ពលរដ្ឋ​តំបន់​អារ៉ែង​បារម្ភ​ពី​ការ​បាត់​ចំណូល​នៅ​ថ្ងៃចូល​ឆ្នាំ ព្រោះ​គ្មាន​ទេសចរ​ទាក់​ទង​ទៅ​ពួក​គាត់

ដោយ តាំង សារ៉ាដា
2018-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វ៉ែន វ៉ន តំណាង​សហគមន៍​ជនជាតិ​ជង នៅ​តំបន់​អារ៉ែង ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ផ្ទះ​សហគមន៍ នៅ​តំបន់​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០១៥។
លោក វ៉ែន វ៉ន តំណាង​សហគមន៍​ជនជាតិ​ជង នៅ​តំបន់​អារ៉ែង ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ផ្ទះ​សហគមន៍ នៅ​តំបន់​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០១៥។
Photo: RFA

ប្រជាសហគមន៍​តំបន់​អារ៉ែងសម្តែង​ក្តីព្រួយ​បារម្ភ​ខ្លាច​​បាត់​បង់​ចំណូល​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​ខាង​មុខ ដោយសារ​តែ​គ្មាន​ភ្ញៀវ​ទេសចរ​ទាក់ទង​ទៅ​ពួក​គាត់​ដើម្បី​ឱ្យ​រៀប​ចំ​ដំណើរ​កម្សាន្ត​នៅ​តំបន់​នោះ ​ ស្រប​ពេល​​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​មក​ដល់​។ សកម្មជន​បរិស្ថានជំរុញ​ឱ្យ​ពលរដ្ឋ​​ខ្មែរ​ដែល​​មិន​ទាន់​មាន​គម្រោង​ក្នុង​ឱកាសចូល​ឆ្នាំ​ថ្មី​ ឱ្យ​ទៅកម្សាន្ត​នៅ​តំបន់​អារ៉ែង​ ដើម្បីទស្សនា​​ទេសភាព​​​ដ៏​ស្រស់​ត្រកាល​នៅ​តំបន់​នោះ មុន​ពេល​ដែល​វា​​ត្រូវ​បាន​គេ​កែច្នៃ ឬ​អភិវឌ្ឍទៅ​​ថ្ងៃមុខ​។

ប្រធានសហគមន៍​​ព្រៃឈើ​ជំនាប់ លោក វ៉ែន វ៉ន កត់សម្គាល់​ថា ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​តំបន់​អារ៉ែង​តាម​រយៈ​​សហគមន៍ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​ការ​ធ្លាក់ចុះ​ ព្រោះ​ពិធី​បុណ្យ​​កាន់​តែ​កៀក​ណាស់​ទៅ​ហើយ ប៉ុន្តែ​​មិន​ទាន់​ឃើញ​មាន​ភ្ញៀវ​ទេសចរ​​​ទាក់​ទង​មក​ខាង​សហគមន៍​នៅ​ឡើយ​ ខុសពី​ឆ្នាំ​មុន​ៗ ដែល​ភ្ញៀវ​ទេសចរ​បាន​ទាក់​ទង​មក​សហគមន៍​ឱ្យ​រៀបចំ​​​ដំណើរ​កម្សាន្តសម្រាប់​ពួក​​គេ​ក្នុង​តំបន់​អារ៉ែង​ តាំង​ពី​មួយ​ខែ ឬ​ពីរសប្តាហ៍​មុន​ថ្ងៃ​ចូល​ឆ្នាំម្ល៉េះ៖ «ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​នេះ អាច​នឹង​មាន​ច្រើន​ តែ​ប្រហែល​ជា​គេ​មក​ជា​លក្ខណៈ​ឯកជន​ បើលក្ខណៈ​ជា​ក្រុម​ ខ្ញុំ​គិត​ថា មិន​សូវ​មាន​ទេ ឬ​ក៏​គេ​មិន​ទាន់​ទាក់​ទង​មក​។ ​យើង​បារម្ភ​ថា​តំបន់​យើង​អាច​នឹង​អត់​មាន​ភ្ញៀវ​ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ​កាន់​តែ​តិច​។ នេះ​ជាការ​បារម្ភ​របស់​សហគមន៍​យើង»

លោក​បញ្ជាក់​ថា កាល​ពី​​ឆ្នាំ​មុន​ មាន​អ្នក​ទេសចរប្រមាណ ១០០​នាក់ បាន​ទៅកម្សាន្ត​នៅ​តំបន់​​អារ៉ែងក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ និង​បាន​ពឹង​ពាក់​ឱ្យ​សហគមន៍​ជា​អ្នក​ជួយ​រៀប​ចំ​ដំណើ​រកម្សាន្ត​នៅ​តំបន់​នោះ​ ធ្វើ​ឱ្យ​ពួក​គាត់​អាច​​រក​ចំណូល​បាន​ពី​សកម្មភាព​ទេសចរ​នោះ។ លោក​ថា​ចំណូល​ទាំង​នេះ ខាង​សហគមន៍​បាន​ចាត់​ចែង​​សម្រាប់​ការ​អភិវឌ្ឍមូលដ្ឋាន​ ជួយ​ទំនុក​បម្រុង​ដល់​ជន​ខ្វះ​ខាត និង​អ្នក​គ្មាន​ទីពឹង​ក្នុង​សហគមន៍​ ព្រម​ទាំង​មួយ​ផ្នែក​ទៀតទុក​​សម្រាប់​ឧបត្ថម្ភ​ការ​សិក្សា​របស់​កុមារ​នៅក្នុង​ភូមិ៖ «នៅ​ពេល​គាត់​ចូល​មក​ គាត់​បាន​ចំណូល​ដល់​សហគមន៍​យើងដូច​រាល់​ដង​អញ្ចឹង​ គឺសេវា​ស្នាក់​នៅ សេវា​ម៉ូតូ​ឌុប ថ្លៃ​អាហារ​ផ្សេងៗ ហើយ​ពួក​គាត់​ក៏​បាន​ចូល​រួម​ដូច​ជា ស្រង់​ទឹក​មនុស្ស​ចាស់ និង​កម្មវិធី​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ ព្រមទាំង​កម្មវិធី​ល្បែងកម្សាន្ត​ផ្សេងៗ​ដែល​ពួក​យើង​លេង គាត់​បាន​ចូល​រួម​ជា​មួយ​ពួក​យើង។ អញ្ចឹង​វា​បង្កើត​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល»

តំបន់​អារ៉ែង​លាត​សន្ធឹង​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ គ្របដណ្តប់​លើ​ផ្ទៃដី​នៃ​ឃុំ​ចំនួន ៤ គឺ​ឃុំ​ចំណារ ឃុំ​ប្រឡាយ ឃុំ​ជំនាប់ និង​ឃុំ​ថ្មដូន​ពៅ នៃ​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង។ តំបន់​នោះ​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​សម្បូរបែប ដូចជា ព្រៃ​ឈើ សត្វព្រៃ​កម្រ និង​ទឹក​ធ្លាក់​ជា​ច្រើន​កន្លែង ដែល​អំណោយ​ផល​ដល់​វិស័យ​ទេសចរណ៍។ អ្នក​ដែល​ធ្លាប់​ទៅ​ដល់​តំបន់​នោះ​មួយ​ចំនួន​ តែង​ពោល​សរសើរ​ថា តំបន់​អារ៉ែង​នេះ​ ជា​តំបន់​ទេសចរ​ធម្មជាតិ​ល្អ​ផ្តាច់​គេ​នៅ​កម្ពុជា។

ប្រធានសហគមន៍​​ព្រៃឈើ​ជំនាប់ លោក វ៉ែន វ៉ន ថ្លែងទៀត​​ថា នៅ​ឱកាស​ឆ្នាំថ្មី​នេះ សហគមន៍​តំបន់​អារ៉ែង​បាន​រៀបចំ​កម្ម​វិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ។ លោក​អំពាវនាវ​ដល់​អ្នក​ទេសចរ ដែល​ចូល​ចិត្ត​ដំណើរកម្សាន្ត​​ផ្សង​ព្រេង​ក្នុង​ព្រៃ​ធម្មជាតិ ចូល​ចិត្ត​លេង​ទឹកធ្លាក់ និង​ចង់​ឃើញ​ប្រភេទ​សត្វ​ព្រៃ​កម្រ​ជា​ដើម​ ឱ្យ​មក​ទស្សនា​តំបន់​អារ៉ែង​នៅ​ក្នុង​ថ្ងៃចូល​ឆ្នាំ​ខាង​មុខ​នេះ៖ «ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​មកលេង​នៅ​តំបន់​អារ៉ែង​ឱ្យ​បាន​ច្រើន​ ប៉ុន្តែ​ក៏​វា​ទាក់​ទង​នឹង​សេវាកម្ម​របស់​យើង​ដែរ។ ក្នុង​ករណី​មានការ​ខ្វះ​ខាត​សម្ភារៈ​អ្វីផ្សេងៗ​នោះ ពួក​យើង​សូម​អភ័យ​ទោស ព្រោះតំបន់​របស់​ពួក​យើង​មិន​មាន​ធន​ធាន​គ្រប់គ្រាន់​ដើម្បី​រៀប​ចំ​សម្ភារៈ​ទំនើបៗ។ អញ្ចឹង​សង្ឃឹម​ថា ពួក​គាត់​មក​តំបន់​នេះ គឺ​មាន​ការ​អធ្យាស្រ័យ​ខ្ពស់​ និង​ជា​លក្ខណៈ​ផ្សង​ព្រេង ដូ​ចជា​ ការ​ចូល​ព្រៃ និង​មក​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច»

សកម្មជន​បរិស្ថាន​ អ្នក​នាង​ លីម គមស័រ​ សន្និដ្ឋាន​ថា មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅតំបន់​អារ៉ែង​នៅ​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី​នេះ អាច​ដោយ​សារ​ភ្ញៀវ​មួយ​ចំនួន​ធ្លាប់​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​រួច​ហើយ ដូច្នេះ​ពួក​គេ​ក៏​​ប្តូរ​ទិសដៅ​ទៅក​ម្សាន្ត​នៅ​កន្លែង​ផ្សេង​វិញ ឬ​មួយ​ក៏​ដោយសារ​ភ្ញៀវ​ខ្លះ​អាច​ទៅ​​កម្សាន្ត​តាម​រយៈ​ក្រុមហ៊ុន​ទេសចរ​ក៏​ថា​បាន។ សកម្មជន​បរិស្ថាន​រូប​នេះ​​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​មាន​គម្រោង​ទៅ​កម្សាន្ត​​​នៅ​កន្លែង​ណា​ទេ​នោះ ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ និង​ទៅ​កម្សាន្ត​នៅ​តំបន់​អារ៉ែង​ ដោយ​សារ​នៅ​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើ​ឱ្យ​រុក្ខ​ជាតិ និង​ដើម​ឈើ​មាន​ពណ៌​បៃតង​ស្រស់ ទឹក​ធ្លាក់ក៏​មាន​សម​ល្មម ហើយ​ផ្លូវ​ថ្នល់​ចូល​ទៅ​តំបន់​នោះ​វិញ​ ក៏​ស្អាត​ជាង​មុន​ដែរ​ ដែល​អំណោយ​ផល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ៖ «កន្លែង​ដើរ​លេងពី​មួយ​កន្លែង​ទៅ​មួ​យកន្លែង​ គឺ​ត្រូវ​ការ​អ្នក​ភូមិ​ជូន​ ព្រោះ​វា​ចូល​ទៅ​ព្រៃ​រាង​ជ្រៅ​ដែរ។ ជិត​បំផុត​ក៏​ពី ៤ ទៅ​ ៥​គីឡូម៉ែត្រ​ដែរ។ ដូច្នេះ​បើ​យើង​ទៅ​លេង​ដោយ​មិន​មាន​អ្នក​ភូមិ​ជូន​ទេ វា​អត់​សប្បាយ ហើយ​​យើង​អត់​បាន​ទៅ​ដល់​តំបន់​ទេសចរណ៍​ចំ​តែ​ម្ត​ង​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត កាល​ណា​យើង​ឱ្យ​អ្នក​ភូមិ​ជូន​ យើង​បាន​ផ្តល់​ចំណូល​មួយ​ចំណែក​ដល់​អ្នក​ភូមិ​ដែរ។ អញ្ចឹង​ឱ្យ​គាត់​ទទួល​បា​នចំណូល​ផង​ ហើយ​អ្វី​ដែល​សំខាន់​ទៀត​ គឺ​នៅ​ទីនោះ ប្រសិន​បើ​គាត់​អត់​ប្រាប់​អ្នក​ភូមិ​មុន​ទេ គឺ​អត់​មាន​អី​ញ៉ាំ​ទេ។ ដូច្នេះ​គាត់​គួរតែទាក់​ទង​អ្នក​ភូមិ​មុន​ ដើម្បី​ឱ្យ​អ្នក​ភូមិ​ត្រៀម​អាហារ​សម្រាប់​ពួក​គាត់»

ការព្រួយ​បារម្ភ​អំពី​ការ​បាត់​ចំណូល​ដោយសារ​ការធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គឺជា​បញ្ហា​មួ​យ​ហើយសម្រាប់​ពលរដ្ឋ​តំបន់​អារ៉ែង​ ប៉ុន្តែ​បញ្ហា​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ គឺ​ការតម្រូវ​ឱ្យពួ​ក​គាត់​​រុះ​រើ​ស្នាក់​ការ​សហគមន៍​ចេញ ​​នៅ​មុន​ថ្ងៃ​ទី​២៥ មេសា។

រហូត​មក​​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​ឃុំ​ជំនាប់​នៅ​តែ​អះអាង​ថា ឃុំ​ត្រូវ​ការ​ដី​នោះ​មក​សាងសង់​សាលា​ឃុំ និង​តម្រូវ​ឱ្យពលរដ្ឋ​រុះ​រើ​ស្នាក់​ការ​នោះ​ចេញ​ដដែល​។ ចំណែក​ខាង​ប្រជា​សហគមន៍​​វិញ ប្រកាន់​ជំហរ​មិន​ឱ្យ​មាន​ការ​រុះ​រើ​ស្នាក់​ការ​សហគមន៍​នោះ​ជា​ដាច់​ខាត ព្រោះ​ពួក​គាត់​យល់​ថា ស្នាក់ការ​នោះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ ហើយ​ពួក​គាត់​កំពុង​តែ​រៀបចំ​​លិខិត​ដាក់​ទៅ​សាលា​ស្រុក​ថ្មបាំង​ ដើម្បី​​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ជំនាប់ ដើម្បី​រក្សា​ទុក​ស្នាក់ការ​សហគមន៍​នោះ​​​ឱ្យ​នៅ​ដដែល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល