សង្គម​ស៊ីវិល​និង​បណ្ដាញ​កសិករ​ធ្វើ​យុទ្ធនាការ​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ទីផ្សារ​កសិកម្ម

ដោយ អ៊ុំ រង្សី
2016-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ដីធ្លី​សាមគ្គី​រមាសហែក ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
សហគមន៍​ដីធ្លី​សាមគ្គី​រមាសហែក ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ជា​សមាជិក​សម្ព័ន្ធ​ចលនា​កសិករ​អាស៊ី (APC) ដែល​មាន​សមាជិក​ប្រមាណ​ជិត ២​ម៉ឺន​នាក់​នៅ​ខេត្ត​ចំនួន​៨ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ឈ្មោះ​ថា «គ្មាន​ដី គ្មាន​ទីផ្សារ និង​គ្មាន​ជីវិត» ពី​ខែ​វិច្ឆិកា នេះ​ត​ទៅ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​ទីផ្សារ​លក់​កសិផល​កសិកម្ម។

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា យល់​ថា រដ្ឋាភិបាល​នៅ​តែ​បរាជ័យ​ស្វែងរក​ទីផ្សារ​លក់​កសិផល​ជូន​កសិករ​កម្ពុជា។ ជាង​នេះ​ទៀត ដោយសារ​ខ្វះ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏​បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ក្លាយ​ជា​កូន​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រោះ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​កសិកម្ម​មិន​អាច​ទូទាត់​ជាមួយ​ថ្លៃ​ដើម​ផលិត។

តំណាង​សហគមន៍​ខេត្ត​ត្បូងឃ្មុំ លោក ផុន សុផល មាន​ប្រសាសន៍​ថា បញ្ហា​ទីផ្សារ​លក់​កសិផល​កសិកម្ម​នៅ​កម្ពុជា ពិសេស​ខេត្ត​ទាំង​៨ ដែល​រៀបចំ​យុទ្ធនាការ​នេះ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​កសិករ​មួយ​ចំនួន​បាន​បោះបង់​ការងារ​កសិកម្ម ងាក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​មិន​មាន​កិច្ច​អន្តរាគមន៍​ទីផ្សារ​បាន​ទាន់​ពេល។

ហេតុ​នេះ លោក​ថា​យុទ្ធនាការ​របស់​កសិករ​ស្ដីពី «គ្មាន​ដី គ្មាន​ទីផ្សារ គ្មាន​ជីវិត» នឹង​ចាប់​ផ្តើម​ពី​ខែ​វិច្ឆិកា ត​ទៅ ដោយ​មិន​កំណត់​រយៈពេល រហូត​ទទួល​បាន​កិច្ច​អន្តរាគមន៍​ជុំវិញ​បញ្ហា​ជាប់​គាំង​ទីផ្សារ​កសិកម្ម​ពី​រដ្ឋាភិបាល​ជូន​កសិករ៖«ចង់​ឲ្យ​រាជរដ្ឋាភិបាល​រក​ទីផ្សារ​ឲ្យ​ច្រើន ដើម្បី​ឲ្យ​សហគមន៍ ឲ្យ​កសិករ​ហ្នឹង មាន​ជម្រើស​ក្នុង​ការ​លក់​ដូរ ឬ​ក៏​រាជរដ្ឋាភិបាល​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​មួយ​ទិញ​ផល​ដែល​ពលរដ្ឋ​ធ្វើ​បាន»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​ជា​រដ្ឋាភិបាល ពិសេស​ក្រសួង​កសិកម្ម មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម ពិសេស​គោល​នយោបាយ​ថ្មីៗ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​កសិកម្ម និង​រក​ទីផ្សារ​ជូន​កសិករ​ក្តី ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

លោក​បន្ត​ថា សកម្មភាព​យុទ្ធនាការ​នេះ យើង​ផ្ដោត​លើ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ទីផ្សារ​របស់​សហគមន៍ និង​ការ​ហែ​ក្បួន​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​៨ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពិសេស​រដ្ឋសភា​ពិចារណា​រៀបចំ​ថវិកា​ជាតិ​ជួយ​ទិញ​ផលិតផល​កសិកម្ម​របស់​កសិករ៖ «ដើម្បី​ប្រមូល​បញ្ហា​ទាំង​អស់​ហ្នឹង ចងក្រង​ជា​របាយការណ៍​មួយ​រួម​ដាក់​មក​ជូន​រដ្ឋ​សភា​ជាតិ និង​រដ្ឋាភិបាល ហើយ​ស្ថាប័ន​រដ្ឋាភិបាល យើង​ជ្រើសរើស​ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឡោ រស្មី និង​កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ចំពោះ​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល និង​បណ្ដាញ​កសិករ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

ទាក់ទិន​នឹង​បញ្ហា​ទីផ្សារ​នេះ ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី នា​ថ្ងៃ​ទី​២១ វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់ ត្រូវ​តែ​រក្សា​ស្រូវ​ដែល​ច្រូត​កាត់​ថ្មីៗ​ទុក​មួយ​រយៈពេល​សិន និង​រង់ចាំ​ពេល​ណា​មួយ​ដែល​ស្រូវ​អង្ករ​ឡើង​ថ្លៃ ចាំ​លក់។

លោក ហ៊ុន សែន ទទួល​ស្គាល់​ពី​បញ្ហា​វិបត្តិ​ទីផ្សារ ប៉ុន្តែ​លោក​ថា​បញ្ហា​ទីផ្សារ​លក់​កសិផល​កសិកម្ម ពិសេស​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​នៅ​ពេល​នេះ មិន​មែន​មាន​តែ​នៅ​កម្ពុជា ទេ លោក​ថា​សូម្បី​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ក៏​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ លោក​ក៏​អំពាវនាវ​ឲ្យ​ធនាគារ មីក្រូហិរញ្ញវត្ថុ គួរ​យោគយល់​ដល់​កសិករ​ផង មិន​ត្រូវ​ប្រញាប់​ទារ​លុយ​ពី​ពួក​គាត់​លឿន​ពេក​ទេ បើ​សិន​ជា​ពួក​គាត់​មិន​អាច​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ និង​មិន​បាន​លុយ​យក​ទៅ​សង​ទាន់​ពេលវេលា​នោះ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ ពិសេស​កសិករ​ចំពោះ​រដ្ឋាភិបាល​ពី​ដំណោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម​នេះ។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ជូន​ដំណឹង​របស់​បណ្ដាញ​កសិករ នៅ​តែ​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ដល់​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជូន​ដល់​កសិករ​នូវ​ចំណុច​សំខាន់​ដូចជា ស្នើ​រដ្ឋាភិបាល និង​រដ្ឋសភា​ធ្វើ​ការ​រៀបចំ​ផែនការ​ថវិកា​ជាតិ ដើម្បី​ជួយ​ទិញ​ផលិតផល​កសិកម្ម​របស់​កសិករ និង​ផ្ដល់​ជា​ឥណទាន​ក្នុង​មួយ​ឆ្នាំ​ចំនួន ៤០០​លាន​ដុល្លារ សម្រាប់​កសិករ​ធ្វើ​ការ​កម្ចី​ជា​ទុន​ប្រកប​មុខ​របរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល