អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា ក្រុមបក្ខពួកលោក ហ៊ុន សែន ជាពិសេសកូនប្រសារបស់លោក គឺលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីវិស័យកសិកម្មស្រូវអង្ករនៅកម្ពុជា ជាអ្នកត្រូវចេញការខាតបង់ខ្លាំងពីការត្រូវបង់ពន្ធអង្ករនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ មករា បានសម្រេចជាផ្លូវការយកពន្ធលើអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៩ នេះតទៅ។
លោក គឹម សុខ មើលឃើញថា កម្ពុជាត្រូវខាតបង់ក្នុងមួយឆ្នាំៗមិនតិចជាង ៥០លានដុល្លារអាមេរិកឡើយ ក្រោយសហភាពអឺរ៉ុបតម្រូវឲ្យបង់ពន្ធលើអង្ករនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោក គឹម សុខ ថា កន្លងទៅ នៅពេលដែលសហភាពអឺរ៉ុបមិនទាន់គិតពន្ធពីអង្ករកម្ពុជា ក្រុមលោក ហ៊ុន សែន និងបក្ខពួក បានឆ្លៀតកេងប្រវ័ញ្ច និងយកចំណេញពីលើខ្នងពលរដ្ឋខ្មែរ តាមរយៈការទិញស្រូវពីកសិករក្នុងតម្លៃថោកៗ ហើយយកទៅកែច្នៃជាអង្ករនាំចេញទៅលក់ឲ្យអឺរ៉ុប ចំណេញកប់ក្ដោង ដោយមិនបាច់បង់ពន្ធ៖ «ក្រុមលោក ហ៊ុន សែន ខាតធំ។ ខាតទី ១ លែងបានប្រព្រឹត្តិនូវរឿងអាក្រក់ដែលខ្លួនប្រមូលផលប្រយោជន៍ពីកម្មវិធីនាំអង្ករទៅទីផ្សារអឺរ៉ុប។ ផលដែលគាត់ធ្លាប់បាន គឺមិនបាន មានន័យថាគាត់ធ្លាប់បានក្នុងការមិនចាំបាច់បង់ពន្ធទៅអឺរ៉ុបហ្នឹងមួយ។ គាត់ធ្លាប់បានពីការឃុបឃិតចែកផលគ្នា នៃប្រាក់ចំណេញជាមួយឈ្មួញទុច្ចរិតហ្នឹងមួយ ហើយគាត់ធ្លាប់តែគាបពលរដ្ឋបានចំណេញមួយជាន់ទៀតពីការទិញស្រូវរបស់ពលរដ្ឋ។ ដូច្នេះគឺថា រឿងទាំងអស់នេះ កាលណាវាកើតមានឡើង គឺធ្វើឲ្យក្រុមគាត់បាត់ប្រយោជន៍លុយវាល់លានដុល្លារ។ លុយទាំងនេះ អត់ចូលជាតិទេ»។
ការលើកឡើងរបស់លោក គឹម សុខ នេះ ធ្វើឡើងក្រោយពីគណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការ គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា ទៅកាន់ទីផ្សារអឺរ៉ុបរយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០១៩ នេះតទៅ ក្នុងអត្រាខ្ពស់បំផុតជិត ២០០ ដុល្លារអាមេរិក ក្នុងអង្ករមួយតោន សម្រាប់ឆ្នាំដំបូង ២០១៩នេះ។ ការសម្រេចនេះ គឺក្រោយពីគណៈកម្មការអឺរ៉ុប ដែលតំណាងឲ្យប្រទេសសមាជិកចំនួន ២៨ប្រទេស បានបើកការស៊ើបអង្កេតរយៈពេលស្ទើរពេញមួយឆ្នាំ ២០១៨ តបតាមបណ្ដឹងរបស់ប្រទេសអ៊ីតាលី ដែលស្នើឲ្យសហភាពអឺរ៉ុប ចាត់វិធានការណ៍ការពារតាមរយៈការគិតពន្ធ លើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះយល់ថា អង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សមត្ថភាពប្រកួតប្រជែងផ្ទាល់របស់ខ្លួន។
លោក គឹម សុខ បន្តថា សហភាពអឺរ៉ុប ចាប់ផ្ដើមជំហានដំបូងតាមរយៈការយកពន្ធពីលើស្រូវអង្ករកម្ពុជានេះ បើទោះជាចំណាត់ការនេះធ្វើឡើងក្រោយប្រទេសអ៊ីតាលីបានដាក់ពាក្យប្ដឹងក៏ពិតមែនក៏ដោយ តែលោកថា សហភាពអឺរ៉ុបដឹងថា ផលចំណេញពិតប្រាកដពីការមិនយកពន្ធកាលពីពេលកន្លងទៅនេះ តាមរយៈកម្មវិធីគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធនេះ គឺបានទៅក្រុមលោក ហ៊ុន សែន ទេ ពោលគឺមិនមែនបានទៅកសិករក្រីក្រតោកយ៉ាកនៅតាមតំបន់ជនបទដាច់ស្រយាលនោះឡើយ។ លោកថា របបលោក ហ៊ុន សែន តាមការពិតកំពុងតែមានការព្រួយបារម្ភខ្លាំងពីរឿងអឺរ៉ុបយកពន្ធអង្ករនេះ បន្ថែមពីលើករណីធ្ងន់ធ្ងរជាងនេះដែលអឺរ៉ុបគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA ដែលអាចក្លាយជាបន្ទុកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់របបនេះបន្ថែមទៀត៖ «គ្រាន់តែអង្ករហ្នឹងគឺធ្វើឲ្យគាត់ពិបាកដោះស្រាយរួចទៅហើយ ពីព្រោះឈ្មួញនៅជុំវិញគាត់បះដៃបះជើង។ ទីផ្សារចិនមិនអាចប្រកួតប្រជែង ឬនាំទៅយកចំណេញបានច្រើននោះទេ ពីព្រោះចិនមិនអនុញ្ញាតឲ្យកម្ពុជា ធ្វើអ្វីៗដើម្បីទាញផលពីចិនងាយៗ ដូចដែលក្រុមលោក ហ៊ុន សែន គិតនោះទេ។ អ្វីដែលចិនអាចជួយបាន គឺជួយសម្រាប់តែសម្រួលបន្តិច ដកដង្ហើមបានខ្លះប៉ុណ្ណឹងទេ។ រឿងធ្វើឲ្យដូចទីផ្សារអឺរ៉ុប គឺទៅអត់រួចនោះទេ»។
ការសម្រេចគិតពន្ធលើអង្ករកម្ពុជានេះ បង្ហាញឲ្យឃើញពីបរាជ័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយកូនប្រសារលោក ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ដែលបានចេញមុខទៅតវ៉ា និងបានសម្រុកធ្វើយុទ្ធនាការការទូត ដល់ទីស្នាក់ការកណ្ដាលរបស់អឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល កាលពីចុងឆ្នាំ ២០១៨។
សហភាពអឺរ៉ុបគឺជាទីផ្សារទិញអង្ករធំជាងគេពីកម្ពុជា មានចំនួនស្មើនឹងជិត ២៧ម៉ឺនតោន ឬស្មើនឹងជិត ៤៣ភាគរយ នៅឆ្នាំ២០១៨ ខណៈក្នុងឆ្នាំដដែលនេះ កម្ពុជាបាននាំចេញអង្ករទៅដាក់លក់នៅទីផ្សារអន្តរជាតិសរុបចំនួនជាង ៦សែនតោន ហើយប្រទេសចិន ជាប្រទេសនាំមុខគេនៃការទិញអង្ករពីកម្ពុជា ក្នុងចំនួនដល់ទៅជាង ១៧ម៉ឺនតោន ស្មើនឹងជាង ២៧ ភាគរយ។ ផ្អែកតាមតួលេខនេះ កម្ពុជា អាចត្រូវខាតបង់ដល់ទៅជាង ៥៣លានដុល្លារអាមេរិក សម្រាប់ការបង់ពន្ធទៅឲ្យអឺរ៉ុបក្នុងឆ្នាំដំបូងនេះ។
បើទោះជាមានពេលខ្លះ លោក ហ៊ុន សែន បានប្រកាសក្តែងៗពីការមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ច និងធ្វើជាឌឺដងឲ្យសហគមន៍អន្តរជាតិប្រញាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបលោកឲ្យកាន់តែឆាប់នោះ នារយៈពេលចុងក្រោយនេះ លោកបានយកវត្តមាននៃគណបក្សប្រឆាំងនិងប្រជាធិបតេយ្យនៅកម្ពុជា ធ្វើជាចំណាប់ខ្មាំង ដោយលោកព្រមានថា បើអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា នោះលោកនឹងឈានទៅកម្ទេចបក្សប្រឆាំងឲ្យកាន់តែខ្លាំងបន្ថែមទៀត។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់ មានសកម្មជនបក្សប្រឆាំងម្នាក់ហើយ ត្រូវបានរបបនេះចាប់ខ្លួន ដោយសារតែបានបញ្ចេញមតិនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីអឺរ៉ុបយកពន្ធនេះ។
គ្រាន់តែបើឆាកឆ្នាំ២០១៩ មិនទាន់បានរយៈពេល ១ខែស្រួលបួលផង របបក្រុងភ្នំពេញ ចាប់ផ្ដើមទទួលរងនូវសម្ពាធអន្តរជាតិជាទណ្ឌកម្មសេដ្ឋកិច្ច បណ្តើរៗហើយ ដែលអ្នកវិភាគចាត់ទុកថា របបនេះកំពុងត្រូវបានយីអ៊ុនដាក់អារក្ខជាន់ផ្ទួនៗ ដោយសារតែបានបំផ្លាញប្រជាធិបតេយ្យតាមរយៈការប្លន់ និងសម្លាប់ឆន្ទៈរាស្ត្រខ្មែរជិតកន្លះនគររួចមក។ បើទោះជាសំណុំរឿងយកពន្ធលើអង្ករនេះ ជាសំណុំរឿងមួយផ្សេងដាច់ដោយឡែកពីចំណាត់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA ក៏ដោយ ក៏ប៉ុន្តែការគិតពន្ធលើអង្ករនេះ កំពុងក្លាយជាបន្ទុកថ្មីមួយបន្ថែមទៀតសម្រាប់របបក្រុងភ្នំពេញ ដែលត្រូវដោះស្រាយនៅចំពោះមុខមិនអាចមើលរំលងបាន ព្រោះថាភាគច្រើនលើសលប់នៃពលរដ្ឋខ្មែរជាកសិករ ខណៈដែលពួកគេអាចនឹងងើបតវ៉ា ឬបះបោរឡើង ប្រសិនបើរបបនេះពុំអាចស្វែងរកទីផ្សារស្រូវអង្ករជូនពួកគេបាន៕