ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា កម្ពុជា​អាច​នឹងខ្វះ​កម្លាំង​ពលកម្ម ប្រសិន​បើ​លំហូរ​ចំណាក​ស្រុក​នៅ​តែ​កើត​មាន​ឡើង ដោយ​គ្មាន​វិធានការ​ទប់ស្កាត់

ដោយ សន ចាន់រដ្ឋា
2018-04-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​រង់ចាំ​ឆ្លង​ទៅ​ប្រទេស​ថៃ នៅ​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​រង់ចាំ​ឆ្លង​ទៅ​ប្រទេស​ថៃ នៅ​ច្រក​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋនៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម និង សង្គម​ស៊ីវិលផង លើក​ឡើង​ថា​កម្ពុជា អាច​នឹង​ប្រឈម​កង្វះ​កម្លាំង​ពលកម្ម​ក្នុងស្រុក ពិសេស​កង្វះ​កម្លាំង​បម្រើ​ការងារ​នៅ​តាម​មូលដ្ឋាន​ក្នុង​វិស័យ​កសិកម្ម​នៅ​ពេល​ខាង​មុខ។ ការ​លើក​ឡើង​នេះ ដោយ​សារ​ពួក​គេ​កត់​សម្គាល់​ថា ចលនា​ចំណាក​ស្រុក​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កើត​មាន​កាន់​តែ​ច្រើន រីឯ​វិធានការ​ដោះស្រាយ​របស់​រដ្ឋ​នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​យល់​ថា មាន​កត្តា​មួយ​ចំនួន ដែល​អាច​រក្សា​ធនធាន​មនុស្ស ឬ​កម្លាំង​ពលកម្ម មិន​ឱ្យ​ចំណាក​ស្រុក​បន្ត​ទៀត គឺ​របប​លោក ហ៊ុន សែន ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ដូច​ជា ដោះ​ស្រាយ​បញ្ហា​តម្លៃ​កសិផល​ជា​ដើម។ លើស​ពី​នេះ ខិតខំ​ទាក់​ទាញ​វិនិយោគ​បរទេស​​ឱ្យ​បាន​ច្រើន ដែល​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ដល់​ពលរដ្ឋ​បន្ថែម​ទៀត។ របប​លោក ហ៊ុន សែន គប្បី ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅតំបន់​ដែល​មាន​ជម្លោះ​ និង ចាត់​វិធានការ​ចំពោះ​បទល្មើស​ផ្សេងៗ ដូចជា​បទល្មើស​នេសាទ បទល្មើស​ព្រៃ​ឈើ និង​សត្វព្រៃ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋ​គប្បី​ខិតខំ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ដល់​កសិករ។

កសិករ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក កម ស្រស់ មាន​ប្រសាសន៍​ថា ការ​ចំណាក​ស្រុក​នៅ​មូលដ្ឋាន​របស់​លោក​កើត​ឡើង​ដោយសារ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​មួយ​ចំនួន​ជួប​ការ​លំបាក ដូចជា ការ​ជំពាក់​បំណុល​ធនាគារ រីឯ​តម្លៃ​កសិផល​កសិកម្ម និង​កសិ-ឧស្សាហកម្ម ធ្លាក់​ចុះ​យ៉ាង​កំហុក។ ជាក់ស្តែង តម្លៃ​ម្រេច​នៅ​ឆ្នាំ​នេះ ធ្លាក់​មក​នៅ​មួយ​ម៉ឺន​រៀល (១០.០០០) ក្នុង​មួយ​គីឡូក្រាម។ ស្រប​ពេល​តម្លៃ​ម្រេច​កាល​ពី​ឆ្នាំ​មុនៗ កសិករ​អាច​លក់​បាន​ចន្លោះ​ពី ២​ម៉ឺន​រៀល ទៅ​ជាង ៤​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម។ រីឯ​តម្លៃ​ជ័រ​កៅស៊ូ​វិញ កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​ធ្លាប់​លក់​បាន​ក្នុង​ពីបួន​ពាន់​រៀល (.០០០) ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម បែរ​ជា​ធ្លាក់​មក​នៅ​ជាង​មួយ​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំ​២០១៨«សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ ចំពោះ​ក្រុមហ៊ុន​ដែល​ប៉ះពាល់​ដី​ពលរដ្ឋ​ប៉ុន្មាន​ឱ្យ​រដ្ឋាភិបាល​ចែក​ជូន​ពលរដ្ឋ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ។ ដំឡើង​ប្រាក់ខែ ក៏​ដូច​ជា​ជួយ​ឱ្យ​មាន​ទីផ្សារ ដូចជា​ដំឡូង​មី ឱ្យ​មាន​តម្លៃ ៤​រយ​រៀល ហើយ​ជ័រ​កៅស៊ូ មាន​តម្លៃ​បី​បួន​ពាន់​រៀល​អីចឹង»

ស្រដៀង​គ្នា​នេះ កសិករ​នៅ​ឃុំ​ត្រពាំង​ព្រីង​ស្រុក​តំបែរ លោក សែម ចំណាន លើក​ឡើង​ថា ពួក​គាត់​បារម្ភ​ចំពោះ​ស្ថានភាព​​​​ចំណាក​ស្រុក ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ លោក​បន្ត​ថា ពលរដ្ឋ​មួយ​ចំនួន​​ចាក​ចេញ​ពី​ភូមិ​កំណើត​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ដោយ​ខ្លះ​ទៅ​ស្រប​ច្បាប់ និង​ខ្លះ​ទៀត ចេញ​ទៅ​ដោយ​ប្រថុយប្រថាន​តែ​ម្តង។ លោក សែម ចំណាន បារម្ភ​ថា ប្រសិន​បើ​លំហូរ​ចំណាក​ស្រុក​នៅ​តែ​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​ដូច​ពេល​បច្ចុប្បន្ន ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា នឹង​ខ្វះ​កម្លាំង​ពលកម្ម ពិសេស​ខ្វះ​កម្លាំង​មនុស្ស​សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យកម្ម​នៅ​តាម​មូលដ្ឋាន​តែ​ម្តង«នៅ​ស្រុក​ខ្ញុំ​មុន​វា​មាន​ការងារ​ច្រើន​ដូចជា​ធ្វើ​ស្រែ​វស្សា​ស្រែ​ប្រាំង ហើយ​មួយ​ទៀត​យើង​ប្រកប​មុខ​របរ​ដូចជា​ស៊ី​ឈ្នួល​អ្នក​ក្នុង​ស្រុក»

ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ព្រីង មាន​ចំនួន​ជាង​បី​ពាន់​គ្រួសារ (.៥៨៣) ហើយ​ភាគ​ច្រើន​ពួក​គាត់​​មាន​មុខ​របរ​ធ្វើ​ស្រែ និង​ចម្ការ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នេះ គឺ​មាន​ប្រមាណ ៨០​ភាគរយ ជំពាក់​បំណុល​ធនាគារ។

ចំណែក​ពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក រ៉ែន រ៉ាន់ មើល​ឃើញ​ថា ចំនួន​ពលរដ្ឋ​ដែល​រស់​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ធំ ក៏​ចាប់​ផ្តើម​ចាកចោល​ស្រុក​កំណើត​ជា​បន្ត​បន្ទាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ឬ​ទៅ​រាជធានី​ភ្នំពេញ។ លោក​សង្កេត​ឃើញ​ថា ក្នុង​ភូមិ​របស់​លោក មិន​មាន​អ្នក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទេ ប៉ុន្តែ​ភូមិ​ផ្សេង គឺ​មាន​អ្នក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា មូលហេតុ​ចំណាក​ស្រុក ដោយសារ​ទិន្នផល​ត្រី​ក្នុង​បឹងកាន់​តែ​ថយ​ចុះ ហើយ​បទល្មើស​នៅ​តែ​កើត​មាន«សំណូមពរ​ដែល​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា គាត់​គួរ​តែ​ធ្វើ​អ្វី​មួយ ដូចជា​ឧទាហរណ៍​ជាក់ស្តែង​បទល្មើស​នេសាទ គាត់​គួរ​ធ្វើ​ម៉េច បំបាត់​អា​បទល្មើស​ហ្នឹង​ឱ្យ​អស់ ដើម្បី​ឱ្យ​ត្រី​កើន​ឡើងវិញ​សម្រាប់​ប្រជា​ពលរដ្ឋ​គាត់​រក»

របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញ​ថា​ ក្រសួង​បាន​ផ្តល់​សេវា​ជួយ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ជូន​ពលករ​ខ្មែរ​មាន​​ចំនួន​ជាង​មួយ​លាន​ពីរ​សែន​នាក់ (.២០០.០០០)។ ប្រទេស​ទាំង​នោះ រួម​មាន​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន​នាក់ (.០៥៦.៣៥៨) ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាង​បួន​ម៉ឺន​នាក់ (៤៤.២២៩) ប្រទេស​ម៉ាឡេស៊ី ប្រមាណ​បី​ម៉ឺន​នាក់ (៣០.០០០) ប្រទេស​ជប៉ុន មាន​ចំនួន​ប្រាំមួយ​ពាន់​នាក់ (.០០០) ប្រទេស​សិង្ហបុរី​ជិត ៥​រយ​នាក់ (៤៨៧) ព្រមទាំង​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង​ជាង ដប់​នាក់ (១៥)

ចំនួន​ទាំង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ចំនួន​ពលករ ដែល​ចាញ់​បោក​មេ​ខ្យល់ ឬ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស គឺ​ពុំ​មែន​មាន​តែ​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ទីផ្សារ​កម្លាំង​ពលកម្ម​របស់​កម្ពុជា ត្រូវ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​ថែម​ទៀត៖ «យើង​ហ្នឹង​បន្ត​ពង្រីក​ជាមួយ​ហ្នឹង​ទីផ្សារ​ការងារ របស់​យើង​នៅ​ក្រៅ​ប្រទេស។ ជាមួយ​ហ្នឹង ការ​ប្រកួត​ប្រជែង​ជា​មួយ​កម្មករ​នៃ​ប្រទេស​ដទៃ»

យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន ប្តេជ្ញា​ថា​នឹង​ខិត​ខំ​ពង្រឹក​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០១៨ របប​លោក ហ៊ុន សែន សម្រេច​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ ពី ១៥៣​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ ១៧០​ដុល្លារ​សហរដ្ឋ​អាមេរិក។

របាយការណ៍​របស់​ក្រសួង​ការងារ ដដែល​​កំណត់​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ គឺ​មាន ៩​ចំណុច ក្នុង​នោះ មាន​និយាយ​អំពី​ការ​ពង្រឹង​គុណភាព​កម្មវិធី​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​រយៈ​ពេល​ខ្លី និង​វែង ដើម្បី​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងា​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ឱ្យ​បាន​ទូលំទូលាយ។ បន្ថែម​ពី​នេះ លើក​កម្ពស់​ការ​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ជំរុញ​កិច្ច​សហការ​ជាមួយ​ប្រទេស​ជា​ដៃ​គូ ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម។

កន្លង​មក គេ​សង្កេត​ឃើញ​ថា ​មាន​ពលករ​មួយ​ចំនួន​​ត្រូវ​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ ដូចជា​មិន​អាច​ទ្រាំទ្រ​នឹង​​​ការងារ​បាន ហើយ​មាន​ពលករ​ខ្លះ​ទៀត ​ត្រូវ​ជួប​គ្រោះថ្នាក់​ការងារ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​ស្រុក​គេ។ ការ​ធ្វើ​ទារុណកម្ម​ ឬ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម ពី​សំណាក់​ថៅកែ ឬ​ម្ចាស់​ផ្ទះ​ដែល​ខ្លួន​បម្រើ ពិសេស​ពលករ​ដែល​​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់។

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា មាន​ពលករ​ជិតមួយ​រយ​នាក់​ហើយ ដែល​បាន​ជួយ​សង្គ្រោះ​ពី​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រទេស​ឡាវ ជាដើម និង​​បាន​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

ការ​ជួយ​សង្គ្រោះ​ពលករ​ទាំងនោះ ដោយសារ​ពួក​គាត់​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការងារ​ និង​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ហើយ​ខ្លះ​មិន​អាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​ក្រៅ​ប្រទេស​បាន​ផង​ដែរ។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូចជា​ប្រទេស​ថៃ​ជាដើម​នោះ ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​ជា​ប្រភេទ​កម្មករ​ជំនាញ មិនមែន​ភាគ​ច្រើន​ជា​ប្រភេទ​កម្មករ​ប្រើ​កម្លាំង​ ឬ​ជា​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ដូច​កម្ពុជា​ទេ។ លោក​ថា ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ក៏​មាន​ចំណុច​វិជ្ជមាន​ដែរ ដូចជា​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់ និង​មាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ប្រសិនបើ​ការ​ចំណាក​ស្រុក​នោះ​ធ្វើ​ឡើង​ដោយ​ស្របច្បាប់ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ក្រុមហ៊ុន ព្រមទាំង​រាជ​រដ្ឋាភិបាល។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្ម និង​ស្ថិត​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ផង ប្រសិន​បើ​ប្រទេស​មួយ​មិន​មាន​យន្តការ​គ្រប់គ្រង​កម្លាំង​ពលកម្ម​ច្បាស់លាស់ ប្រទេស​ដទៃ​នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​ប្រទេស​នោះ​ជាក់​ជា​មិន​ខាន។ លោក​មើល​ឃើញ​ថា ការ​វិនិយោគ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ធនធាន​មនុស្ស ​នៅ​មិន​ទាន់​ចំ​ទិសដៅ​នៅ​ឡើយ«បញ្ហា​ចំបង គឺ​វិស័យ​កសិកម្ម និង​វិស័យ​ផលិតផល ពី​ប្រទេស​កម្ពុជា ពិសេស​កម្លាំង​ពលកម្ម​ពី​ប្រទេស​កម្ពុជា គឺ​កាន់​តែ​ថយ​ចុះ​ទៅៗ នៅ​ក្នុង​ស្រុក ហើយ​វា​កាន់​តែ​កើន​ឡើង​នៃ​លំហូរ​ចំណាក​ស្រុក»

លោក ថេង សាវឿន យល់​ថា រដ្ឋ​គប្បី​រៀបចំ​ប្រព័ន្ធ​អប់រំ​មួយ ដោយ​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម ដែល​កំពុង​កើត​មាន​ឡើង។ លើស​ពី​នេះ រដ្ឋ​គប្បី​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​អភិវឌ្ឍន៍​សហគមន៍​ឱ្យ​បាន​ច្រើន ទាំង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម។ ជាង​នេះ​ទៀត ត្រូវ​ពង្រីក​អ្នក​មាន​ចំណេះ​ជំនាញ​ទៅ​តាម​ទី​ជនបទ​ឱ្យ​បាន​ច្រើន តាម​រយៈ​ផ្តល់​កញ្ចប់​ថវិកា​លើក​ទឹក​ចិត្ត​ និង​ការ​អភិវឌ្ឍន៍​ដល់​ពួក​គាត់។ រដ្ឋ​ត្រូវ​រៀបចំ និង​ស្តា​​ឡើង​វិញ នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ជូន​កសិករ​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល