះ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល ៤​ថ្ងៃ

ដោយ ម៉ៅ សុធានី
2018-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​នៅ​អង្គរ​វត្ត ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ២០១៨។
ភ្ញៀវ​ទេសចរ​នៅ​អង្គរ​វត្ត ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ២០១៨។
Print screen from Ministry of Tourist page

ក្រសួង​ទេសចរណ៍​ប៉ាន់​ប្រមាណ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈ​ពេល ​៤ថ្ងៃ​នៅ​តំបន់​អង្គរ​​ខេត្ត​សៀមរាប​ មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ជិត​២លាននាក់ ប៉ុន្តែមន្ត្រី​សង្គម​ស៊ីវិល​​ និង​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​នេះ​ អះអាង​ថា ​ទោះបីភ្ញៀវទេសចរជាតិកើនឡើងមែន ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ។

​​​​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​ទេសចរនៅ​តំបន់​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប លោក​ សាត សារ៉ុម ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ មេសា​ថា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈ​ពេល ៤​ថ្ងៃ​កន្លង​មក​នេះ លោក​ងាក​មក​ដឹក​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ជំនួស​ឲ្យ​ការ​ដឹក​ភ្ញៀវ​អន្តរជាតិ។

អ្នក​រត់​តាក់​ស៊ី​រូប​នេះ​ អះអាង​ទៀត​ថា មូលហេតុ​ដែល​លោក​ដឹក​ភ្ញៀវ​ខ្មែរ ព្រោះ​ឆ្នាំនេះ​មិន​សូវ​មាន​អ្នក​ទេសចរណ៍​អន្តរ​ជាតិ​ទៅ​លេង​អង្គរវត្ត​ដូច​ឆ្នាំ​មុនៗ នោះ​ទេ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឆ្នាំ​នេះ​មាន​​ច្រើន​គួរសម ដែល​ខុស​ពី​របាយការណ៍​របស់​ក្រសួង​ទេសចរ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ច្រើន​ជាង​ឆ្នាំ​២០១៧ នោះ៖ «ខ្ញុំ​ដឹក​ភ្ញៀវ​ជា​ទូទៅ​ខ្ញុំ​យក​តម្លៃ​ធម្មតា​ ដូច​ដឹក​ភ្ញៀវ​នៅ​ថ្ងៃ​ធម្មតា​ដែរ ដោយ​អ្នក​ខ្លះ​ដឹក​ភ្ញៀវ​ទៅ​លែង​ភ្នំ​គូលែន​តម្លៃ​ធម្មតា គេ​យក​តម្លៃ ៨០ ទៅ ៩០​ដុល្លារ ព្រោះ​ពេល​ឡើង​ភ្នំ​ស្ទះ​ផ្លូវ​ចំណាយ​ពេល​យូរ​ប្រមាណ ១​ម៉ោង​ទៅ ២​ម៉ោង​ដែរ»

 

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​សៀមរាប​ លោក​ សួស ណារឹន​ ក៏​កត់​សម្គាល់​ថា ឆ្នាំ​នេះ ហាក់​មិន​សូវ​មាន​ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​តំបន់​អង្គរ​ច្រើន​ដូច​ឆ្នាំ​មុនៗ នោះ​ទេ។ ចំណែក​ការ​ចាយ​វាយ​របស់​ពលរដ្ឋ​វិញ​លោក​ កត់​សម្គាល់​ថា នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ​ពលរដ្ឋ​ហាក់​មាន​ការ​ចាយ​វាយ​ត្បិតត្បៀត​ជាង​ឆ្នាំ​កន្លង​ទៅ៖ «បើ​ថយ​តិច​តួច​ទេ​ មិន​ជា​ថយ​ច្រើន​ទេ​ ព្រោះ​ខ្ញុំ​ទៅ​លេង​តំបន់​អង្គរ ២​ថ្ងៃ ខ្ញុំ​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ច្រើន ព្រោះ​ខ្ញុំ​ឃើញ​ផ្លូវ​មួយ​ចំនួន​ស្ទះ​ចរាចរ​ដល់​ទៅ​រាប់​ម៉ោង​ឯណោះ។ ខ្ញុំ​ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​នៅ​ក្នុង​ភាគ​ច្រើន​ត្បិតត្បៀត ព្រោះ​អាច​ដោយ​សារ​ថវិកា​ត្រៀម​ទុក​របស់​ពួកគាត់​ សម្រាប់​ដើរ​លេង​កុំ​ឲ្យ​ខ្វះ​ខាត​​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ»

ទោះ​ជា​យ៉ាង​ណា​របាយការណ៍​ក្រសួង​ទេសចរណ៍​អះអាង​ថា កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង។ របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ឲ្យ​ដឹង​​ថា នៅ​ខេត្ត​សៀមរាប​បាន​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​រយៈ​ពេល ៤ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ចូល​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​វត្ត​ជាង ១​លាន ៨​សែន​នាក់ (.៨២០.០០០) គឺ​កើន​ឡើង​ប្រមាណ ១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ជិត ១​លាន ៨​សែន​នាក់ (.៧៨០.០០០) គឺ​កើន​ឡើង​ជាង ១៥​ភាគរយ។ ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ៣​ម៉ឺន ៦​ពាន់​នាក់​(៣៦,៦៩៤) គឺ​កើន​​ឡើង​ប្រមាណ ១៤​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។

ក្រសួងក៏​បាន​បង្ហាញ​អំពី​មោទនភាព​​ថា នៅ​​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​ បាន​​​​​ផ្ដល់​ឱកាស​ច្រើន​បន្ថែម​ទៀត ដល់​ប្រតិបត្តិ​ករ អាជីវករ​ទេសចរណ៍ អ្នក​លក់ដូរ​ទទួល​បាន​ប្រាក់​ចំណូល​​​កាន់​តែ​ច្រើន និង​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ទៀត​ផង។​​​​​

ប៉ុន្តែ​ទាំង​អ្នក​រត់ឡាន​ដឹក​ភ្ញៀវ​​ទេសចរ លោក សាត សារ៉ុម និង​មន្ត្រី​សមាគម អាដហុក (Adhoc) លោក សួស ណារឹន លើក​ឡើង​ស្រដៀង​គ្នា​ថា អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ នៅ​ទី​រួម​ខេត្ត​សៀមរាប​​​ តម្លៃ​​ទំនិញ​ស្ទើរ​គ្រប់​មុខ ​ជាពិសេស​របស់​ហូបចុក​ និង​បន្ទប់​ស្នាក់​នៅ​ បាន​ឡើង​ថ្លៃ​ទ្វេ​ដង​ ក្នុង​នោះ​បន្ទប់​មួយ​តម្លៃ ១៥​ដុល្លារ បាន​ឡើង​ដល់ ៤០​ដុល្លារ​អាមេរិក ហើយ​ជាង​នេះ​ទៅ​ទៀត គ្រប់​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​ជួល​នៅ​​ថ្ងៃ​ធម្មតា​​តម្លៃ​បន្ទប់​មួយ ១៥​ដុល្លារ​ គឺ​ពេញ​គ្រប់​កន្លែង​តែ​ម្ដង។ ចំណែក​ឯ​ទឹក​សុទ្ធ​មួយ​ដប ១.០០០​រៀល ឡើង​ដល់ ២.០០០​រៀល ហើយ​មាន់​អាំង​មួយ​​តម្លៃ ២​ម៉ឺន ៥​ពាន់​រៀល បាន​ឡើង​ចន្លោះ​ពី ៥​ទៅ ៦​ម៉ឺន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល