សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ថ្លៃ​ដឹក​ជញ្ជូន

ដោយ អ៊ុំ រង្សី
2016-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រជា​កសិករ​លី​ស្រូវ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​ទិញ​តាម​ផ្ទះ​នៅ​ភូមិ​វត្តកណ្ដាល ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ថ្មី​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​យន្តការ​ទប់ស្កាត់​វិបត្តិ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​នោះ​ទេ កម្ពុជា មិន​ត្រឹម​តែ​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​មិន​អាច​គេច​ចេញ​ពី​ការ​ដួល​រលំ​ដែរ។ ទន្ទឹម​គ្នា​នេះ សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ បាន​ពន្លឿន​រដ្ឋាភិបាល​ដោះស្រាយ​ថ្លៃ​ដឹក​ជញ្ជូន​ស្រូវ​អង្ករ​ឲ្យ​បាន​ឆាប់។

សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ យល់​ថា ឧបសគ្គ​នៃ​ការ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តែ​ខ្វះ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​វិបត្តិ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​អង្ករ​របស់​កម្ពុជា មិន​អាច​ប្រកួត​ប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម។

ការ​លើក​ឡើង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី «ការ​អភិវឌ្ឍ​វិស័យ​ភស្តុភារកម្ម​នៅ​កម្ពុជា»

ករណី​នេះ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​ធ្លាក់​ចុះ មក​ពី​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ដើម​ដឹក​ជញ្ជូន​ខ្ពស់​ចាប់​ពី ២៥​ដុល្លារ​ទៅ ៣០​ដុល្លារ​ក្នុង​មួយ​តោន បើ​ធៀប​នឹង​ប្រទេស​ថៃ និង​វៀតណាម ដែល​ចំណាយ​ត្រឹម​តែ​ជាង ១០​ដុល្លារ​ប៉ុណ្ណោះ។ លោក​ថា បញ្ហា​នេះ​កំពុង​បន្ត​គំរាម​កំហែង​ដល់​ដំណើរ​ការ​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​មាន​ភាព​យឺតយ៉ាវ និង​ធ្លាក់​ចុះ។

លោក​បន្ត​ថា ប្រសិន​ជា​គ្មាន​ការ​គិតគូរ​បាន​ទាន់​ពេល​នោះ​ទេ ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​នេះ វា​មិន​ត្រឹម​តែ​បន្ត​គំរាម​កំហែង​ដល់​ការ​រីក​លូតលាស់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាម​កំហែង​ដល់​ទីផ្សារ​ស្រូវ​កសិករ និង​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ផង​ដែរ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រូប​នេះ សុំ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពន្លឿន​ដោះស្រាយ​ថ្លៃ​ដឹក​ជញ្ជូន ព្រម​ទាំង​រៀប​ផែនការ​ស្ដារ​ផ្លូវ​រថភ្លើង និង​ស្ដារ​ផ្លូវ​ទឹក​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ចំណាយ​បាន​ច្រើន​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ៖ «នៅ​ពេល​ដែល​ថ្លៃ​ដើម​ដឹក​ជញ្ជូន​ខ្ពស់ និង​ផលិត​ខ្ពស់ ធ្វើ​ឲ្យ​លក់​តម្លៃ​ប្រហាក់ប្រហែល​គេ គឺ​ប្រាក់​ចំណេញ​របស់​យើង​បាន​ទាប​ជាង​គេ អត់​សូវ​ចំណេញ​ច្រើន​ដល់​អ្នក​រក​ស៊ី និង​កសិករ​របស់​យើង តែ​បើ​មាន​ដំណោះស្រាយ​ប្រសិទ្ធភាព​ណា​មួយ​ជួយ​ឲ្យ​កសិករ និង​អ្នក​រក​ស៊ី​មាន​កម្លាំង​ចិត្ត ពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ច​មួយ​កម្រិត»

ទន្ទឹម​គ្នា​នេះ​ដែរ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ពន្លឿន​ការ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​ផលិតផល​អង្ករ​កម្ពុជា អាច​ឆ្លង​កាត់​កំពង់ផែ​របស់​ថៃ បាន ដែល​សហព័ន្ធ និង​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជឿ​ថា ថ្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​អង្ករ​នឹង​ធ្លាក់​ចុះ​យ៉ាង​ហោច ២០​ដុល្លារ​ក្នុង​មួយ​តោន។

ឆ្លើយតប​នឹង​ការ​ស្នើសុំ​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ផ្លូវ​ត​ភ្ជាប់​ទាំង​ផ្លូវ​ទឹក ផ្លូវ​គោក និង​ផ្លូវ​ដែក​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​លើក​សំណើ​វិនិយោគ​មក​កាន់​ក្រសួង ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ផ្លូវ​ល្បឿន​លឿន​មួយ​ចំនួន​ទៀត។

បន្ថែម​ពី​នេះ ក្រសួង​សាធារណការ នឹង​ស្ដារ​ផ្លូវ​ដែក​ឡើង​វិញ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ តភ្ជាប់​នឹង​ប្រទេស​ថៃ នឹង​រួច​រាល់​សម្រាប់​ភ្ជាប់​ប្រទេស​ទាំង​ពីរ​នៅ​ចុង​ឆ្នាំ​នេះ ដោយ​ភ្ជាប់​ពី​ប៉ោយប៉ែត មក​ដល់​ខេត្ត​បាត់ដំបង ខណៈ​ក្រសួង​នឹង​ពង្រីក​ផែនការ​សេវាកម្ម​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៃ​ការ​រីក​ចម្រើន​ផ្នែក​ដឹក​ជញ្ជូន។

ទាក់ទិន​នឹង​ការ​ស្នើសុំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ពន្លឿន​ការ​ចរចា​ជាមួយ​ភាគី​ថៃ នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ទិសដៅ​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត។ កញ្ញា​ថា ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​ថៃ នឹង​រៀបចំ​កិច្ច​ប្រជុំ​ពី​បញ្ហា​នេះ​ឆាប់ៗ៖ «សំណើ​ដែល​គាត់​ដាក់​មក គឺ​វា​ស្រប​ជាមួយ​ទិសដៅ​ក្រសួង​ពាណិជ្ជកម្ម។ ហេតុ​នេះ គាត់​នឹង​អាច​មាន​សង្ឃឹម ព្រោះ​ក្រសួង​ពាណិជ្ជកម្ម កំពុង​ខិតខំ​ដោះស្រាយ​នេះ ព្រម​ទាំង​នឹង​លើក​យក​សំណើ​នេះ​ទៅ​ជជែក​ជាមួយ​ប្រទេស​ថៃ»

យ៉ាង​ណា សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ក្រៅ​ពី​ពន្លឿន​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​ថ្លៃ​ដឹក​ជញ្ជូន​អង្ករ សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ត្រៀម​កញ្ចប់​ទុន​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ​របស់​ប្រជា​កសិករ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។ ជាង​នេះ​ទៀត ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ណា​បណ្ដែតបណ្ដោយ​ឲ្យ​អង្ករ​របស់​ប្រទេស​ជិត​ខាង ជាពិសេស​ប្រទេស​វៀតណាម នាំ​ចូល​មក​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ៊ុន សុវឌ្ឍ កសិករខេត្តកំពង់ឆ្នាំង

ពី ខេត្តកំពង់ឆ្នាំង

តើរាជរដ្ឋាភិបាលមានកត្តាជំរុញអ្វីខ្លះដើម្បីអោយផលិតផលស្រូវនៅកម្ពុជាមានតំលៃកើនឡើងនៅពេលស្រូវប្រាំងប្រមូលផល? តើហេតុអ្វីនៅពេលស្រូវប្រាំងប្រមូលផលមានតំលៃទាប? សូមអរគុណ!!!

Dec 07, 2016 08:25 PM

គេហទំព័រ​ទាំងមូល