រដ្ឋាភិបាល​សម្រេច​លើក​លែង​ទិដ្ឋាការ​ដល់​អ្នក​វិនិយោគ​ចិន​និង​កូរ៉េ​រយៈពេល​យូរ

ដោយ អ៊ុង សេរីវុទ្ធ
2016-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​ស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​អន្តរជាតិ យល់​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​លើកលែង​ថ្លៃ​ទិដ្ឋាការ​ដល់​អ្នក​វិនិយោគ​ចិន និង​កូរ៉េ ក្នុង​រយៈពេល​យូរ​ ជា​រឿង​ល្អ ដើម្បី​លើក​ទឹកចិត្ត​អ្នក​វិនិយោគ​ចូល​មក​រក​ស៊ី​នៅ​កម្ពុជា។

ចាប់​ពី​ថ្ងៃ​នេះ​តទៅ អ្នក​វិនិយោគ​ជនជាតិ​ចិន និង​កូរ៉េ នឹង​ត្រូវ​អនុគ្រោះ​ទិដ្ឋាការ​ចូល​រកស៊ី​នៅ​កម្ពុជា ជា​ច្រើន​ដង ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ទិដ្ឋាការ​តែ​១​ដង បន្ទាប់​ពី​នោះ ពួកគេ​ពុំ​ចាំ​បាច់​ស្នើ​ទិដ្ឋាការ​ថ្មី និង​បង់​ថ្លៃ​សេវា​ទៀត​ឡើយ។

កាល​ថ្ងៃ​ទី​១ ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា-ចិន នា​រាជធានី​ភ្នំពេញ​ថា សម្រាប់​អ្នក​វិនិយោគ​ចិន និង​កូរ៉េ ដែល​កាន់​លិខិត​ឆ្លង​ដែន​ធម្មតា នឹង​អាច​ចេញ​ចូល​កម្ពុជា​បាន​ច្រើន​ដង ដោយ​គ្រាន់​តែ​វាយ​ត្រា​ចេញ​ចូល​កម្ពុជា​ ៖ «សួរ​ថា​រយៈពេល​វែង​នោះ គឺ​រយៈពេល​ប៉ុន្មាន? ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ថា សូម​ជូន​៣ឆ្នាំ»។

អ្នក​ស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន យល់​ថា ការ​លើកលែង​ថ្លៃ​ទិដ្ឋាការ​ដល់​អ្នក​វិនិយោគ​ចិន និង​កូរ៉េ មក​កម្ពុជា​នៅ​ពេល​នេះ ជា​រឿង​ល្អ ហើយ​លោក​ជឿ​ថា អ្នក​វិនិយោគ​ពី​ប្រទេស​ដទៃ​ទៀត ក៏​ចង់​បាន​ការ​លើកលែង​ទិដ្ឋាការ​ដូចគ្នា​នេះ​ដែរ៖ «សម្រាប់​ទស្សនៈ​ខ្ញុំ​យល់​ថា រឿង​ហ្នឹង​គឺ​ជា​រឿង​ល្អ​វិជ្ជមាន ព្រោះ​ផល​ចំណេញ​ដែល​យើង​(កម្ពុជា) ទទួល​បាន​ពី​ការ​យក​ថ្លៃ​ទិដ្ឋាការ​ពី​វិនិយោគិន​ចិន និង​កូរ៉េ​នឹង គឺ​តិច​តួច​ទេ។ ប៉ុន្តែ​បើ​សិន​យើង​អាច​ផ្ដល់​នូវ​ទិដ្ឋាការ​ឲ្យ​ពួកគាត់​រយៈពេល​វែង ជាពិសេស​អ្នក​វិនិយោគទុន​នឹង គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ ហើយ​មាន​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​វិនិយោគទុន​ពី​បរទេស»។

ចំណែក​ប្រធាន​ក្រុម​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ​យល់​ថា ការ​លើកលែង​ទិដ្ឋាការ​នេះ មិន​ខុស​ទាស់​ទេ។ លោក​លើក​ហេតុផល​ថា ប្រទេស​គេ​ភាគ​ច្រើន​អនុវត្ត​បែប​នេះ ព្រោះ​អ្នក​រក​ស៊ី​ធំៗ ត្រូវ​ការ​ស្នាក់​នៅ​យូរ៖ «យើង​គាំទ្រ មិន​មែន​គាំទ្រ​ទេ វា​ជា​នីតិវិធី​ដែល​ត្រូវ​ធ្វើ​យូរ​ហើយ។ យើង​ត្រូវ​ពិនិត្យ និង​មាន​គោលការណ៍​ច្បាប់ ឬ​នីតិវិធី​ច្បាស់លាស់ ដើម្បី​ដល់​អ្នក​វិនិយោគទុន តាម​កម្រិត​នៃ​ការ​វិនិយោគ​របស់​គេ នៅ​ក្នុង​ប្រទេស​យើង និង​ត្រូវ​មាន​នីតិវិធី​ឲ្យ​ច្បាស់។ ដូច្នេះ​មិន​ជា​អ្វី​ខុស​ទាស់​ទេ»។

បច្ចុប្បន្ន​ប្រទេស​ចិន ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​លោក ហ៊ុន សែន ថា កាល​ពី​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំ​២០១៤ មាន​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម កម្មន្តសាល ទេសចរណ៍ ថាមពល សំណង់ និង​ឧស្សាហកម្មហិរញ្ញវត្ថុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល